ទុតិយកថា (៣២)

បទ​ចំរៀង​របស់​លោក​ម៉ូសេ
 «ផ្ទៃ​មេឃ​អើយ
ចូរ​ត្រងត្រាប់​ស្ដាប់​សេចក្ដី
ដែល​ខ្ញុំ​នឹង​ថ្លែង!
ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!
២     សូម​អោយ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង
សូម​អោយ​ពាក្យ​សំដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម
ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខជាតិ​ខៀវ​ខ្ចី
ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ
    ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះនាម​ព្រះអម្ចាស់!
ចូរ​លើក​តម្កើង​ភាព​ថ្កុំថ្កើង​របស់​ព្រះ​នៃ​យើង!
     ព្រះអង្គ​ជា​ថ្មដា        
ហើយ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ល្អ​ឥត​ខ្ចោះ។
មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​ទៀង​ត្រង់។
ព្រះអង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់
ព្រះអង្គ​មិន​អយុត្តិធម៌​ឡើយ
ដ្បិត​ព្រះអង្គ​សុចរិត និង​យុត្តិធម៌។
៥      ព្រះអង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះអង្គ
ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ
អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រធីតា
របស់​ព្រះអង្គ​ទៀត​ទេ
អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ
និង​មាន​ចិត្ត​វៀច​វេរ។
៦      ប្រជាជន​ល្ងីល្ងើ ឥត​ប្រាជ្ញា​អើយ
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ
ចំពោះ​ព្រះអង្គ
ជា​ព្រះបិតា​ដែល​បាន​បង្កើត​អ្នក​មក!
ព្រះអង្គ​បាន​ធ្វើ​អោយ​អ្នក​ទៅ​ជា​ប្រជាជាតិ​មួយ
ព្រម​ទាំង​ពង្រឹង​អ្នក​អោយ​មាំមួន​ទៀត​ផង។
៧     ចូរ​នឹក​ចាំ​ពី​អតីតកាល
ចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយ
ចូរ​សុំ​អោយ​ឪពុកម្ដាយ និង​ជីដូនជីតា​របស់​អ្នក
រៀប​រាប់​អំពី​ហេតុការណ៍​នៅ​ជំនាន់​មុនៗ។
៨      ពេល​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រទាន​ទឹក​ដី
អោយ​ប្រជាជាតិ​ទាំងឡាយ ទុក​ជា​កេរមត៌ក
ពេល​ព្រះអង្គ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នា
ព្រះអង្គ​បាន​កំណត់​ព្រំដែន
អោយ​ជាតិ​សាសន៍​នានា
ដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រាអែល។
៩      ព្រះអម្ចាស់​បាន​ជ្រើស​រើស​អ៊ីស្រាអែល
ទុក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ព្រះអង្គ​ជ្រើស​រើស​កូន​ចៅ​លោក​យ៉ាកុប
ទុក​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ​ផ្ទាល់។
១០ ព្រះអង្គ​បាន​រក​ឃើញ​អ៊ីស្រាអែល
នៅ​វាល​រហោស្ថាន ក្នុង​ទឹក​ដី​ហួតហែង
ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ
ព្រះអង្គ​បី​បាច់​ថ្នាក់ថ្នម និង​អប់រំ​អ៊ីស្រាអែល
ព្រះអង្គ​ការពារ​គេ ដូច​ប្រស្រី​ព្រះនេត្រ​របស់​ព្រះអង្គ។
១១ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រាអែល
ដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុក
ព្រម​ទាំង​ហើរ​ការពារ​ពី​លើ​កូន​របស់​វា
ហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វា
និង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។
១២ មាន​តែ​ព្រះអម្ចាស់​មួយ​អង្គ​គត់
ដែល​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
គឺ​ព្រះអង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។
១៣ ព្រះអង្គ​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ឡើង​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ
ហើយ​អោយ​ពួក​គេ​បរិភោគ
ភោគផល​ដែល​ដុះ​នៅ​តាម​ចំការ
ព្រះអង្គ​អោយ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេង
នៅ​តាម​កន្លែង​ដែល​មាន​ថ្ម។
១៤ គោ​ញី និង​ពពែ​ញី​ផ្ដល់​ទឹក​ដោះ​អោយ​ពួក​គេ
ពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគ
គឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសាន
ព្រម​ទាំង​ពពែ​ឈ្មោល
ពួក​គេ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗ
ហើយ​ផឹក​ស្រា​ទំពាំងបាយជូរ​ដ៏​ឆ្ងាញ់​ពិសា។
១៥ យេស៊ូរូន​បាន​ធំ​ធាត់ មាន​កម្លាំង​រឹងប៉ឹង
(ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំមួន!)
ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះជាម្ចាស់
ដែល​បាន​បង្កើត​ខ្លួន​មក
គេ​បាន​មាក់ងាយ​ព្រះអង្គ​ដែល​ជា​ថ្មដា
និង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។
១៦ ពួក​គេ​ធ្វើ​អោយ​ព្រះអង្គ​ប្រច័ណ្ឌ
ព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃ
ពួក​គេ​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។
១៧ ពួក​គេ​សែនព្រេន​អារក្ស​ដែល​មិន​មែន​ជា​ព្រះ
ព្រម​ទាំង​សែនព្រេន​ដល់​ព្រះ​ទាំងឡាយ
ដែល​ខ្លួន​ពុំ​ស្គាល់
គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វបុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។
១៨ អ្នក​បាន​ប្រមាថ​មាក់ងាយ​ព្រះអង្គ ដែល​ជា​ថ្មដា
ហើយ​បាន​បង្កើត​អ្នក​មក
អ្នក​បាន​បំភ្លេច​ព្រះជាម្ចាស់​ដែល​ផ្ដល់​ជីវិត
អោយ​អ្នក។
១៩ ព្រះអម្ចាស់​ទត​ឃើញ​ដូច្នេះ
ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ។
បុត្រធីតា​របស់​ព្រះអង្គ​បាន​ធ្វើ​អោយ
ព្រះអង្គ​ខ្ញាល់។

២០ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ថា៖
«យើង​លែង​រវីរវល់​នឹង​ពួក​គេ​ហើយ
យើង​មុខ​ជា​ឃើញ​ថា
ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។
ពួក​គេ​ជា​មនុស្ស​ពាល
គ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។
២១ ពួក​គេ​ធ្វើ​អោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ
ដោយសារ​ព្រះ​ក្លែងក្លាយ
ពួក​គេ​ធ្វើ​អោយ​យើង​ខឹង
ដោយសារ​ព្រះ​ដែល​ឥត​បាន​ការ។
ដូច្នេះ យើង​ក៏​នឹង​ធ្វើ​អោយ​ពួក​គេ​ប្រច័ណ្ឌ
ដោយសារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជាជន
យើង​នឹង​ធ្វើ​អោយ​ពួក​គេ​ខឹង
ដោយសារ​ប្រជាជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។
២២ ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាបឆេះ
រាលដាល​រហូត​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់។
ភ្លើង​នេះ​នឹង​ឆាបឆេះ​ផែនដី
និង​ភោគផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី
ព្រម​ទាំង​ឆាបឆេះ​គ្រឹះ​របស់​ភ្នំ​នានា​ផង។
២៣ យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា
កើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។
យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើង
ទៅ​លើ​ពួក​គេ។
២៤ ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយសារ​ទុរ្ភិក្ស
ឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្ដៅ និង​ជំងឺ​ឆ្លង។
យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូម
របស់​សត្វ​សាហាវ និង​ពស់​អាសិរពិស។
២៥ នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ
ខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់ញ័រ។
សេចក្ដី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នា
ទាំង​កំលោះ ទាំង​ក្រមុំ
ទាំង​ទារក​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។
២៦ យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង
យើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែនដី
មិន​អោយ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។
២៧ ប៉ុន្តែ យើង​នឹង​បារម្ភ
ក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំ
ហើយ​ចំអក និង​ប្រមាថ​មើលងាយ​យើង
ដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែ
គឺ​មិន​មែន​ព្រះអម្ចាស់​ទេ​ដែល​សំរេច​ការ​នេះ”។
២៨ អ៊ីស្រាអែល​ជា​ប្រជាជាតិ​ឥត​ដឹង​ខុស​ត្រូវ
ពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។
២៩ ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញា
នោះ​ពួក​គេ​មុខ​ជា​ពិចារណា ហើយ​យល់​ថា
នៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។
៣០ ប្រសិន​បើ​ព្រះអម្ចាស់ ដែល​ជា​ថ្មដា​របស់​ពួក​គេ
មិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​ខ្មាំង​សត្រូវ​ទេ​នោះ
តើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាម
អ៊ីស្រាអែល​ដល់​ទៅ​មួយ​ពាន់​នាក់
ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​អោយ
អ៊ីស្រាអែល​មួយ​ម៉ឺន​នាក់​បាក់​ទ័ព​កើត​ឬ?
៣១ ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​យើង​ដឹង​ស្រាប់​ហើយ​ថា
ព្រះ​ដែល​ជា​ថ្មដា​របស់​ពួក​គេ
ពុំ​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះជាម្ចាស់
ដែល​ជា​ថ្មដា​របស់​យើង​ឡើយ។
៣២ ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជា
អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា
ហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំងបាយជូរ
ដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។
៣៣ ស្រា​ទំពាំងបាយជូរ​របស់​ពួក​គេ
ប្រៀប​ដូច​ជា​ពិស​របស់​នាគ
និង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។
៣៤ យើង​រៀបចំ​គំរោងការ​មួយ​ដ៏​លាក់​កំបាំង
ដែល​យើង​បម្រុង​ទុក ប្រឆាំង​នឹង​ពួក​គេ។
៣៥ ការ​សងសឹក​ស្រេច​តែ​លើ​យើង
យើង​នឹង​តប​ទៅ​ពួក​គេ​វិញ
នៅ​ពេល​ពួក​គេ​ជំពប់​ដួល!
ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ
ថ្ងៃអន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។
៣៦ ព្រះអម្ចាស់​រក​យុត្តិធម៌​អោយ​ប្រជារាស្ត្រ
របស់​ព្រះអង្គ
ព្រះអង្គ​អាណិត​អាសូរ​អ្នក​បំរើ​របស់​ព្រះអង្គ
នៅ​ពេល​ព្រះអង្គ​ទត​ឃើញ​ពួក​គេ​អស់​កម្លាំង
ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។
៣៧ ព្រះអង្គ​នឹង​សួរ​ពួក​គេ​ថា
“តើ​ព្រះ​របស់​អ្នក​រាល់​គ្នា
គឺ​ព្រះ​ដែល​អ្នក​រាល់​គ្នា​ទុក​ជា​ថ្មដា
ដើម្បី​ពឹង​ផ្អែក​នោះ នៅ​ឯ​ណា?
៣៨ អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា និង​ពិធី​ច្រួចស្រា
សែន​ព្រះ​ទាំង​នោះ
បើ​ព្រះ​ទាំង​នោះ​ចេះ​សេពសោយ​មែន
អោយ​ពួក​គេ​ក្រោក​ឡើង
ជួយ​សង្គ្រោះ និង​ការពារ​អ្នក​រាល់​គ្នា​ទៅ!
៣៩ ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា
មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។
យើង​ផ្ដល់​ជីវិត និង​ដក​ជីវិត
យើង​ធ្វើ​អោយ​របួស និង​ធ្វើ​អោយ​ជា​វិញ
គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។
៤០ យើង​លើក​ដៃ​ឆ្ពោះ​ទៅ​លើ​មេឃ
ហើយ​សច្ចា​ក្នុង​នាម​យើង

ដែល​ជា​ព្រះ​គង់​នៅ​អស់កល្ប​ជានិច្ច​ថា:
៤១ យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង
ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់
គឺ​យើង​តទល់​នឹង​បច្ចាមិត្ត​របស់​យើង
ហើយ​សងសឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។
៤២ យើង​នឹង​ធ្វើ​អោយ​ព្រួញ​របស់​យើង
ជោក​ដោយ​ឈាម
ដាវ​របស់​យើង​ចាក់​ទម្លុះ​សាច់​របស់​ខ្មាំង​សត្រូវ
គ្មាន​ទាហាន​ណា​ម្នាក់​របស់​ពួក​គេ
គេច​ផុត​ពី​មុខ​ដាវ​នេះ​បាន​ឡើយ
គឺ​ទាំង​អ្នក​របួស ទាំង​អ្នក​ជាប់​ជា​ឈ្លើយ
នឹង​ត្រូវ​វិនាស​ដូច​គ្នា”។
៤៣ ចូរ​អោយ​ប្រជាជាតិ​ទាំងឡាយ​អបអរសាទរ
ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់!
ដ្បិត​ព្រះអង្គ​សងសឹក​ជួស​អ្នក​បំរើ​របស់​ព្រះអង្គ
ព្រះអង្គ​ដាក់​ទោស​បច្ចាមិត្ត។
ព្រះអង្គ​ធ្វើ​អោយ​ទឹក​ដី និង​ប្រជារាស្ត្រ
របស់​ព្រះអង្គ​រួច​ផុត​ពី​សៅហ្មង»។

៤៤ លោក​ ម៉ូសេ និង​លោក​យ៉ូស៊ូអា​ ជា​កូន​របស់​លោក​នូន នាំ​យក​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ មក​ប្រកាស​អោយ​ប្រជាជន​បាន​ឮ។

៤៥ ពេល​លោក​ម៉ូសេ​ប្រកាស​ព្រះបន្ទូល​ទាំង​នេះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ចប់​សព្វ​គ្រប់​ហើយ ៤៦ លោក​មាន​ប្រសាសន៍​ទៅ​គេ ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀនប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អោយ​កាន់ និង​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​គម្ពីរវិន័យ​ នេះ។ ៤៧ ​ព្រះ​បន្ទូល​ទាំង​នេះ​ មិន​មែន​ឥត​ខ្លឹមសារ​ទេ ផ្ទុយ​ទៅ​វិញ ជា​ព្រះបន្ទូល​ដែល​ផ្ដល់​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត និង​មាន​អាយុ​យឺនយូរ​នៅ​ក្នុង​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។

ព្រះអម្ចាស់​ប្រកាស​អំពី​មរណភាព​របស់​លោក​ម៉ូសេ
៤៨ នៅ​ថ្ងៃ​ដដែល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ ៤៩ «ចូរ​ឡើង​ទៅ​កំពូល​ភ្នំ ​នេបូ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​អាបារីម ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ទន្លេ​យ័រដាន់ ហើយ​សម្លឹង​មើល​ស្រុក​កាណាន​ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទុក​ជា​ កម្មសិទ្ធិ។ ៥០ អ្នក​នឹង​ស្លាប់​នៅ​លើ​ ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួបជុំ​ដូនតា​របស់​អ្នក ដូច​អរ៉ុន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហ៊រ ទៅ​ជួបជុំ​ដូនតា​របស់​គាត់​ដែរ​។ ៥១ កាល​នៅ​ក្បែរ​ប្រភព​ទឹក ​មេរីបា នៅ​កាដែស ក្នុង​វាល​រហោស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ព្រះ​ដ៏វិសុទ្ធ* នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា​អែល​​ទេ​។ ៥២ ដូច្នេះ អ្នក​នឹង​មើល​ឃើញ​ស្រុក​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ»។