ទុតិយកថា (២១)

ករណី​ឃាតក​ដែល​គេ​ពុំ​ស្គាល់​មុខ
 «នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ ប្រសិន​បើ​គេ​ប្រទះ​ឃើញ​សាកសព​នរណា​ម្នាក់​នៅ​តាម​ចំការ ហើយ​គេ​មិន​ដឹង​មុខ​ឃាតក​ទេ ២ ពួក​ព្រឹទ្ធាចារ្យ* និង​ពួក​ចៅក្រម ត្រូវ​វាស់​ចម្ងាយ​ពី​កន្លែង​សាកសព​នោះ ទៅ​ក្រុង​នានា​ដែល​នៅ​ជុំវិញ។ ៣ កាល​ដឹង​ថា ក្រុង​ណា​មួយ​នៅ​ជិត​សាកសព​ជាង​គេ ពួក​ព្រឹទ្ធាចារ្យ​របស់​ក្រុង​នោះ​ត្រូវ​យក​គោ​ញី​ស្ទាវ​មួយ​មក គឺ​គោ​ដែល​គេ​ពុំ​ធ្លាប់​ទឹម ឬ​ប្រើ​អោយ​ធ្វើ​ការ​នៅ​ឡើយ។  ពួក​ព្រឹទ្ធាចារ្យ​របស់​ ទីក្រុង​ត្រូវ​នាំ​គោ​ញី​ស្ទាវ​នោះ​ចុះ​ទៅ​កាន់​ជ្រោះ​មួយ ដែល​មាន​ទឹក​ហូរ​មិន​ចេះ​រីង ហើយ​ជា​កន្លែង​គ្មាន​នរណា​សាប​ព្រោះ ឬ​ដាំ​ដំណាំ​ទេ។ គេ​ត្រូវ​វាយ​បំបាក់​ក​គោ​ញី នៅ​ក្នុង​ជ្រោះ។ ៥ ពេល​នោះ ពួក​បូជាចារ្យ*​ពី​កុលសម្ព័ន្ធ*​លេវី​នាំ​គ្នា​ចូល​មក – ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ពួក​បូជាចារ្យ​អោយ​នៅ​បំរើ​ព្រះអង្គ និង​អោយ​ពរ​ប្រជាជន ក្នុង​ព្រះនាម​ព្រះអង្គ។ ពេល​ប្រជាជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​បូជាចារ្យ​មាន​មុខងារ​អារ​កាត់​រឿងរ៉ាវ​របស់​ពួក​គេ​ដែរ។  ព្រឹ​ទ្ធា​ចារ្យ​​របស់​ក្រុង​ដែល​នៅ​ជិត​សាកសព ត្រូវ​នាំ​គ្នា​លាង​ដៃ​ពី​លើ​គោ​ញី ដែល​គេ​វាយ​បំបាក់​ក​នៅ​ក្នុង​ជ្រោះ  ទាំង​ប្រកាស​ថា “យើង​ខ្ញុំ​ពុំ​បាន​ធ្វើ​ឃាត​ជន​រង​គ្រោះ​នេះ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃើញ​នរណា​ធ្វើ​ឃាត​គេ​ដែរ។ ៨ ព្រះអម្ចាស់​អើយ សូម​លើកលែង​ទោស​អ៊ីស្រាអែល ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​រួច​ពី​បាប​ផង។ សូម​កុំ​អោយ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ ត្រូវ​ទទួល​ទោស ព្រោះ​ឃាតកម្ម​ទៅ​លើ​ជន​ស្លូត​ត្រង់​នេះ​ឡើយ”។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គ្មាន​ទោស ព្រោះ​តែ​ឃាតកម្ម​នេះ​ទេ។

 រីឯ​អ្នក​វិញ ត្រូវ​លុប​បំបាត់​ការ​សម្លាប់​ជន​ស្លូត​ត្រង់​អោយ​អស់​ពី​ចំណោម​អ្នក ហើយ​ប្រព្រឹត្ត​តែ​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់»។

ច្បាប់​ស្ដី​អំពី​ស្ត្រី​ដែល​ជា​ឈ្លើយ​សឹក
១០ «ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ប្រសិន​បើ​ព្រះអម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក​គេ​មក​ជា​ឈ្លើយ ១១ ក្នុង​ចំណោម​ស្ត្រីៗ​ ដែល​អ្នក​ចាប់​មក​ជា​ឈ្លើយ អ្នក​ប្រហែល​ជា​ឃើញ​ស្ត្រី​ម្នាក់​មាន​រូប​ឆោម​ស្អាត ហើយ​អ្នក​ចាប់​ចិត្ត​ស្រឡាញ់ ចង់​បាន​នាង​មក​ធ្វើ​ជា​ភរិយា ១២ ​ត្រូវ​យក​នាង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​អោយ​នាង​កោរ​សក់ និង​កាត់​ក្រចក​ដៃ ក្រចក​ជើង ១៣ នាង​ត្រូវ​ប្ដូរ​ សម្លៀកបំពាក់ ដែល​នាង​ស្លៀក នៅ​ពេល​គេ​ចាប់​នាង​មក​ជា​ឈ្លើយ​សឹក​ចេញ​ នាង​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​កាន់​ទុក្ខ​ឪពុកម្ដាយ​របស់​ខ្លួន អស់​រយៈ​ពេល​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង រៀបការ​ជា​មួយ​នាង ហើយ​នាង​នឹង​ទៅ​ជា​ភរិយា​របស់​អ្នក។ ១៤ ក្រោយ​មក ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​នាង​ទៀត​ហើយ ចូរ​អោយ​នាង​ចេញ​ទៅ​ដោយ​សេរី​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បំរើ​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។

ច្បាប់​អំពី​សិទ្ធិ​ជា​កូន​ច្បង
១៥ «ប្រសិន​បើ​បុរស​ម្នាក់ ​មាន​ភរិយា​ពីរ គាត់​ស្រឡាញ់​ភរិយា​មួយ​ខ្លាំង​ជាង​ភរិយា​មួយ​ទៀត​ ហើយ​នាង​ទាំង​ពីរ​មាន​កូន​ប្រុស​ដូច​គ្នា តែ​កូន​ច្បង​ជា​កូន​របស់​នាង​ដែល​គាត់​មិន​សូវ​ស្រឡាញ់។ ១៦ នៅ​ពេល​ចែក​កេរមត៌ក​អោយ ​កូន គាត់​មិន​អាច​យក​ចំណែក​មត៌ក​ដែល​ត្រូវ​បាន​ទៅ​កូន​ច្បង អោយ​កូន​ប្រុស​របស់​ភរិយា ដែល​គាត់​ស្រឡាញ់​ជាង​នោះ​ឡើយ ចំណែក​នេះ​ត្រូវ​តែ​បាន​ទៅ​លើ​កូន​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ព្រោះ​គេ​ជា​កូន​ច្បង។ ១៧ គាត់​ត្រូវ​តែ​ទទួល​ ស្គាល់​ថា កូន​ច្បង គឺ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ហើយ​ប្រគល់​ចំណែក​មត៌ក​អោយ​កូន​នោះ​ពីរ​ដង​ច្រើន​ជាង​កូន​ឯ​ទៀតៗ ដ្បិត​កូន​នេះ​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ដូច្នេះ គេ​ទទួល​ឯកសិទ្ធិ​ជា​កូន​ច្បង»។

ច្បាប់​ស្ដី​អំពី​កូន​មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ
១៨ «ប្រសិន​បើ​បុរស​ម្នាក់ ​មាន​កូន​រឹងរូស​បះបោរ មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ ទោះ​បី​ឪពុកម្ដាយ​វាយ​ប្រដៅ ក៏​វា​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ដដែល ១៩ ឪពុកម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធា​ចារ្យ*​របស់​ទីក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្ដី។ ២០ ឪពុក​ម្ដាយ​​ពោល​ទៅ​កាន់​ ពួក​ព្រឹទ្ធាចារ្យ​របស់​ទីក្រុង​ថា “កូន​ប្រុស​របស់​យើង​ខ្ញុំ​នេះ​ជា​មនុស្ស​រឹងរូស ហើយ​បះបោរ​មិន​ស្ដាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ខិលខូចជា​មនុស្ស​ប្រមឹក”។ ២១ ប្រជាជន​ទាំង​អស់​នៅ​ ក្នុង​ទីក្រុង​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​កូន​នោះ។ ធ្វើ​ដូច្នេះ អ្នក​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​មូល​ដឹង​រឿង​នេះ ហើយ​គេ​នឹង​ភ័យ​ខ្លាច»។

ច្បាប់​ស្ដី​អំពី​អ្នក​ទោស​ដែល​គេ​ព្យួរ​ក
២២ «ប្រសិន​បើ​ជន​ណា​ម្នាក់​មាន​ទោស​ដល់​ស្លាប់ ហើយ​ត្រូវ​គេ​យក​ទៅ​ប្រហារ​ជីវិត ដោយ​ព្យួរ​ក ២៣ កុំ​ទុក​សាកសព​អ្នក​នោះ ​ជាប់​នៅ​លើ​ដើម​ឈើ​ដែល​គេ​ព្យួរ​ក រហូត​ដល់​យប់​ឡើយ គឺ​ត្រូវ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ថ្ងៃ​ដែល​គេ​សម្លាប់​នោះ ដ្បិត​អ្នក​ដែល​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរ ក ទទួល​បណ្ដាសា​ពី​ព្រះជាម្ចាស់​។ ដូច្នេះ មិន​ត្រូវ​ធ្វើ​អោយ​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ»។