ទុតិយកថា (២៤)

ច្បាប់​អំពី​ការ​លែងលះ​គ្នា
១ «ពេល​ណា​បុរស​ម្នាក់​ រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែងលះ ហើយ​ប្រគល់​លិខិត​នោះ​អោយ​នាង រួច​លែង​អោយ​នាង​ទៅ​ចុះ។ ក្រោយ​ចាក​ចេញ​ពី​ប្ដី​ដើម​ទៅ នាង​រៀបការ​ជា​មួយ​បុរស​ម្នាក់​ទៀត។ ៣ ឧបមា​ថា​ប្ដី​ទី​ពីរ​នេះ​ ឈប់​ស្រឡាញ់​នាង គេ​ធ្វើ​លិខិត​លែងលះ​ប្រគល់​អោយ​នាង ហើយ​អោយ​នាង​ចាក​ចេញ​ពី​ផ្ទះ ឬ​មួយ​ក៏​ប្ដី​ទី​ពីរ​នេះ​ស្លាប់ ៤ ប្ដី​ដើម​ដែល​បាន​លែង​នាង មិន​អាច​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វិញ​ឡើយ។ គេ​ត្រូវ​ចាត់​ទុក​នាង​ថា​ជា​ស្រី​សៅហ្មង។ បើ​ប្ដី​ដើម​យក​នាង​វិញ​នោះ គឺ​ជា​អំពើ​មួយ​ដែល​ព្រះអម្ចាស់​ស្អប់​ខ្ពើម។ មិន​ត្រូវ​ធ្វើ​អោយ​អំពើ​បាប​បែប​នេះ កើត​មាន​នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក​ឡើយ»។

ច្បាប់​ផ្សេងៗ
 «មិន​ត្រូវ​អោយ​បុរស​ ម្នាក់​ដែល​ទើប​នឹង​រៀបការ ទៅ​ធ្វើ​ទាហាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​កែន​គេ​អោយ​ទៅ​ធ្វើ​ការ​អ្វី​ដែរ។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ គេ​ត្រូវ​តែ​នៅ​ផ្ទះ ហើយ​ធ្វើ​អោយ​ភរិយា​បាន​សប្បាយ។

 មិន​ត្រូវ ​ទទួល​យក​ត្បាល់​កិន​ជា​របស់​បញ្ចាំ​ឡើយ គឺ​សូម្បី​តែ​ថ្ម​ផ្នែក​ខាង​លើ​របស់​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​ធ្វើ​ដូច្នេះ ដូច​ជា​បង្អត់​អាហារ​ម្ចាស់​ត្បាល់។

 ប្រសិន​បើ ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ចាប់​ជន​រួម​ជាតិ​របស់​ខ្លួន​យក​ទៅ​ធ្វើ​ជា​ ទាសករ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

 ចូរ​ ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ពួក​បូជាចារ្យ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​បូជាចារ្យ​ទាំង​នោះ។  ចូរ​នឹក​ចាំ​ពី​ហេតុការណ៍​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ចំពោះ​បង​ស្រី​មៀរីយ៉ាម នៅ​តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

១០ ប្រសិន​បើ​អ្នក​អោយ​អ្វី​មួយ​ទៅ​បង​ប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។ ១១ អ្នក​ត្រូវ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ចាំ​បង​ប្អូន​នោះ​យក​វត្ថុ​បញ្ចាំ​ចេញ​មក​អោយ។ ១២ ប្រសិន​បើ​កូន​បំណុល​នោះ​ជា​ជន​ក្រីក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ ១៣ តែ​ត្រូវ​ប្រគល់​អាវ​ធំ ​ដែល​គេ​យក​មក​បញ្ចាំ​នោះ​ទៅ​អោយ​គេ​វិញ មុន​ពេល​ថ្ងៃ​លិច ដើម្បី​អោយ​គេ​មាន​អាវ​ដណ្ដប់​នៅ​ពេល​យប់ ព្រម​ទាំង​អោយ​ពរ​អ្នក​ទៀត​ផង។ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​អំពើ​មួយ​ដ៏​សុចរិត ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។

១៤ មិន​ ត្រូវ​ជិះជាន់​កម្មករ​ក្រីក្រ ហើយ​កំសត់​ទុគ៌ត​ឡើយ ទោះ​បី​អ្នក​នោះ​ជា​ជន​រួម​ជាតិ​របស់​អ្នក ឬ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ក្ដី។ ១៥ ត្រូវ​បើក​ប្រាក់​ ប្រចាំ​ថ្ងៃ​អោយ​គេ​មុន​ពេល​ថ្ងៃ​លិច ដ្បិត​គ្នា​ជា​ជន​ក្រីក្រ ហើយ​ត្រូវ​ការ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ជា​ចាំបាច់។ ប្រសិន​បើ​គេ​មិន​បាន​ទទួល​ប្រាក់​ទេ ពេល​គេ​ទូលអង្វរ​ព្រះអម្ចាស់​ប្រឆាំង​នឹង​អ្នក នោះ​អ្នក​មុខ​ជា​ធ្វើ​អោយ​ខ្លួន​ឯង​មាន​បាប​មិន​ខាន។

១៦ មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត។

១៧ មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​បរទេស ឬ​ក្មេង​កំព្រា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​សម្លៀកបំពាក់​របស់​ស្ត្រី​មេម៉ាយ​ទុក​ជា​វត្ថុ​បញ្ចាំ​ដែរ។

១៨ ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ អោយ​អ្នក​ប្រព្រឹត្ត​តាម។

១៩ ពេល​ណា​ អ្នក​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក ហើយ​អ្នក​ភ្លេច​ស្រូវ​មួយ​កណ្ដាប់​នៅ​ក្នុង​ស្រែ នោះ​កុំ​វិល​ត្រឡប់​ទៅ​យក​វិញ​ឡើយ គឺ​ត្រូវ​ទុក​ស្រូវ​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា ឬ​ស្ត្រី​មេម៉ាយ​រើស ដើម្បី​អោយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ២០ ពេល​ណា​អ្នក​បេះ​ផ្លែ​ អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។ ២១ ពេល​ណា​អ្នក​បេះ​ផ្លែ​ ទំពាំងបាយជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។ ២២ ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ​អោយ​អ្នក​ប្រព្រឹត្ត​តាម។