ព្រះនាង​អេសធែរ (០២)

នាង​អេសធែរ​ឡើង​ធ្វើ​ជា​ព្រះមហាក្សត្រិយានី
 ក្រោយ​ហេតុការណ៍​ទាំង​នោះមក ព្រះចៅ​ស៊ែរសេស​ស្ងប់​ព្រះពិរោធ ស្ដេច​នឹក​ដល់​ព្រះនាង​វ៉ាសធី និង​អំពើ​ដែល​ព្រះនាង​ប្រព្រឹត្ត ព្រម​ទាំង​សេចក្ដី​សំរេច​របស់​ស្ដេច​ចំពោះ​ព្រះនាង។ ២ ពួក​រាជ​បំរើ​ទូល​ស្ដេច​ថា៖ «សូម​អោយ​គេ​រក​ស្ត្រី​ព្រហ្មចារី ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត យក​មក​ថ្វាយ​ព្រះករុណា។  សូម​ព្រះករុណា​ចេញ​បញ្ជា​ អោយ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណាខេត្ត​ទាំង​អស់​ក្នុង​រាជាណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី​ក្នុង​រាជ​ធានី​ស៊ូសា។ សូម​អោយ​លោក​ហេកេ ដែល​ជា​មហាតលិក​របស់​ព្រះករុណា និង​ជា​អ្នក​ថែរក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សំអាង​កាយ​ផង។  ព្រះករុណា​សព្វ​ព្រះហឫទ័យ ​នឹង​ស្ត្រី​ក្រមុំ​ណា នាង​នោះ​នឹង​ឡើង​ធ្វើ​ជា​ព្រះមហាក្សត្រិយានី​ជំនួស​ព្រះនាង​វ៉ាសធី»។ ព្រះរា​ជា​គាប់​ព្រះហឫទ័យ ហើយ​សំរេច​តាម​សំណើ​នេះ។

​៥ នៅ​រាជ​ធានី​ស៊ូសា មាន​ជន​ជាតិ​យូដា​មួយ​រូប​ឈ្មោះ ម៉ាដេ​កាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។  លោក​ត្រូវ​គេ​កៀរ​មក​ពី​ ក្រុង​យេរូសាឡឹម​ជា​មួយ​ឈ្លើយ​សឹក​ឯ​ទៀតៗ ដែល​ព្រះចៅ​នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះបាទ​យេកូនីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​នោះ​លោក​ជា​អ្នក​ អាណា​ព្យាបាល​របស់​នាង​ហាដាសា គឺ​នាង​អេសធែរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធែរ​គ្មាន​ឪពុកម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុកម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។

 នៅ​ពេល​ ស្ដេច​ចេញ​រាជ​បញ្ជា និង​រាជ​ក្រឹត្យ​រួច​ហើយ គេ​ប្រមូល​បាន​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ទុក​នៅ​រាជធានី​ស៊ូសា អោយ​លោក​ហេកេ​មើល​ថែ​ទាំ។ គេ​ក៏​បាន​នាំ​នាង​អេសធែរ​មក​ក្នុង​ព្រះបរមរាជវាំង ហើយ​ប្រគល់​អោយ​លោក​ហេកេ ជា​អ្នក​ថែរក្សា​ពួក​ស្ត្រី​មើល​ថែ​ទាំ​ដែរ។ លោក​ហេកេ​ពេញ​ចិត្ត​នឹង​ នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សំអាង​កាយ និង​អ្វីៗ​ដ៏​ចាំបាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជវាំង អោយ​នៅ​បំរើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​អោយ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។ ១០ នាង​អេសធែរ​ពុំ​បាន​ ប្រាប់​អោយ​នរណា​ដឹង អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ ដ្បិត​លោក​ម៉ាដេកាយ​បាន​ហាម​នាង​ប្រាប់​អោយ​គេ​ដឹង។ ១១ រៀង​រាល់​ថ្ងៃ​លោក​ ម៉ាដេកាយ​តែងតែ​ទៅ​អើត​មើល នៅ​ក្បែរ​វិមាន​ស្ត្រី ដើម្បី​ចង់​បាន​ដំណឹង​ពី​នាង​អេសធែរ ហើយ​ចង់​ដឹង​ថា គេ​ប្រព្រឹត្ត​ចំពោះ​នាង​បែប​ណា។

១២ ស្ត្រី​ ក្រមុំ​នៅ​ក្នុង​វិមាន​ស្ត្រី ត្រូវ​រៀបចំ​ខ្លួន​ដប់ពីរ​ខែ មុន​នឹង​ដល់​វេន​ចូល​គាល់​ព្រះចៅ​ស៊ែរសេស។ ពួក​នាង​ត្រូវ​សំអាង​កាយ​ជា​មួយ​ប្រេង​ទេព្វិរូ​ចំនួន​ប្រាំ​មួយ​ខែ ហើយ​ប្រាំ​មួយ​ខែ​ទៀត​ជា​មួយ​ប្រេង​ក្រអូប និង​គ្រឿង​សំអាង​កាយ​ផ្សេងៗ​សំរាប់​ស្ត្រី ស្រប​តាម​ពិធី​ការ​ដែល​មាន​ចែង​ទុក។ ១៣ ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន​ពី​វិមាន​ស្ត្រី​ទៅ​រាជវាំង គេ​ប្រគល់​អោយ​ទាំង​អស់។ ១៤ នាង​ទៅ​គាល់​ស្ដេច​នៅ​ ពេល​ល្ងាច លុះ​ព្រលឹម​ឡើង​នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាសកាស ជា​មហាតលិក​របស់​ស្ដេច និង​ជា​អ្នក​ថែរក្សា​ក្រុម​មហេសី។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្ដេច​វិញ​ទេ លើកលែង​តែ​ស្ដេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។

១៥ លុះ​ដល់ ​វេន​នាង​ត្រូវ​ចូល​គាល់​ស្ដេច នាង​អេសធែរ ជា​កូន​របស់​លោក​អប៊ីកាអ៊ីន ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេ​កាយ ហើយ​លោក​ម៉ាដេកាយ បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធែរ​ពុំ​បាន​ទាមទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកេ ជា​មហាតលិក​របស់​ស្ដេច និង​ជា​អ្នក​ថែរក្សា​ពួក​ស្ត្រី ប្រគល់​អោយ​នោះ​ឡើយ។ នាង​អេសធែរ​ជា​ស្ត្រី​ម្នាក់​ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។ ១៦ គេ​បាន​មក​នាំ​នាង​យក​ ទៅ​ថ្វាយ​ព្រះចៅ​ស៊ែរសេស​នៅ​ព្រះបរមរាជវាំង នា​ខែ​ទី​ដប់ គឺ​ខែ​បុស្ស​ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជកាល​របស់​ស្ដេច។ ១៧ ព្រះរាជា​ស្រឡាញ់​នាង​ អេសធែរ​លើស​ស្ត្រី​ឯ​ទៀតៗ ស្ដេច​គាប់​ព្រះហឫទ័យ​នឹង​នាង ហើយ​មាន​ព្រះហឫទ័យ​សន្ដោស​ចំពោះ​នាង ​លើស​ស្ត្រី​ក្រមុំ​ព្រហ្ម​ចារី​ឯ​ទៀតៗ។ ពេល​នោះ ស្ដេច​ក៏​បំពាក់​មកុដរាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​ព្រះមហាក្សត្រិយានី​ ជំនួស​ព្រះនាង​វ៉ាស​ធី។ ១៨ ក្នុង​ឱកាស​អភិសេក​ ព្រះនាង​អេសធែរ ព្រះរាជា​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ សំរាប់​ពួក​មេ​ដឹក​នាំ និង​ពួក​មន្ត្រី។ ស្ដេច​ប្រកាស​ថ្ងៃ​ឈប់​សំរាក​នៅ​តាម​អាណាខេត្ត​ទាំង​អស់ ព្រម​ទាំង​ចែក​អំណោយ​ទាន​ ដោយ​ព្រះហឫទ័យ​ទូលំទូលាយ។

១៩ នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេកាយ​មាន​មុខងារ​ក្នុង​ក្រុម​អ្នក​យាម​រាជវាំង។ ២០ មក​ទល់​ពេល​នោះ​ព្រះនាង ​អេសធែរ​ពុំ​ទាន់​ប្រាប់​អោយ​នរណា​ដឹង អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​ព្រះនាង​ទេ គឺ​ព្រះនាង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេកាយ​បង្គាប់ ក្នុង​កាល​ដែល​ព្រះនាង​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​គាត់​នៅ​ឡើយ។

២១ នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេកាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជវាំង មាន​មហាតលិក​ពីរ​នាក់​ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីគតាន និង​លោក​តេរ៉េស​មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុនប៉ង​ធ្វើ​គុត​ព្រះចៅ​ស៊ែរសេស។ ២២ លោក​ម៉ាដេកាយ​ដឹង​ គំរោងការ​របស់​ពួក​គេ លោក​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះនាង​អេសធែរ ហើយ​ព្រះនាង​អេសធែរ​ក៏​យក​ទៅ​ទូល​ស្ដេច​ក្នុង​នាម​លោក​ម៉ាដេកាយ។ ២៣ គេ​បាន​ធ្វើ​អង្កេត​រឿង ​នេះ​ឃើញ​ថា​ជា​ការ​ពិត​មែន គេ​ក៏​ព្យួរក ​មហាតលិក​ទាំង​ពីរ​នៅ​លើ​បង្គោល​មួយ។ ហេតុការណ៍​នេះ​មាន​កត់ត្រា​ទុក​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ។