មាតិកា

ព្រះនាងអេសធែរ
ពាក្យលំនាំ

គម្ពីរអេសធែររៀបរាប់អំពីរបៀបដែលជនជាតិយូដារួចផុតពីការប្រល័យពូជសាសន៍ ។ ​ហេតុការណ៍​នេះកើតមាននៅ​ជំនាន់​​ដែល​ចក្រភព​​ពែរ្សត្រួតត្រាលើមជ្ឈឹមបូព៌ាប្រទេស  គឺចាប់តាំងពីស្រុកឥណ្ឌា​រហូត​ដល់ស្រុកអេត្យូពី​ ។ ​ជនជាតិយូដាមួយចំនួន​ធំ   ដែល​ត្រូវ​គេកៀរ​​ទៅជាឈ្លើយ​សឹកនៅស្រុកបាប៊ីឡូន ​ពុំ​បានវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ  ​ក្រោយពេលជនជាតិ បាប៊ីឡូន​បែកស្រុក  (ឆ្នាំ  ​៥៣៩  មុន  គ.ស.)​នោះ​ឡើយ។ ​ជនជាតិយូដាទាំងនោះតែងជួបប្រទះនូវការប្រឆាំងពីសំណាក់ជាតិសាសន៍ផ្សេងៗ​ ដែលរស់នៅ​ជាមួយពួកគេ  ​ដ្បិតជនជាតិ យូដាមានជំនឿសាសនា​និង​ទំនៀមទម្លាប់ខុសប្លែកពីសាសន៍ដទៃ ។ ក័ណ្ឌ​គម្ពីរនេះរៀបរាប់ប្រាប់យើង​អំពីវិវាទរវាងលោក ហាម៉ាន់  ជាមហាមន្ត្រីរបស់ព្រះចៅស៊ែរសេស​ និង ​លោក​ម៉ាដេកាយ​ជាជនជាតិយូដា​ដែលបណ្តាលអោយមាន​គំរោងការ​ប្រល័យពូជសាសន៍យូដាទាំងមូល។​ ប៉ុន្តែ​នាងអេសធែរ​  ជាក្មួយរបស់លោក​ម៉ាដេកាយ  បានឡើងទៅជាមហាក្សត្រិយានី  ​ហើយ រំដោះជនជាតិ​យូដាអោយរួចផុតពីការប្រល័យ​ពូជសាសន៍​ ។ ​ថ្ងៃដែលគេគ្រោងទុកដើម្​បីប្រល័យពូជសាសន៍យូដា  បាន​ក្លាយ​ទៅជាថ្ងៃដែលជនជាតិយូដាប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនទៅវិញ ​ហើយថ្ងៃនោះ​  ជាដើម​កំណើតនៃពិធី​បុណ្យមួយរបស់ជន ជាតិ​យូដា  ឈ្មោះ  «បុណ្យពួរីម»​ ។

គម្ពីរអេសធែរបង្ហាញអោយយើងឃើញនូវគំនិតជាតិនិយមរបស់ជនជាតិយូដា  ​ ដែលជំរុញអោយពួក​គេមានបំណងសង​សឹក​ខ្មាំងសត្រូវរបស់ខ្លួន។ ​គំនិតសងសឹកនេះ  ជាប្រតិកម្មនឹងការប្រកាន់ពូជសាសន៍​ព្រមទាំងអំពើហឹង្សារបស់សាសន៍​ដទៃចំពោះ​ជន​ជាតិយូដា។ ​គម្ពីរអេសធែរធ្វើអោយយើងចងចាំថា​ការប្រកាន់ពូជសាសន៍​  ការមិនព្រមទទួលអ្នកដទៃ​បង្កអោយមានតែអំពើហឹង្សា  ​ហើយអំពើហឹង្សាបង្ក​អោយមានតែអំពើហឹង្សារឹតតែខ្លាំងថែមទៀត។

នៅជំនាន់មួយដែលជនជាតិយូដា​បាត់បង់បូរណភាពទឹកដី  ​ហើយស្ថិតនៅក្រោមអំណាចត្រួតត្រារបស់​សាសន៍ដទៃ​ពួកគេលែង​មាន​សង្ឃឹមថា​នឹងទទួលឯករាជជាតិទៀតហើយ។​ រឿង  «ព្រះនាងអេសធែរ»​រំលឹកពួកគេអំពីការរំដោះមួយ​ដ៏ធំធេង  ដែលផ្តល់​អោយ​ពួកគេមានសេចក្តីសង្ឃឹមឡើង​វិញ។