សេរីភាព (០១)

ដំណើរឆ្ពោះទៅកាន់សេរីភាព
(និក្ខមនំ)
ព្រះជាម្ចាស់​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប

​ជន​ជាតិ​អ៊ីស្រាអែល​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប
 នេះ​ជា​បញ្ជី​រាយ​នាម​កូន ​ចៅ​អ៊ីស្រាអែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប​​ជា​មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​គឺ​មាន: ២ រូបេន ស៊ីម៉ូន លេវី យូដា ៣ អ៊ីសាកា សាប៊ូឡូន បេនយ៉ាមីន  ដាន់ ណែបថាលី កាដ និង​អេស៊ែរ។  ពូជពង្ស​របស់​លោក​យ៉ាកុប​មាន​ចំនួន​ទាំង​អស់ ​ចិត​សិប​នាក់។ រីឯ​លោក​យ៉ូសែប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។  ក្រោយ​មក លោក​យ៉ូសែប និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​កូន​ចៅ​របស់​លោក​យ៉ាកុប​មួយ​ជំនាន់​នោះ​បាន​ស្លាប់​អស់​ទៅ។ ​ ជន​ជាតិ​អ៊ីស្រាអែល​ បង្កើត​កូន​ចៅ​បន្ត​ពូជពង្ស​កើន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាសពេញ​ក្នុង​ស្រុក​អេស៊ីប។

 មាន​ស្ដេច​ថ្មី​មួយ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន​ជាតិ​អ៊ីស្រាអែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។ ១០ ដូច្នេះ យើង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ពួក​គេ កុំ​អោយ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ ១១ ជន​ជាតិ​អេស៊ីប​បាន​ តែងតាំង​មេ​ត្រួតត្រា​លើ​ជន​ជាតិ​អ៊ីស្រា​អែល ដើម្បី​បង្ខំ​ពួក​គេ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។ ជន​ជាតិ​អ៊ីស្រា​អែល​​សង់​ក្រុង​ពីតុម និង​ក្រុង​រ៉ាមសែស សំរាប់​ដាក់​ភោគ​ទ្រព្យ​របស់​ព្រះចៅ​ផារ៉ោន។ ១២ ប៉ុន្តែ ជន​ជាតិ​អេស៊ីប​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន​ជាតិ​អ៊ីស្រាអែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាសពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ជន​ជាតិ​អេស៊ីប​ភ័យ​ខ្លាច។ ១៣ ពេល​នោះ ជន​ជាតិ​អេស៊ីប​ចាត់​ទុក​ជន​ជាតិ​អ៊ីស្រាអែល​ជា​ទាសករ ហើយ​បង្ខិតបង្ខំ​អោយ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ។ ១៤ គេ​ធ្វើ​អោយ​ជន​ជាតិ​ អ៊ីស្រាអែល​វេទនា​ខ្លោចផ្សា គឺ​ប្រើ​អោយ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចំការ ពោល​គឺ​ប្រើ​អោយ​ធ្វើ​ការងារ​ដ៏​ធ្ងន់ធ្ងរ​គ្រប់​យ៉ាង។

ព្រះចៅ​ផារ៉ោន​ធ្វើ​ទុក្ខ​ទោស​ជន​ជាតិ​អ៊ីស្រាអែល
១៥ ស្ដេច​ស្រុក​អេស៊ីប​បញ្ជា​ទៅ​ឆ្មប​ពីរ​នាក់ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ម្នាក់​ឈ្មោះ​នាង​ពូអា ដែល​ជួយ​ស្ត្រី​ហេប្រឺ​ថា៖ ១៦ «កាល​ណា​អ្នក​បង្កើត​ កូន​អោយ​ស្ត្រី​ហេប្រឺ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន​បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល ប្រសិន​បើ​ជា​កូន​ស្រី ចូរ​ទុក​អោយ​វា​រស់​ចុះ»។ ១៧ ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​អោយ​កូន​ប្រុសៗ​នៅ​រស់​ដែរ។ ១៨ ស្ដេច​ស្រុក​អេស៊ីប​ក៏​ កោះ​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ ម្ដេច​ក៏​ទុក​អោយ​កូន​ប្រុសៗ​នៅ​រស់?»។ ១៩ ឆ្មប​ទាំង​ពីរ​ទូល​ ព្រះចៅ​ផារ៉ោន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹងប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សំរាល​កូន​រួច​ស្រេច​ទៅ​ហើយ»។ ២០ ព្រះជាម្ចាស់​ប្រទាន​ពរ​ឆ្មប​ទាំង​ពីរ។ ជន​ជាតិ​អ៊ីស្រាអែល​កើន​ចំនួន​ជា​ច្រើន ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង។ ២១ ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​ព្រះជាម្ចាស់ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​គ្រួសារ​របស់​គាត់​បាន​ចំរុង​ចំរើន។

២២ បន្ទាប់ ​មក ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​ដល់​ប្រជាជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ​ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​អោយ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។