ព្រះនាង​អេសធែរ (០៧)

លោក​ហាម៉ាន់​ទទួល​ទោស​ដល់​ស្លាប់
 ព្រះរាជា និង​លោក​ហាម៉ាន់ បាន​ទៅ​ដល់ ហើយ​ជប់លៀង​ជា​មួយ​ព្រះមហាក្សត្រិយានី​អេសធែរ។ ២ នៅ​ថ្ងៃ​ទី​ពីរ​នោះ​ទៀត ពេល​កំពុង​សោយ​សុរា ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះនាង​អេសធែរ​ថា៖ «មហាក្សត្រិយានី​អេសធែរ​អើយ តើ​ព្រះនាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​អោយ​ដែរ»។ ៣ ព្រះនាង​អេសធែរ​ទូល​ ព្រះរាជា​ថា៖ «បពិត្រ​ព្រះរាជា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះហឫទ័យ​ព្រះករុណា​មែន ហើយ​ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ នោះ​សូម​ទ្រង់​មេត្តា​ទុក​ជីវិត​អោយ​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​ទុក​ជីវិត​អោយ​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ពរ​នេះ​ផង ៤ ដ្បិត​គេ​បាន​លក់​ខ្ញុំ​ ម្ចាស់ និង​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់ ដើម្បី​យក​ទៅ​ប្រល័យ​អោយ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស​ទាំង​ស្រី​ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំបាច់​អោយ​ព្រះរាជា​ខ្វល់​ខ្វាយ​ឡើយ»។

 ព្រះចៅ​ស៊ែរសេស​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះមហាក្សត្រិយានី​អេសធែរ​ថា៖ «តើ​នរណា​ដែល​មាន​ចិត្ត​ចង់​ធ្វើ​បែប​នេះ គេ​នៅ​ឯ​ណា?»។ ព្រះនាង​អេសធែរ​ទូល​ស្ដេច ​ថា៖ «បច្ចាមិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន់ ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន់​ស្លុត​ស្មារតី​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះរាជា និង​ព្រះមហាក្សត្រិយានី។ ព្រះរាជា​ទ្រង់​ព្រះពិរោធ ​យ៉ាង​ខ្លាំង ស្ដេច​យាង​ចេញ​ពី​កន្លែង​ជប់លៀង ឆ្ពោះ​ទៅ​ឧទ្យាន​នៃ​រាជវាំង។ រីឯ​លោក​ហាម៉ាន់​វិញ​លោក​នៅ​ទី​នោះ ទូលអង្វរ​ព្រះមហាក្ស​ត្រិ​យានី​អេសធែរ​សុំ​អោយ​បាន​រួច​ជីវិត ដ្បិត​លោក​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះរាជា​សំរេច​ធ្វើ​ទោស​លោក​ហើយ។ ព្រះរាជា​វិល​ពី​ឧទ្យាន​ ចូល​មក​ក្នុង​សាល​ជប់លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន់​ក្រាប​លើ​គ្រែ ដែល​ព្រះនាង​អេសធែរ​គង់​នៅ​លើ​នោះ។ ព្រះរាជា​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហាក្សត្រិយានី​នៅ​ចំពោះ​​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ព្រះរាជា​មាន​រាជឱង្ការ​មិន​ទាន់​ផុត​ផង ពួក​រាជ​បំរើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន់។ មហាតលិក​មួយ​រូប​ឈ្មោះ​ លោក​ហាបូណា​ទូល​ព្រះរាជា​ថា៖ «លោក​ហាម៉ាន់​សង់​បង្គោល​មួយ​កំពស់​ហាសិប​​ហត្ថ នៅ​វិមាន​របស់​លោក សំរាប់​ព្យួរ ក​លោក​ម៉ាដេកាយ​ជា​អ្នក​ដែល​បាន​រាយការណ៍ សង្គ្រោះ​ព្រះជន្ម​របស់​ព្រះករុ​ណា»​។ ព្រះរាជា​ក៏​បញ្ជា​ថា៖ «ចូរ​យក​លោក​ហាម៉ាន់​ទៅ​ព្យួរ ក​នៅ​បង្គោល​នោះ​ទៅ»។ ១០ គេ​ក៏​ព្យួរ​ក​លោក​ហាម៉ាន់​នៅ​បង្គោល​ដែល​លោក​បាន​រៀបចំ សំរាប់​លោក​ម៉ាដេកាយ។ ពេល​នោះ ព្រះរាជា​ក៏​ស្ងប់​ព្រះពិរោធ។