សាស្ដា (០៩)

អាយុ​ជីវិត​របស់​មនុស្ស
 ខ្ញុំ​ខិតខំ​ស្វែង​យល់​ អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​ហើយ​ខ្ញុំ​យល់​ថា ជីវិត​របស់​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ចការ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ ព្រះជាម្ចាស់។ មនុស្ស​ពុំ​អាច​ដឹង​ជា​មុន​ថា ខ្លួន​មាន​ចិត្ត​ស្រឡាញ់ ឬ​មាន​ចិត្ត​ស្អប់​បាន​ឡើយ។ អ្វីៗ​ទាំង​អស់​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ដូច​គ្នា ២ ពួក​គេ​ត្រូវ​រង​នូវ​ វាសនា​តែ​មួយ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់​ ទាំង​មនុស្ស​បរិសុទ្ធ និង​មនុស្ស​មិន​បរិសុទ្ធ​ទាំង​អ្នក​ថ្វាយ​យញ្ញបូជា និង​អ្នក​មិន​ថ្វាយ។ រីឯ​អ្នក​ដែល​មាន​ចិត្ត​ល្អ និង​មនុស្ស​បាប អ្នក​ស្បថ និង​អ្នក​មិន​ហ៊ាន​ស្បថ​ក៏​មិន​ខុស​គ្នា​ដែរ។

 អ្វីៗ​ ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​ជួប​តែ​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។ ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត​នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។ អ្នក​ដែល​នៅ​រស់​ដឹង​ថា ខ្លួន​មុខ​ជា​ត្រូវ​ស្លាប់ តែ​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​មិន​រង់ចាំ​ផល​អ្វី​បាន​ឡើយ ព្រោះ​គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។ ការ​ស្រឡាញ់​ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ​រលាយ​សូន្យ​អស់​ទៅ​ហើយ ពួក​គេ​ក៏​ពុំ​រួម​ចំណែក​នឹង​អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​នេះ​ទៀត​ ដែរ។

 ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំងបាយជូរ​ដោយ​ចិត្ត​សប្បាយចុះ​ ដ្បិត​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​ការងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។ ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជានិច្ច។ ចូរ​រួម​រស់​យ៉ាង​សប្បាយ​ នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត​ក្នុង​ការងារ​ដែល​អ្នក​ធ្វើ​នៅ ​ក្រោម​កំដៅ​ថ្ងៃ។ ១០ ការ​អ្វី​ដែល​អ្នក​អាច​ ធ្វើ​ចូរ​ធ្វើ​អោយ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ស្ថាន​មនុស្ស​ស្លាប់​ដែល​អ្នក​នឹង​ទៅ​នៅ​គ្មាន​សកម្មភាព ​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។

១១ នៅ​លើ​ ផែនដី​នេះ​ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាសវៃ ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ​អ្នក​ទាំង​នោះ​មាន​ជោគជ័យ ពេល​ខ្លះ​ទៀត​បរាជ័យ។ ១២ មនុស្ស​លោក​ពុំ​អាច​ដឹង ​ជា​មុន​ថា ថ្ងៃអន្សា​របស់​ខ្លួន​កើត​មាន​នៅ​ពេល​ណា​ឡើយ។ ត្រី​ជាប់​សំណាញ់​ដ៏​អប្រិយ ឬ​សត្វ​ស្លាប​ជាប់​អន្ទាក់​យ៉ាង​ណា មនុស្ស​លោក​ក៏​ធ្លាក់​ទៅ​ទុក្ខ​វេទនា​ដ៏​អប្រិយ​យ៉ាង​នោះ​ដែរ។

ប្រាជ្ញា​របស់​ជន​ក្រីក្រ
១៣ នៅ​លើ​ផែនដី​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ប្រាជ្ញា​មួយ​ទៀត ដែល​ខ្ញុំ​យល់​ឃើញ​ថា​មាន​តម្លៃ​ណាស់។ ១៤ ក្នុង​ទីក្រុង​តូច​មួយ​ មាន​មនុស្ស​រស់​នៅ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ស្ដេច​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​បាន​លើក​ទ័ព​មក​វាយ​យក​ក្រុង​នោះ ទាំង​សង់​គ្រឿង​សស្រ្ដាវុធ​យ៉ាង​សំបើម​ឡោមព័ទ្ធ​ទីក្រុង។ ១៥ នៅ​ក្រុង​នោះ​មាន​បុរស​ ម្នាក់​ជា​ជន​ក្រីក្រ​តែ​មាន​ប្រាជ្ញា គាត់​បាន​សង្គ្រោះ​ទីក្រុង​អោយ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​ដោយសារ​ប្រាជ្ញា​ របស់​ខ្លួន។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​នឹក​នា​ដល់​បុរស​ក្រីក្រ​នោះ​ទេ។

១៦ ខ្ញុំ​ យល់​ថា​ប្រាជ្ញា​ប្រសើរ​ជាង​ចិត្ត​ក្លាហាន​អង់អាច។ ប៉ុន្តែ ប្រាជ្ញា​របស់​ជន​ក្រីក្រ​តែងតែ​ត្រូវ​គេ​មើលងាយ ហើយ​ពាក្យ​សំដី​របស់​ជន​ក្រីក្រ​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។ ១៧ ស្ដាប់​ពាក្យ​សំដី​ដែល​អ្នក​ប្រាជ្ញ​និយាយ​ដោយ​ស្ងាត់ៗ ប្រសើរ​ជាង​ស្ដាប់​សំរែក​របស់​អ្នក​ដែល​បញ្ជា​មនុស្ស​ល្ងី​ល្ងើ​។ ១៨ ប្រាជ្ញា​ប្រសើរ​ជាង​គ្រឿង​សស្រ្ដាវុធ ប៉ុន្តែ មនុស្ស​បាប​តែ​ម្នាក់ អាច​រំលាយ​ការ​ល្អ​ជា​ច្រើន។