ទុតិយកថា (៣០)

ព្រះបន្ទូល​សន្យា​នៅ​ពេល​អ៊ីស្រាអែល​វិល​មក​រក​ព្រះអម្ចាស់​វិញ
១ «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ព្រះពរ ឬ​បណ្ដាសា​ក្ដី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេច​ក្ដី​ទាំង​នោះ  ហើយ​វិល​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក នាំ​គ្នា​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ  ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ស្ដារ​ស្ថានភាព​របស់​អ្នក ព្រះអង្គ​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​កំចាត់កំចាយ​អ្នក​ទៅ​នោះ។ ៤ ទោះ​បី​គេ​កៀរ​អ្នក​ទៅ​ដល់​ជើង​មេឃ​ក្ដី ក៏​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រមូល​អ្នក​នាំ​យក​មក​វិញ​ដែរ។ ៥ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​វិល​ត្រឡប់​មក​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​ដូនតា​អ្នក។ អ្នក​នឹង​កាន់​កាប់​ស្រុក​នេះ ព្រះអង្គ​ប្រទាន​ពរ​អោយ​អ្នក​មាន​អំណរ​សប្បាយ ហើយ​កើន​ចំនួន​ច្រើន​លើស​ដូនតា​របស់​អ្នក​ទៅ​ទៀត។ ៦ ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក ថ្វាយ​ចិត្ត​គំនិត​ដល់​ព្រះអង្គ ដើម្បី​អោយ​អ្នក​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។

 ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​អោយ​បណ្ដាសា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល​ស្អប់ និង​បៀតបៀន​អ្នក។  រីឯ​អ្នក​វិញ អ្នក​នឹង​វិល​មក​រក​ព្រះអម្ចាស់ ហើយ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។  ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​អោយ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​នឹង​ប្រទាន​អោយ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ហ្វូង​សត្វ​របស់​អ្នក​នឹង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ដី​របស់​អ្នក​ក៏​បង្កើត​ភោគផល​យ៉ាង​ច្រើន​ដែរ ដ្បិត​ព្រះ​អម្ចាស់​​សព្វ​ព្រះហឫទ័យ​ប្រទាន​អោយ​អ្នក​មាន​សុភមង្គល ដូច​ដូនតា​របស់​អ្នក។ ១០ ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា និង​ដំបូលន្មានរបស់​ព្រះអង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ ហើយ​ត្រូវ​វិល​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។

១១ បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​របស់​អ្នក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ដែរ។ ១២ បទ​បញ្ជា​នេះ​មិន​មែន​ ស្ថិត​នៅ​លើ​មេឃ បណ្ដាល​អោយ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ​យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម?”។ ១៣ បទ​បញ្ជា​នេះ​ក៏​មិន​ ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្ដាល​អោយ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម?”។ ១៤ ផ្ទុយ​ទៅ​វិញ ព្រះបន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់ និង​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​អោយ​អ្នក​ប្រតិបត្តិ​តាម។

១៥ មើល៍​ថ្ងៃ​នេះ ខ្ញុំ​អោយ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ អំពើ​ល្អ ឬ​អំពើ​អាក្រក់ ១៦ ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ អោយ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ កាន់​តាម​បទ​បញ្ជា ក្រឹត្យ​វិន័យ និងច្បាប់​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។ ១៧ ប៉ុន្តែ បើ​អ្នក​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ ដោយ​បណ្ដោយ​ខ្លួន​ទៅ​ក្រាប​ថ្វាយបង្គំ និង​គោរព​បំរើ​ព្រះ​ឯ​ទៀតៗ ១៨ នោះ​ខ្ញុំ​ប្រាប់​អោយ​ អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ គឺ​អ្នក​ពុំ​អាច​មាន​អាយុ​យឺនយូរ​នៅ​ក្នុង​ស្រុក ដែល​អ្នក​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ​ឡើយ។ ១៩ ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​អោយ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ ព្រះពរ ឬ​បណ្ដាសា។ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​អោយ​អ្នក និង​ពូជពង្ស​របស់​អ្នក​បាន​រស់​រាន។ ២០ ចូរ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ចូរ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ និង​ជំពាក់​ចិត្ត​លើ​ព្រះអង្គ​។ ព្រះអង្គ​ជា​ជីវិត​របស់​អ្នក ព្រះអង្គ​ប្រទាន​អោយ​អ្នក​មាន​អាយុ​យឺនយូរ ដើម្បី​អោយ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះអម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រទាន​អោយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។