អេភេសូ (០២)

គ្រីស្ត​បរិស័ទ​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត
1 ចំពោះ​បង‌ប្អូន បង‌ប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បង‌ប្អូន​រួច​ផុត​ទៅ​ហើយ។ 2 ពី​ដើម បង‌ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព‌លោក​នេះ​ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិ‌ពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​នៅ​បច្ចុប្បន្ន‌កាល​នេះ។ 3 រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភ‌លន់​នៃ​លោកីយ៍​នេះ យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ត​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​​ពី​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ 4 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែង‌តែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត 5 គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ត​វិញ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បង‌ប្អូន មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស។ 6 ព្រះ‌អង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។ 7 ព្រះ‌អង្គ​បង្ហាញ​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​ប្រសើរ​លើស‌លប់​បំផុត​របស់​ព្រះ‌អង្គ 8 ព្រះ‌អង្គ​សង្គ្រោះ​បង‌ប្អូន មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដោយ‌សារ​បង‌ប្អូន​មាន​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង‌ប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ 9 ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ 10 យើង​ជា​ស្នា​ព្រះ‌ហស្ដដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ល្អ​ដែល​ព្រះ‌អង្គ​បាន​បម្រុង​ទុក​ជា​មុន សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម។

ការ​រួប‌រួម​គ្នា​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
11 ដូច្នេះ សូម​បង‌ប្អូន​ចង​ចាំ​ថាៈ ពី​ដើម បង‌ប្អូន​កើត​មក​ជា​សាសន៍​ដទៃ​ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​កាត់​ស្បែក» ហៅ​បង‌ប្អូន​ថា «ពួក​មិន​កាត់​ស្បែក» ព្រោះ​គេ​សម្គាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។ 12 កាល​ណោះ បង‌ប្អូន​នៅ​ឆ្ងាយ​ពី​ព្រះ‌គ្រីស្ត គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រា‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រី*​ឃដែល​ចង​ឡើង​ដោយ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់​ទេ បង‌ប្អូន​រស់​នៅ​ក្នុង​លោក​នេះ ដោយ​គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ‌ជាម្ចាស់​ដែរ។ 13 កាល​ពី​ដើម បង‌ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ‌គ្រីស្ត បង‌ប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ត។ 14 គឺ​ព្រះ‌គ្រីស្ត​ហើយ​ដែល​ជា​សន្តិ‌ភាព​របស់​យើង ព្រះ‌អង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ​ងឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ដ្រ​តែ​មួយ។ ព្រះ‌អង្គ​បាន​បូជា​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដើម្បី​រំលំ​ជញ្ចាំង​ដែល​ធ្វើ​ឲ្យ​សាសន៍​ទាំង​ពីរ​នៅ​ដាច់​ពី​គ្នា ហើយ​ជា​បច្ចា‌មិត្ត​នឹង​គ្នា។ 15 ព្រះ‌អង្គ​បាន​លុប​បំបាត់​វិន័យ* ដែល​មាន​បទ‌បញ្ញត្តិ និង​បទ​បញ្ជា​ផ្សេងៗ​ចោល ដើម្បី​បង្រួប‌បង្រួម​សាសន៍​ទាំង​ពីរ​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះ‌អង្គ​ផ្ទាល់ ព្រម​ទាំង​នាំ​សន្តិ‌ភាព​មក​ផង។ 16 ដោយ​ព្រះ‌អង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​សម្រុះ‌សម្រួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ‌ស្រួល​ជា​មួយ​ព្រះ‌ជាម្ចាស់​វិញ ទាំង​កម្ចាត់​ការ​ស្អប់​គ្នា​ចោល​ផង។ 17 ព្រះ‌អង្គ​បាន​យាង​មក «ទាំង​នាំ​ដំណឹង‌ល្អ*​អំពី​សន្តិ‌ភាព​មក​ឲ្យ​បង‌ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិ‌ភាព​មក​ឲ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ»18 ដោយ‌សារ​ព្រះ‌គ្រីស្ត​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌បិតា ដោយ​រួម​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ។

19 ហេតុ​នេះ បង‌ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិក‌ជន​ទៀត​ហើយ គឺ​បង‌ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ* និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះ‌ជាម្ចាស់។ 20 ព្រះ‌អង្គ​បាន​កសាង​បង‌ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​គ្រីស្តទូត* និង​ព្យាការី* ជា​គ្រឹះ និង​មាន​ព្រះ‌គ្រីស្ត‌យេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។ 21 គឺ​ព្រះ‌គ្រីស្ត​ហើយ ដែល​ធ្វើ​ឲ្យ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​ឲ្យ​ចម្រើន​ឡើង ទៅ​ជា​ព្រះ‌វិហារ*​ដ៏‌វិសុទ្ធ​មួយ រួម​ជា​មួយ​ព្រះ‌អម្ចាស់។ 22 រីឯ​បង‌ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង‌ប្អូន​រួម​ជា​មួយ​ព្រះ‌អង្គ បង‌ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ក្នុង​ព្រះ‌វិញ្ញាណ។