អេភេសូ (០៣)

ភារ‌កិច្ច​របស់​លោក​ប៉ូល​ក្នុង​ការ​នាំ​ជន​ជាតិ​ដទៃ​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់
1 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រីស្ត‌យេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​សាសន៍​ដទៃ…។ 2 បង‌ប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខ‌ងារ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​នោះ​ហើយ​មើល​ទៅ។ 3 ព្រះ‌អង្គ​បាន​បង្ហាញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។ 4 ពេល​បង‌ប្អូន​អាន​សេចក្ដី​នោះ បង‌ប្អូន​មុខ​ជា​ដឹង​ថា ខ្ញុំ​បាន​យល់​ច្បាស់​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រីស្ត។ 5 នៅ​ជំនាន់​ដើម មនុស្ស‌ម្នា​ពុំ​បាន​ស្គាល់​គម្រោង‌ការ​នេះ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ក្រុម​គ្រីស្តទូត* និង​ព្យាការី*​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម‌រយៈ​ព្រះ‌វិញ្ញាណ​នោះ​ឡើយ 6 គឺ​ថា ដោយ‌សារ​ដំណឹង‌ល្អ* សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រះ‌កាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ព្រះ‌ពរ តាម​ព្រះ‌បន្ទូល​សន្យា​រួម​ជា​មួយ​សាសន៍​អ៊ីស្រា‌អែល ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែរ។ 7 ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ តាម​ព្រះ‌អំណោយ​ទាន​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។ 8 ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ក្តី ក៏​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះ‌ជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រីស្ត​ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។ 9 ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោសឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប‌ជានិច្ច​រៀង​មក ក្នុង​ព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ។ 10 នៅ​ពេល​នេះ ដោយ‌សារ​ព្រះ‌សហគមន៍ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ‌ជាម្ចាស់ 11 តាម​ផែន‌ការ​ដែល​ព្រះ‌អង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់​កល្ប‌ជានិច្ច​រៀង​មក ហើយ​ទ្រង់​បាន​សម្រេច​ដោយ‌សារ​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ 12 ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត និង​ដោយ​មាន​ជំនឿ​លើ​ព្រះ‌អង្គ យើង​មាន​ចិត្ត​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌ជាម្ចាស់ ទាំង​ទុក​ចិត្ត។ 13 ហេតុ​នេះ សូម​បង‌ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរី‌រុង​រឿង​របស់​បង‌ប្អូន​វិញ​ទេ។

ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត
14 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​​ព្រះ‌បិតា 15 ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​ផែន‌ដី 16 សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​បង‌ប្អូន ឲ្យ​មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត​គ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ។ 17 សូម​ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​ចិត្ត​បង‌ប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បង‌ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ 18 ដើម្បី​ឲ្យ​បង‌ប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ 19 គឺ​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។ 20 ព្រះ‌ជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង 21 សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ក្នុង​ព្រះ‌សហគមន៍ និង​ក្នុង​ព្រះ‌គ្រីស្ត‌យេស៊ូ នៅ​គ្រប់​ជំនាន់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។