សាស្ដា (១២)

 ក្នុង​ពេល​ដែល​អ្នក​នៅ​ ក្មេង​នៅ​ឡើយ ត្រូវ​នឹក​ដល់​ព្រះអាទិករ​របស់​អ្នក មុន​ពេល​ថ្ងៃ​វេទនា​មក​ដល់ និង​មុន​ពេល​អាយុ​របស់​អ្នក​កាន់​តែ​ជ្រេ​ទៅៗ​ហើយ​ពេល​នោះ អ្នក​នឹង​ពោល​ថា «ខ្ញុំ​លែង​សប្បាយ​ក្នុង​ជីវិត​ទៀត​ហើយ»។ ត្រូវ​នឹក​ដល់​ព្រះអង្គ មុន​ពេល​ពន្លឺ​ព្រះអាទិត្យ ព្រះច័ន្ទ និង​ផ្កាយ​ទាំងឡាយ​ប្រែ​ទៅ​ជា​អាប់​រស្មី ហើយ​មុន​ពេល​ពពក និង​ភ្លៀង​មក​ដល់​ផ្ទួនៗ​គ្នា។ នៅ​ថ្ងៃ​នោះ​អ្នក​យាម​ ផ្ទះ​នឹង​រញីរញ័រ មនុស្ស​ដ៏​ខ្លាំង​ពូកែ​បែរ​ជា​កោង​ខ្នង ស្ត្រីៗ​ដែល​កិន​ម្សៅ​នឹង​ឈប់​កិន​មក​ពី​ខ្វះ​គ្នា​ជួយ ហើយ​អស់​អ្នក​ដែល​ធ្លាប់​តែ​សម្លឹង​តាម​បង្អួច​ប្រែ​ជា​ងងឹត​ភ្នែក។ ជីវិត​របស់​អ្នក​នឹង​ រសាត់​បាត់​ទៅ ដូច​ទ្វារ​ដែល​បែរ​ទៅ​រក​ផ្លូវ​ត្រូវ​គេ​បិទ ដូច​សំឡេង​ត្បាល់​កិន​ដែល​ឮ​កាន់​តែ​ខ្សោយ​ទៅៗ ដូច​សំឡេង​បក្សាបក្សី​ស្ងាត់​សូន្យ​ទៅ​វិញ​ និង​ដូច​សំឡេង​ស្ត្រី​ចំរៀង​ទាំង​អស់​ចុះ​ខ្សោយ។ ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ​ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័សរហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រសជាតិ​អាហារ​ទៀត​ហើយ​។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំនៅ​ដែល​ស្ថិតស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំវិញ​ផ្ទះ​អ្នក​រង់ចាំ​ពេល​អ្នក​ស្លាប់។ ពេល​នោះ ខ្សែ​ជីវិត​ត្រូវ​ដាច់​ដូច​ជា​ថូ​មាស​បែក ដូច​ក្អម​បែក​នៅ​ប្រភព​ទឹក ឬ​ដូច​រហាត់​យោង​ទឹក​បាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង។ ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ​ ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​ក៏​នឹង​វិល​ទៅ​កាន់​ព្រះអង្គ​វិញ​ដែរ។ សាស្ដា​បាន​ថ្លែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ និង​ឥត​បាន​ការ។

អវសានកថា
 សាស្ដា​មិន​ត្រឹម​តែ​ជា​ អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​លោក​ក៏​បាន​បង្រៀន​ប្រជាជន​អោយ​ចេះ​ដឹង​ដែរ លោក​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ​រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។

១០ សាស្ដា​ខិតខំ​ស្វែង​រក​ពាក្យពេចន៍​ល្អៗ​មក​បរិយាយ​ឥត​លំអៀង អំពី​សេចក្ដី​ផ្សេងៗ​ដែល​ត្រឹម​ត្រូវ។

១១ ពាក្យប្រៀនប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​ជន្លួញ​ ហើយ​ពាក្យ​ចង​ក្រង​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​ដែក​គោល ដែល​គេ​បោះ​យ៉ាង​ជាប់។ ប្រាជ្ញា​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដែល​ជា​គង្វាល​ដ៏​ពិត​ប្រាកដ​តែ​ មួយ​គត់​។ ១២ កូន​អើយ​កុំ​បន្ថែម​ អ្វី​ពី​លើ​ពាក្យ​ប្រៀនប្រដៅ​នេះ​ឡើយ។ សៀវភៅ​ដែល​គេ​អាច​សរសេរ​បាន​មាន​ចំនួន​ច្រើន​ឥត​គណនា ហើយ​ការ​សិក្សា​ច្រើន​រមែង​ធ្វើ​អោយ​រូប​កាយ​នឿយហត់។

១៣ អ្វីៗ​ ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ​យើង​អាច​ទាញ​ជា​សេចក្ដី​សន្និដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​រូប​ត្រូវ​ធ្វើ។ ១៤ ព្រះជាម្ចាស់​នឹង​ វិនិច្ឆ័យ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ធ្វើ​ទោះ​បី​ជា​អំពើ​ដែល​គេ​ធ្វើ​ដោយ​លាក់​កំបាំង ហើយ​ជា​ការ​ល្អ ឬ​អាក្រក់​ក្ដី។