មាតិកា

ដំណើរឆ្ពោះទៅកាន់សេរីភាព
(និក្ខមនំ)
ពាក្យលំនាំ

ក្នុងក័ណ្ឌ​«ដំណើរឆ្ពោះទៅកាន់សេរីភាព»​មានរៀបរាប់អំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែល​ជាប្រជារាស្ត្ររបស់ព្រះអង្គ។​ព្រះអង្គបង្ហាញអោយពួកគេស្គាល់ព្រះអង្គ​ដោយរំដោះពួកគេពីទាសភាព​នៅស្រុកអេស៊ីប  :​«យើងព្រះអម្ចាស់​ជាព្រះរបស់អ្នក!​យើងបាននាំអ្នកចេញពីស្រុកអេស៊ីប​ជាស្រុកដែល​អ្នកធ្វើជាទាសករ»  (សរ.  ២០.២)។​វិន័យទាំងដប់ប្រការក៏ជាគ្រឹះនៃសេរីភាពថ្មីនេះដែរ​គឺព្រះជាម្ចាស់​ដែលមានព្រះហឫទ័យមេត្តាករុណារំដោះជនជាតិយូដា​ទ្រង់សព្វព្រះហឫទ័យអោយពួកគេបង្ហាញសេចក្តី​ស្រឡាញ់ចំពោះព្រះអង្គ  ដោយប្រព្រឹត្តតាមវិន័យទាំងនេះ។​

ក្នុងក័ណ្ឌគម្ពីរ«ដំណើរឆ្ពោះទៅកាន់សេរីភាព»  មានរៀបរាប់អំពីព្រឹត្តិការណ៍ដូចតទៅ៖
•  ប្រជាជនអ៊ីស្រាអែលដែលភៀសខ្លួនទៅនៅស្រុកអេស៊ីប​បានកើនចំនួនឡើង​ប៉ុន្តែ​ពួកគេក្លាយ​ទៅជាទាសកររបស់ម្ចាស់ស្រុក។​ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេ​និង​ចាត់លោកអោយទៅរំដោះប្រជា​ជន​អ៊ីស្រាអែលចេញពីស្រុកអេស៊ីប    (១.១-១៥.២១)។
•  ព្រះជាម្ចាស់នាំអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថាន​  រហូតដល់ភ្នំស៉ីណៃ​(១៥.២២-១៨.២៧)។
•  ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយប្រជាជនអ៊ីស្រាអែល​(១៩.១-២៤.១៨)​គឺព្រះអង្គទទួលពួកគេ​ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ​ហើយពួកគេក៏ប្តេជ្ញាចិត្តគោរពបំរើព្រះអង្គទុកជាព្រះរបស់ពួកគេ​ដោយប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។​
•  ព្រះជាម្ចាស់ប្រទានបទបញ្ជាសំរាប់សង់ព្រះពន្លា  (២៥-៣១)។
•  ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប  ដោយគោរពថ្វាយបង្គំរូបកូនគោ​ព្រះអង្គដាក់ទោសពួកគេ​(៣២-៣៤)។
•  ជនជាតិអ៊ីស្រាអែលសង់ទីសក្ការៈ (៣៥-៤០)។

ព្រឹត្តិការណ៍ទាំងនេះកើតមាន  នៅសតវត្សទី  ១៣​មុន​គ.ស.​គឺក្នុងសម័យលោកម៉ូសេ។​តាំងពីជំនាន់​នោះរហូតដល់សតវត្ស​ទី    ១០​អ្នកស្រុកតែងតំណាលពីព្រឹត្តិការណ៍ទាំងនេះប្រាប់កូនចៅតៗគ្នា។​ក្រោយ​មក​ជនជាតិអ៊ីស្រាអែលបានកត់ត្រាព្រឹត្តិការណ៍ទាំងនោះ  ​ជាលាយលក្ខណ៍អក្សរ  បន្តបន្ទាប់គ្នា​ដោយ​មានបំណងចង់អប់រំជំនឿដល់ប្រជាជន​ដែលរស់នៅក្នុងជំនាន់របស់ពួកគេរៀងៗខ្លួន។​

សេចក្តីដែលមានចែងក្នុងក័ណ្ឌ​«ដំណើរឆ្ពោះទៅកាន់សេរីភាព»​នេះជួយអប់រំមនុស្សយើងអោយស្គាល់​ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ​និង​អោយស្គាល់គំរោងការរបស់ព្រះអង្គដែរ​គឺព្រះជាម្ចាស់បានជ្រើស​រើសប្រជាជនមួយ​ហើយណែនាំគេ​ដើម្បីរៀបចំផ្លូវថ្វាយព្រះយេស៊ូ  ដែលយាងមកចងសម្ពន្ធមេត្រីថ្មី  និង​សង្គ្រោះ​មនុស្ស​លោកទាំងអស់។​