សាស្ដា (០២)

 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឥឡូវ​នេះ​មក​យើង! គិត​តែ​ពី​សប្បាយ ហើយ​ផ្ដោត​អារម្មណ៍​លើ​សុភមង្គល​តែ​ប៉ុណ្ណោះ»។ សូម្បី​យ៉ាង​នេះ​ក្ដី​ក៏​ឥត​បាន​ការ​ដែរ។ ខ្ញុំ​គិត​ថា ការ​សើច​សប្បាយ​ជា​ការ​លេលា រីឯ​អំណរ​រីករាយ​វិញ តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​បាន​សំរេច​ចិត្ត​យក ​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​អោយ​បាន​ដឹង​ច្បាស់​ថា​អ្វី​ទៅ​ជា​ការ​ល្អ​ដែល​មនុស្ស​ត្រូវ​ ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។

 ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​ជា​ច្រើន គឺ​ខ្ញុំ​សង់​ដំណាក់​ផ្សេងៗ ហើយ​ដាំ​ចំការ​ទំពាំងបាយជូរ​ទុក​សំរាប់​ខ្លួន​ឯង  ខ្ញុំ​ធ្វើ​សួន​ច្បារ និង​សួន​ឧទ្យាន ហើយ​ខ្ញុំ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ។ ខ្ញុំ​បាន​ជីក​ស្រះ​យក​ទឹក​ស្រោច​ស្រព​ព្រៃ ដែល​មាន​កូន​ឈើ​ដុះ​ដេរដាស។ ខ្ញុំ​បាន​ទិញ​អ្នក​បំរើ​ ប្រុស​ស្រី ថែម​ពី​លើ​អ្នក​បំរើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​ច្រើន​ជាង​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម​មុន​ខ្ញុំ។ ខ្ញុំ​បាន​ប្រមូល​មាស​ ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចំរៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។  ខ្ញុំ​ទទួល​ឋានៈ​ដ៏​ ប្រសើរ​ឧត្ដុង្គឧត្ដម​លើស​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម​មុន​ខ្ញុំ។​ ប៉ុន្តែ ប្រាជ្ញា​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ដដែល។ ១០ អ្វីៗ​ដែល​ខ្ញុំ​ ប្រាថ្នា​ចង់​បាន ខ្ញុំ​ទទួល​ទាំង​អស់។ ខ្ញុំ​តែងតែ​បំពេញ​តាម​បំណង​សប្បាយ​គ្រប់​យ៉ាង​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​សប្បាយ​រីករាយ​នឹង​ការងារ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ គឺ​ការ​សប្បាយ​នេះ​ហើយ ជា​ផល​នៃ​ការងារ​របស់​ខ្ញុំ។ ១១ បន្ទាប់​មក ខ្ញុំ​ពិចារណា​មើល​ស្នាដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​ការ​នឿយហត់​របស់​ខ្ញុំ ដើម្បី​សំរេច​កិច្ចការ​ទាំង​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ កិច្ចការ​ដែល​ធ្វើ​នៅ​លើ​ផែនដី​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

១២ ពេល​នោះ ខ្ញុំ​បែរ​ទៅ​ពិចារណា​មើល​ថា តើ​ប្រាជ្ញា ភាព​លេលា ឬ​ការ​វង្វេង​ស្មារតី​មាន​ប្រយោជន៍​អ្វី។ ខ្ញុំ​ក៏​ដណ្ដឹង​សួរ​ថា តើ​ស្ដេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ នឹង​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ស្ដេច​មុនៗ​ដែរ​ឬ?១៣ ខ្ញុំ​ក៏​យល់​ឃើញ​ដូច​ត​ទៅ: ប្រាជ្ញា​មាន​តម្លៃ​ជាង​ការ​វង្វេង​ស្មារតី ដូច​ពន្លឺ​មាន​តម្លៃ​ជាង​ភាព​ងងឹត។ ១៤ មនុស្ស​មាន​ប្រាជ្ញា​ ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងីល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា​ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។ ១៥ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ ថា: ចុង​បញ្ចប់​របស់​ខ្ញុំ ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​មនុស្ស​លេលា​ដែរ។ ដូច្នេះ បើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន​តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា​ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ ១៦ អ្នក​ប្រាជ្ញ​មិន​ខុស​ ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់កល្ប​ជានិច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។ ១៧ ហេតុ​នេះ​ហើយ​បាន​ជា​ ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​ទេ ហើយ​ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​អាក្រក់ ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ​ដូច​ដេញ​ចាប់​ខ្យល់។ ១៨ ខ្ញុំ​មិន​ចូល​ចិត្ត​ ការ​នឿយហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ខំ​ធ្វើ​នៅ​លើ​ផែនដី​ឡើយ ដ្បិត​ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់​សំរាប់​ស្ដេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ ខ្ញុំ។ ១៩ មួយ​វិញ​ទៀត​គ្មាន​នរណា ​ដឹង​ថា ស្ដេច​ថ្មី​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​មនុស្ស​លេលា​ទេ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ដេច​នោះ​នឹង​គ្រប់គ្រង​លើ​ស្នាដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ខំ​ប្រឹងប្រែង​ ធ្វើ ដោយ​ប្រាជ្ញា​របស់​ខ្ញុំ​នៅ​លើ​ផែនដី។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ ២០ គិត​ដូច្នេះ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត ចំពោះ​ការ​ខំ​ប្រឹងប្រែង​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​នៅ​លើ​ផែនដី​នេះ។ ២១ មនុស្ស​ម្នាក់​ខំ​ប្រឹង ​ធ្វើ​ការ​យ៉ាង​នឿយហត់​ដោយ​ប្រើ​ប្រាជ្ញា ចំណេះ និង​ការ​ស្ទាត់​ជំនាញ​តែ​បែរ​ជា​ទុក​អ្វីៗ​ដែល​ខ្លួន​ធ្វើ​អោយ​មនុស្ស​ ម្នាក់​ទៀត ដែល​ពុំ​បាន​ខំ​ប្រឹងប្រែង​ទាល់​តែ​សោះ។ ត្រង់​នេះ​ក៏​ឥត​បាន​ការ ហើយ​ជា​ការ​មួយ​ដ៏​អាក្រក់​បំផុត។ ២២ អ្នក​ដែល​ខំ​ប្រឹងប្រែង ខ្វល់​ខ្វាយ​ធ្វើ​ការ​នៅ​លើ​ផែនដី ដើម្បី​សំរេច​តាម​គោល​បំណង​របស់​ខ្លួន​បែប​នេះ តើ​បាន​ប្រយោជន៍​អ្វី?២៣ ដ្បិត​រៀង​រាល់​ថ្ងៃ មាន​តែ​ទុក្ខ​កង្វល់ និង​ទុក្ខ​ព្រួយ សូម្បី​តែ​ពេល​យប់​ចិត្ត​របស់​គេ​ក៏​មិន​ស្ងប់។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។

២៤ ដូច្នេះ ​សំរាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត​ខ្ញុំ​ឃើញ​ថា ព្រះជាម្ចាស់​ទេ​តើ​ដែល​ប្រទាន​អោយ។ ២៥ ប្រសិន​បើ​ព្រះជាម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ គ្មាន​នរណា​ម្នាក់​អាច​បរិភោគ ឬ​សប្បាយ​ចិត្ត​បាន​ឡើយ ២៦ ដ្បិត​ព្រះជាម្ចាស់​ ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ។ រីឯ​មនុស្ស​បាប​វិញ ព្រះអង្គ​ប្រទាន​អោយ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​អោយ​អស់​អ្នក​ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។