សេរីភាព (១៤)

ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​សមុទ្រ
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រាអែល​អោយ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហាហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។ ៣ ស្ដេច​ផារ៉ោន​នឹង​គិត​ថា អ្នក​រាល់​គ្នា​វង្វេង​វិលវល់​ក្នុង​តំបន់​នេះ មិន​អាច​ចេញ​ផុត​ពី​វាល​រហោស្ថាន​ឡើយ។ ៤ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ ផារ៉ោន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ យើង​នឹង​ទទួល​សិរីរុងរឿង ដោយ​វាយ​កំទេច​ស្ដេច​ផារ៉ោន និង​កងទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន

​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់»។ ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។

 មាន​គេ​ ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជាជន​អ៊ីស្រាអែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី ​បាន​ជា​ពួក​យើង​បណ្ដោយ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ ដូច្នេះ? តើ​បាន​នរណា​នៅ​បំរើ​ពួក​យើង?»។  ព្រះ​ចៅ​ផារ៉ោន​ក៏​អោយ​គេ​ទឹម​រទេះ ហើយ​នាំ​កងទ័ព​ចេញ​ដំណើរ​ទៅ​ជា​មួយ។ ស្ដេច​បាន​យក​រទេះ​ចំបាំង ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។ ព្រះអម្ចាស់​ ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប​មាន​ព្រះហឫទ័យ​មានះ ហើយ​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរីភាព។ កងទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន នាំ​គ្នា​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហាហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។

១០ កាល​ឃើញ​ព្រះចៅ​ផារ៉ោន និង​កងទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ភិតភ័យ​ជា​ខ្លាំង ហើយ​​​​​ស្រែក​អង្វរ​រក​ព្រះអម្ចាស់។ ១១ ពួក​គេ​ពោល​ទៅ​កាន់​លោក ​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​អោយ​មក​ស្លាប់​នៅ​វាល​រហោស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។ ១២ កាល​រស់​នៅ​ក្នុង​ស្រុក ​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​អោយ​ពួក​យើង​នៅ​បំរើ​ជន​ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បំរើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោស្ថាន​បែប​នេះ»។ ១៣ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជាជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអម្ចាស់​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន​ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​ត​ទៅ។ ១៤ ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ព្រះអម្ចាស់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។

១៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេ​តុ​​​​​​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​អោយ​ចេញ​ដំណើរ​ទៅ។ ១៦ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​អោយ​ញែក​ចេញ​ពី​គ្នា ដើម្បី​អោយ​កូន​ចៅ​អ៊ីស្រាអែល​ដើរ​តាម​បាត​សមុទ្រ។ ១៧ រីឯ​យើង​វិញ យើង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​សិរីរុងរឿង​របស់​យើង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច។ ១៨ នៅ​ពេល​យើង​សំដែង​ សិរីរុងរឿង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច នោះ​ជន​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់»។ ១៩ ទេវទូត*​របស់​ ព្រះជាម្ចាស់ ដែល​ពី​មុន​នៅ​ខាង​មុខ​ជន​ជាតិ​អ៊ីស្រាអែល បាន​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ រីឯ​ដុំ​ពពក*​ដែល​នៅ​ខាង​មុខ ក៏​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។ ២០ ដុំ​ពពក​នោះ​ស្ថិត​នៅ​ ចន្លោះ​កងទ័ព​អេស៊ីប និង​កងទ័ព​អ៊ីស្រាអែល។ ដុំ​ពពក​នោះ​ធ្វើ​អោយ​ងងឹត​ម្ខាង និង​ធ្វើ​អោយ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កងទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។

២១ លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ ព្រះអម្ចាស់​ធ្វើ​អោយ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ កើត​យ៉ាង​ខ្លាំង រុញ​​​ច្រាន​ទឹក​សមុទ្រ ធ្វើ​អោយ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ២២ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។ ២៣ កងទ័ព​អេស៊ីប ទាំង​សេះ​របស់​ព្រះចៅ​ផារ៉ោន ទាំង​រទេះ​ចំបាំង និង​ទ័ព​សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្ដាល​សមុទ្រ​ដែរ។ ២៤ លុះ​ពេល​ទៀប​ភ្លឺ​ព្រះអម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កងទ័ព​អេស៊ីប ធ្វើ​អោយ​កងទ័ព​នោះ​ជ្រួលច្របល់។ ២៥ ព្រះអង្គ​ធ្វើ​អោយ​រទេះ ​ចំបាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន​ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​អោយ​ឆ្ងាយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ទៅ ដ្បិត​ព្រះអម្ចាស់​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។

២៦ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ អោយ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន​ជាតិ​អេស៊ីប រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ពួក​គេ»។ ២៧ លោក​ម៉ូសេ​លើក​ដៃ​ តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន​ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិត​ព្រះអម្ចាស់​ធ្វើ​អោយ​ពួក​គេ​លិច​លង់​នៅ​កណ្ដាល​សមុទ្រ។ ២៨ ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចំបាំង ទ័ព​សេះ និង​កងទ័ព​ទាំង​មូល​របស់​ព្រះចៅ​ផារ៉ោន ដែល​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ ២៩ ចំណែក​ឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​អម​សង​ខាង​ពួក​គេ។

៣០ នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។ ជន​ជាតិ​អ៊ីស្រា​អែល​​​​ឃើញ​សាកសព​ជន​ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។ ៣១ ​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រហារ​ជន​ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា​ជន​កោត​ខ្លាច​ព្រះអម្ចាស់។ ពួក​គេ​ជឿ​លើ​ព្រះអម្ចាស់ និង​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។