ទុតិយកថា (២៧)

ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ពិធី​រំលឹក​អំពី​សម្ពន្ធមេត្រី

ថ្ម​នៅ​ភ្នំ​អេបាល
 លោក​ម៉ូសេ និង​ក្រុម​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល បាន​បង្គាប់​ប្រជាជន​ដូច​ត​ទៅ៖ «ចូរ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។  នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ចូរ​បញ្ឈរ​ថ្ម​ធំៗ ហើយ​លាប​កំបោរ​ពណ៌​ស។ ៣ ចូរ​ចារឹកវិន័យ*​ដែល​ខ្ញុំ​ប្រគល់​អោយ​លើ​ថ្ម​ទាំង​នោះ នៅ​ពេល​អ្នក​ឆ្លង​ទៅ​ដល់​ស្រុក​ដែល​ព្រះអ​ម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។  ពេល​ណា​អ្នក​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ចូរ​បញ្ឈរ​ថ្ម​ដែល​ខ្ញុំ​បង្គាប់​អោយ​បញ្ឈរ​នោះ នៅ​លើ​ភ្នំ​អេបាល ហើយ​លាប​កំបោរ​ពណ៌​ស​ផង។ ៥ បន្ទាប់​មក ចូរ​យក​ថ្ម​ដែល​មិន​ទាន់​មាន​នរណា​យក​ពន្លាក​ដាប់​នៅ​ឡើយ មក​សង់​អាសនៈ*​មួយ​ថ្វាយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ៦ គឺ​ត្រូវ​យក​ថ្ម​ដែល​មិន​ទាន់​ដាប់ សង់​អាសនៈ​របស់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក រួច​យក​តង្វាយ​ដុត*​ទាំង​មូល​មក​ថ្វាយ​ព្រះអង្គ នៅ​លើ​អាសនៈ​នោះ។  ចូរ​ថ្វាយ​យញ្ញបូជា​មេត្រីភាព ហើយ​ជប់លៀង​យ៉ាង​សប្បាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ៨ ចូរ​ចារឹក​វិន័យ​ទាំង​នេះ​នៅ​លើ​ថ្ម​អោយ​ច្បាស់ៗ»។

 បន្ទាប់​មក លោក​ម៉ូសេ និង​បូជាចារ្យ*​លេវី ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដូច​ត​ទៅ៖ «អ៊ីស្រាអែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្ដាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ១០ ដូច្នេះ ចូរ​ស្ដាប់​បង្គាប់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ក្រឹត្យវិន័យ របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​នៅ​ថ្ងៃ​នេះ»។

១១ នៅ​ថ្ងៃ​ដដែល​នោះ លោក​ម៉ូសេ​បង្គាប់​ប្រជាជន​ដូច​ត​ទៅ៖ ១២ «កាល​ណា​អ្នក​រាល់​គ្នា ​ឆ្លង​ទន្លេ​យ័រដាន់​ហើយ កុលសម្ព័ន្ធ​ស៊ីម៉ូន លេវី យូដា អ៊ីសាកា យ៉ូសែប និង​បេនយ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការីស៊ីម ដើម្បី​ប្រកាស​អំពី​ព្រះពរ​ប្រាប់​ប្រជាជន។ ១៣ រីឯ​កុលសម្ព័ន្ធ​រូបេន កាដ អស៊ែរ សាប៊ូឡូន ដាន់ និង​ណែបថាលី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្ដាសា»។

បណ្ដាសា​ទាំង​ដប់ពីរ
១៤ «ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:

១៥ “អ្នក​ណា​ឆ្លាក់​រូប​បដិមា ឬ​សិត​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ដែល​ព្រះអម្ចាស់​ ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

១៦ “អ្នក​ណា​ប្រមាថ​មើលងាយ​មាតាបិតា អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

១៧ “អ្នក​ ណា​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដីធ្លី​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

១៨ “អ្នក​ ណា​ធ្វើ​អោយ​មនុស្ស​ខ្វាក់​ដើរ​ខុស​ផ្លូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

១៩ “អ្នក​ ណា​រំលោភ​លើ​សិទ្ធិ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២០ “អ្នក​ ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន! ព្រោះ​គេ​បង្អាប់​កិត្តិយស​របស់​ឪពុក​ខ្លួន”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២១ “អ្នក​ណា​រួម​ដំណេក​ជា​មួយ​សត្វ​ធាតុ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២២ “អ្នក​ ណា​រួម​ដំណេក​ជា​មួយ​បង​ប្អូន​ស្រី​របស់​ខ្លួន ទោះ​បី​ជា​បង​ប្អូន​ឪពុក​មួយ ឬ​ម្ដាយ​មួយ​ក្ដី អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២៣ “អ្នក​ ណា​រួម​ដំណេក​ជា​មួយ​ម្ដាយ​ក្មេក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២៤ “អ្នក​ណា​លួច​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២៥ “អ្នក​ ណា​ទទួល​សំណូក ដើម្បី​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

២៦ “អ្នក​ ណា​មិន​គោរព​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​វិន័យ​នេះ ហើយ​មិន​ប្រតិបត្តិ​តាម​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”»។