ទុតិយកថា (០៩)

អ៊ីស្រាអែល​ចូល​កាន់​កាប់​ទឹក​ដី​បាន ព្រោះ​តែ​អំពើ​បាប​របស់​ប្រជាជាតិ​នានា
១ «អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជាជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​គេ​ជា​ប្រជាជន​មាឌ​ មាំ​ខ្ពស់ គឺ​កូន​ចៅ​អណាក់​ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​តទល់​នឹង​កូន​ចៅ​អណាក់​ឡើយ”។ ៣ ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​នៅ​មុខ​អ្នក ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោសន្ធៅ​ ព្រះអង្គ​នឹង​កំទេច​ពួក​គេ ព្រះអង្គ​នឹង​ធ្វើ​អោយ​ពួក​គេ​បរាជ័យ​នៅ​មុខ​អ្នក។ អ្នក​នឹង​ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី ហើយ​បំផ្លាញ​ពួក​គេ​ភ្លាមៗ ដូច​ព្រះអម្ចាស់​បាន​សន្យា​ជា​មួយ​អ្នក។

 ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក កំចាត់​ពួក​គេ​ចេញ​ពី​មុខ​អ្នក​ហើយ មិន​ត្រូវ​នឹក​គិត​ថា ព្រះអម្ចាស់​ប្រទាន​ស្រុក​នេះ​អោយ​អ្នក ព្រោះ​តែ​អ្នក​សុចរិត​ឡើយ។ ព្រះអម្ចាស់​ដេញ​ប្រជាជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត។  អ្នក​ចូល​កាន់​កាប់​ស្រុក​ដូច្នេះ មិន​មែន​មក​ពី​អ្នក​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ទេ តែ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ដេញ​ប្រជាជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។ ព្រះអង្គ​ក៏​ធ្វើ​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់ ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក។ ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជាជន​ដែល​មាន​ចិត្ត​រឹងរូស»។

រូបកូន​គោ​មាសៈ អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប
 «ចូរ​ចង​ចាំ កុំ​អោយ​ភ្លេច​ថា នៅ​វាល​រហោស្ថាន អ្នក​បាន​ធ្វើ​អោយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះពិរោធ គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ជានិច្ច។ ៨ នៅ​ភ្នំ​ហូរែប​ អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។ នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទទួល​បន្ទះ​ថ្ម គឺ​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី*​ដែល​ព្រះអម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ អស់​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់ ដោយ​មិន​បាន​បរិភោគ​អាហារ ឬ​ទឹក​ទេ។ ១០ ព្រះអម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ពីរ​មក​អោយ​ខ្ញុំ ជា​បន្ទះ​ថ្ម​ចារ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មាន​ចែង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​មក​កាន់​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​អ្នក​ជួបជុំ​គ្នា។ ១១ សែសិប​ថ្ងៃ​សែសិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួប​ព្រះអម្ចាស់ ព្រះអង្គ​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​នេះ​មក​ខ្ញុំ។

១២ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ប្រជាជន​របស់​អ្នក គឺ​ប្រជាជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បង្ហាញ​ដល់​ពួក​គេ​ដោយ​សិត​ធ្វើ​រូប​បដិមា​មួយ”។ ១៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: “យើង​បាន​ឃើញ​ថា ប្រជាជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​រឹងរូស។ ១៤ ចូរ​ទុក​អោយ​យើង​ បំផ្លាញ​ពួក​គេ និង​លុប​ឈ្មោះ​ពួក​គេ អោយ​បាត់​សូន្យ​ពី​ផែនដី រួច​យើង​នឹង​ធ្វើ​អោយ​មាន​ប្រជាជាតិ​មួយ​កើត​ចេញ​ពី​អ្នក ជា​ប្រជាជាតិ​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជាជន​នេះ”។ ១៥ ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​ទាំង​ពីរ​ផ្ទាំង។ ពេល​នោះ មាន​ភ្លើង​ពាសពេញ​លើ​ភ្នំ។ ១៦ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​ដែល​ព្រះអម្ចាស់​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។ ១៧ ខ្ញុំ​ក៏​ចាប់​បន្ទះ​ថ្ម​មក​កាន់​ក្នុង​ដៃ​ទាំង​ពីរ ហើយ​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​អោយ​បែក នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា»។

រូប​កូន​គោ​មាស លោក​ម៉ូសេ​ទូលអង្វរ​ព្រះអម្ចាស់
១៨ «បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ អស់​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។ ១៩ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ និង​ក្រេវក្រោធ​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀត ព្រះអម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ។ ២០ ព្រះអម្ចាស់​ ទ្រង់​ព្រះ​ពិរោធ​នឹង​លោក​អរ៉ុន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ទូលអង្វរ​ព្រះអង្គ​អោយ​លោក​អរ៉ុន​ដែរ។ ២១ ខ្ញុំ​បាន​យក​រូប​កូន​ គោ ដែល​ជា​ស្នាដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កំទេច​ក្នុង​ភ្លើង​អោយ​ម៉ដ្ដ​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។

២២ នៅ​តាបេរ៉ា នៅ​ម៉ាសា និង​នៅ​គីប្រូត-ហាតាវ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ដែរ។ ២៣ ព្រះអម្ចាស់​បង្គាប់​អ្នក​រាល់​គ្នា​នៅ​កាដែស-បារណេអាថា “ចូរ​ទៅ​ចាប់​យក​ទឹក​ដី ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ចុះ!”។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​លើ​ព្រះអង្គ ហើយ​ពុំ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ។ ២៤ តាំង​ពី​ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​មក អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់​ជានិច្ច។

២៥ ខ្ញុំ​ក្រាប​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ២៦ ខ្ញុំ​បាន​ទូលអង្វរ​ព្រះអម្ចាស់​ថា: “បពិត្រ​ព្រះជាអម្ចាស់ សូម​កុំ​បំផ្លាញ​ប្រជាជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​បាន​រំដោះ​ពួក​គេ ដោយ​ព្រះចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ព្រះបារមី​របស់​ព្រះអង្គ។ ២៧ សូម​នឹក​ដល់​លោក​ អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ សូម​កុំ​ដាក់​ទោស​ប្រជាជន​នេះ ព្រោះ​តែ​ចិត្ត​រឹងរូស ចិត្ត​អាក្រក់ ព្រម​ទាំង​អំពើ​បាប​របស់​ពួក​គេ​ឡើយ ២៨ ​ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា ព្រះអម្ចាស់​គ្មាន​អំណាច​នឹង​នាំ​ប្រជាជន​នេះ​ចូល​ ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ព្រះអង្គ​ស្អប់​ពួក​គេ​បាន​ជា​ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​ រហោស្ថាន។ ២៩ អ្នក​ទាំង​នេះ​ជា​ ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់ និង​ដោយ​តេជបារមី​របស់​ព្រះអង្គ”»។