ព្រះនាង​អេសធែរ (០៥)

ព្រះនាង​អេសធែរ​ចូល​គាល់​ស្ដេច
 លុះ​ដល់​ថ្ងៃ​ទី​បី ព្រះនាង​អេសធែរ​ទ្រង់​គ្រឿង​សំរាប់​ព្រះមហាក្សត្រិយានី យាង​ចូល​ទៅ​គាល់​ស្ដេច​នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដែល​នៅ​ទល់​មុខ​នឹង​ដំណាក់​ឯ​ទៀតៗ។ ពេល​នោះ ព្រះរាជា​គង់​នៅ​លើ​បល្ល័ង្ក ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល។  ពេល​ព្រះរាជា​ទត​ឃើញ​ ព្រះមហាក្សត្រិយានី​ឈរ​នៅ​ក្នុង​សាល​នោះ ស្ដេច​ក៏​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ភ្លាម។ ស្ដេច​ហុច​ដំបង​មាស​ថ្វាយ​ព្រះនាង​អេសធែរ ព្រះនាង​អេសធែរ​ចូល​ទៅ​ជិត ហើយ​ពាល់​ចុង​ដំបង​នោះ។ ៣ ស្ដេច​មាន​រាជឱង្ការ​ថា៖ «មហាក្សត្រិយានី​អេសធែរ​អើយ តើ​ព្រះនាង​មាន​ការ​អ្វី? ព្រះនាង​ចង់​បាន​អ្វី យើង​ប្រទាន​អោយ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។ ៤ ព្រះនាង​អេសធែរ​ទូល​ស្ដេច ​ថា៖ «ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ សូម​ព្រះករុណា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង ដែល​ខ្ញុំ​ម្ចាស់​រៀបចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ម្ចាស់​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន់​ដែរ»។ ៥ ព្រះរាជា​ចេញ​បញ្ជា​អោយ​ គេ​ហៅ​លោក​ហាម៉ាន់​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង តាម​ការ​អញ្ជើញ​របស់​ព្រះនាង​អេសធែរ។ បន្ទាប់​មក​ព្រះរាជា និង​លោក​ហាម៉ាន់ ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ដែល​ព្រះនាង​អេសធែរ​បាន​រៀបចំ។ ៦ ក្នុង​ពេល​សោយ​សុរា ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះនាង​អេសធែរ​ថា៖ «តើ​មហាក្សត្រិយានី​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​អោយ​ដែរ»។ ៧ ព្រះនាង​អេសធែរ​ទូល​ស្ដេច​វិញ​ថា៖ «តើ​ព្រះករុណា​ចង់​ជ្រាប​ពី​សំណូម​ពរ ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ឬ? ៨ ប្រសិន​បើ​ព្រះករុណា​សព្វ ​ព្រះហឫទ័យ​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់​មែន សូម​ព្រះករុណា​ព្រម​ទាំង​លោក​ហាម៉ាន់ ស្ដេច​យាង និង​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់លៀង ដែល​ខ្ញុំ​ម្ចាស់​រៀបចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ព្រះករុណា អំពី​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់»។

 ថ្ងៃ​នោះ​ លោក​ហាម៉ាន់​ចាក​ចេញ​ទៅ​ដោយ​មាន​ចិត្ត​ត្រេក​អរ​សប្បាយ​រក​អ្វី​ប្រៀប​ស្មើ​ ពុំ​បាន។ លោក​ឃើញ​លោក​ម៉ាដេកាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ​លោក​ទេ។ ដូច្នេះ លោក​ហាម៉ាន់​ខឹង​នឹង​លោក​ម៉ាដេកាយ​ជា​ខ្លាំង។ ១០ លោក​ទប់​ចិត្ត​ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​អោយ​គេ​ហៅ​មិត្តភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរ៉េស ជា​ភរិយា​មក​ជួប។ ១១ លោក​ហាម៉ាន់​អួត​ប្រាប់​ ពួក​គេ​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​របស់​លោក ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​លោក​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ប្រទាន​អោយ​លោក​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។ ១២ លោក​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ព្រះរាជា និង​រូប​ខ្ញុំ​ផ្ទាល់ ព្រះមហាក្សត្រិយានី​អេសធែរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត អោយ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ដែល​ព្រះនាង​រៀបចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក ព្រះនាង​ក៏​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ជប់លៀង​ជា​មួយ​ព្រះរាជា​ទៀត។ ១៣ ទោះ​បី​មាន​កិត្តិយស​ យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេកាយ​ជា​ជន​ជាតិ​យូដា​ប្រចាំ​ការ​នៅ​មាត់​ ទ្វារ​វាំង»។ ១៤ ​លោក​​ស្រី​សេរ៉េស​ជា​ ភរិយា ព្រម​ទាំង​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​ពោល​ថា៖ «ចូរ​អោយ​គេ​ដំ​ឡើង​បង្គោល​មួយ កំពស់​ហាសិប​ហត្ថ ហើយ​ស្អែក​លោក​ទូល​សូម​ព្រះរាជា​ព្យួរ​ក​ម៉ាដេ​កាយ​​ទៅ។ ដូច្នេះ លោក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ជា​មួយ​ព្រះរាជា ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន់​ណាស់ លោក​ក៏​អោយ​គេ​ដំ​ឡើង​បង្គោល។