ទុតិយកថា

 បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វាល​រហោ​ស្ថាន តាម​ផ្លូវ​សមុទ្រ​កក់​ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ។ ពួក​យើង​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្នុង​តំបន់​ភ្នំ​សៀរ​ជា​ច្រើន​ថ្ងៃ»។

ជន​ជាតិ​អ៊ីស្រាអែល​ដើរ​វាង​ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ស្រុក​អាំម៉ូន
 «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ៣ “អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​នេះ​យូរ​ហើយ ដូច្នេះ ចូរ​ចេញ​ដំណើរ​តម្រង់​ទៅ​ទិស​ខាង​ជើង។ ៤ ចូរ​បង្គាប់​ប្រជាជន​ថា: អ្នក​រាល់​គ្នា​ត្រូវ​ដើរ​កាត់​តាម​ទឹក​ដី​របស់​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ ដែល​រស់​នៅ​តំបន់​សៀរ។ ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា ក៏​ប៉ុន្តែ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន។ ៥ កុំ​ច្បាំង​នឹង​ពួក​គេ​ឡើយ យើង​មិន​ប្រគល់​ស្រុក​របស់​ពួក​គេ​អោយ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​ប៉ុន​បាត​ជើង​ក៏​យើង​មិន​អោយ​ដែរ ដ្បិត​យើង​បាន​ប្រគល់​តំបន់​ភ្នំ​សៀរ​អោយ​អេសាវ​កាន់​កាប់។ ៦ ត្រូវ​យក​ប្រាក់​ទិញ​ម្ហូប​អាហារ​ពី​ពួក​គេ​មក​បរិភោគ ហើយ​​​សូម្បី​តែ​ទឹក​ដែល​អ្នក​រាល់​គ្នា​ផឹក ក៏​ត្រូវ​បង់​ប្រាក់​ដែរ ៧ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​តាម​ថែរក្សា​អ្នក ក្នុង​ពេល​អ្នក​ធ្វើ​ដំណើរ​នៅ​វាល​រហោស្ថាន​ដ៏​ធំ​នេះ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក អស់​រយៈ​ពេល​សែសិប​ឆ្នាំ​មក​ហើយ អ្នក​មិន​ខ្វះ​ខាត​អ្វី​ទាល់​តែ​សោះ”។

 ពួក​យើង​ បាន​ដើរ​វាង​ស្រុក​របស់​កូន​ចៅ​លោក​អេសាវ ជា​បង​ប្អូន​របស់​យើង ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​សៀរ ហើយ​ពួក​យើង​ក៏​បាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្លូវ​ទៅ​តំបន់​អារ៉ាបា អេឡាត និង​អេសយ៉ូន-កេប៊ែរ ដែរ។ បន្ទាប់​មក ពួក​យើង​ប្ដូរ​ទិស​ចេញ​ដំណើរ​តាម​ផ្លូវ​ទៅ​វាល​រហោស្ថាន​ស្រុក​ម៉ូអាប់។

 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “មិន​ត្រូវ​វាយ​លុក​ស្រុក​ម៉ូអាប់​ឡើយ កុំ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ពួក​គេ​អោយ​សោះ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​គេ​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ក្រុង​អារ អោយ​កូន​ចៅ​របស់​ឡុត​ ទុក​ជា​កម្ម​សិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

១០ ពី​មុន ជន​ជាតិ​អេមីម​រស់​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន​ជាតិ​អណាក់​ដែរ។ ១១ អ្នក​ឯ​ទៀតៗ​ចាត់​ទុក​ពួក​នោះ​ជា​ជន​ជាតិ​រេផាអ៊ីម ដូច​ជន​ជាតិ​អណាក់​ដែរ។ ក៏​ប៉ុន្តែ ជន​ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា ជន​ជាតិ​អេមីម។ ១២ ពី​មុន ជន​ជាតិ​ហូរី​រស់​នៅ​ស្រុក​សៀរ តែ​កូន​ចៅ​របស់​លោក​អេសាវ​បាន​ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រម​ទាំង​កំទេច​ពួក​គេ​ចោល ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ ដូច​ជន​ជាតិ​អ៊ីស្រាអែល​ចាប់​យក​ស្រុក​ដែល​ព្រះអម្ចាស់​ប្រទាន​អោយ ដោយ​ដេញ​អ្នក​ស្រុក​នោះ​ចេញ​ពី​ស្រុក​ដែរ។

១៣ “ឥឡូវ​នេះ ចូរ​ក្រោក​ឡើង នាំ​គ្នា​ឆ្លង​កាត់​ជ្រោះ​សេរេដ”។ ពួក​យើង​ក៏​ឆ្លង​កាត់​ជ្រោះ​សេរេដ។ ១៤ ចាប់​ពី​ពេល​ពួក​យើង​ ធ្វើ​ដំណើរ​ពី​កាដែស-បារណេអា​មក​ទល់​ពេល​ឆ្លង​កាត់​ជ្រោះ​សេរេដ មាន​រយៈ​ពេល​ទាំង​អស់​សាមសិប​ប្រាំ​បី​ឆ្នាំ គឺ​រហូត​ដល់​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម​នៅ​ជំនាន់​ នោះ បាន​បាត់​បង់​​ជីវិត​អស់ ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​ពួក​គេ។ ១៥ ព្រះអម្ចាស់​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន​ជាតិ​អ៊ីស្រាអែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។

១៦ ពេល​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ ​ធ្វើ​សឹក​សង្គ្រាម បាន​ស្លាប់​បាត់​អស់​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ១៧ ព្រះ​អម្ចាស់​​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: ១៨ “ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំដែន​ស្រុក​ម៉ូអាប់ ហើយ​ឆ្លង​កាត់​ក្រុង​អារ ១៩ ឆ្ពោះ​ទៅ​កាន់​ស្រុក​ អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​អោយ​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​អោយ​កូន​ចៅ​របស់​ឡុត ធ្វើ​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

២០ គេ​ក៏​ ចាត់​ទុក​តំបន់​នោះ​ថា​ជា​ស្រុក​របស់​ជន​ជាតិ​រេផាអ៊ីម​ដែរ។ ពី​មុន ជន​ជាតិ​រេផាអីម​រស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​ជន​ជាតិ​អាំម៉ូន​ហៅ​ពួក​គេ​ថា ជន​ជាតិ​សាំស៊ូមីម។ ២១ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន​ជាតិ​អណាក់។ ព្រះអម្ចាស់​បាន​កំទេច​ពួក​គេ​នៅ​ចំពោះ​មុខ​ជន​ ជាតិ​អាំម៉ូន។ ជន​ជាតិ​អាំម៉ូន​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ហើយ​តាំង​ទី​លំនៅ​ជំនួស​ពួក​គេ។ ២២ ព្រះអម្ចាស់​ ធ្វើ​ដូច្នេះ សំរាប់​កូន​ចៅ​លោក​អេសាវ នៅ​ស្រុក​សៀរ​ដែរ គឺ​ព្រះអង្គ​បាន​កំទេច​ជន​ជាតិ​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ។ កូន​ចៅ​លោក​អេសាវ​បាន​បណ្ដេញ​ពួក​គេ​ចេញ ហើយ​តាំង​ទី​លំនៅ ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ២៣ ជន​ជាតិ​អាវី​ដែល​រស់​នៅ​តាម​ភូមិ​នានា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន​ជាតិ​កាប់ទរ ចេញ​មក​ពី​ស្រុក​កាប់ទរ កំទេច​អស់ ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។

២៤ “ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឆ្លង​កាត់​ស្ទឹង​អារណូន។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​ជន​ជាតិ​អាម៉ូរី និង​ជា​ស្ដេច​ក្រុង​ហេសបូន ព្រម​ទាំង​ទឹក​ដី​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​រៀបចំ​ទ័ព​វាយ​លុក​ស្រុក​គេ​ឥឡូវ​នេះ ហើយ​កាន់​កាប់​ស្រុក​នោះ​ចុះ! ២៥ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ធ្វើ​អោយ​ជាតិ​សាសន៍​នៅ​គ្រប់​ទី​កន្លែង​ភ័យ​ខ្លាច និង​កោត​ស្ញប់ស្ញែង​អ្នក។ ពេល​ណា​ឮ​សូរ​ឈ្មោះ​អ្នក គេ​នឹង​ភ័យ​ញាប់​ញ័រ ហើយ​តក់ស្លុត​នៅ​ចំពោះ​មុខ​អ្នក”»។

ជន​ជាតិ​អ៊ីស្រាអែល​វាយ​យក​នគរ​របស់​ស្ដេច​ស៊ីហុន
២៦ «ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោស្ថានកេដេម៉ុត អោយ​ទៅ​ជួប​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហេសបូន ដើម្បី​ទូល​ស្ដេច​ដោយ​សំរួល គឺ​ខ្ញុំ​អោយ​គេ​ទូល​ថា: ២៧ “យើង​ខ្ញុំ​ចង់​ឆ្លង​ កាត់​ស្រុក​របស់​ព្រះករុណា យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ យើង​ខ្ញុំ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ទេ។ ២៨ បើ​ព្រះករុណា​ ផ្គត់ផ្គង់​ម្ហូប​អាហារ និង​ទឹក​ដល់​យើង​ខ្ញុំ​បរិភោគ យើង​ខ្ញុំ​នឹង​បង់​ប្រាក់​ថ្វាយ​ព្រះករុណា យើង​ខ្ញុំ​សូម​ដើរ​កាត់​ស្រុក​របស់​ព្រះករុណា​តែ​ប៉ុណ្ណោះ។ ២៩ កូន​ចៅ​លោក​អេសាវ​ដែល​ រស់​នៅ​ស្រុក​សៀរ បាន​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ ហើយ​ជន​ជាតិ​ម៉ូអាប់​ដែល​រស់​នៅ​ក្រុង​អារ ក៏​បាន​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ​ដែរ។ ហេតុ​នេះ សូម​ព្រះករុណា​មេត្តា​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ ព្រះករុណា រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ប្រទាន​អោយ​យើង​ខ្ញុំ​នោះ​ផង”។ ៣០ ប៉ុន្តែ ព្រះបាទ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហេសបូន ពុំ​ព្រម​អោយ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ធ្វើ​អោយ​ស្ដេច​នោះ​មាន​ចិត្ត​មានះ និង​រឹងរូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។

៣១ ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “មើល៍ យើង​បាន​ប្រគល់​ស៊ីហុន និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ឥឡូវ​នេះ​ហើយ។ ដូច្នេះ ចូរ​ទៅ​ចាប់​យក​ស្រុក​នោះ​ឥឡូវ​នេះ​ចុះ”។ ៣២ ស្ដេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។ ៣៣ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ស្ដេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ស្ដេច​ស៊ីហុន និង​កូន​របស់​ស្ដេច ព្រម​ទាំង​កងទ័ព​ទាំង​មូល។ ៣៤ នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស៊ីហុន ហើយ​កំទេច​ពួក​គេ ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេង​ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។ ៣៥ ពួក​យើង​រឹប​អូស​តែ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ពី​ក្រុង​នានា​ ដែល​ពួក​យើង​ដណ្ដើម​យក​បាន​ប៉ុណ្ណោះ។ ៣៦ ចាប់​ពី​ក្រុង​ អារ៉ូអ៊ែរ ដែល​នៅ​តាម​មាត់​ស្ទឹង​អារណូន និង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ជ្រលង​ភ្នំ​រហូត​ដល់​ស្រុក​កាឡាដ គ្មាន​ក្រុង​ណា​មួយ​អាច​តទល់​នឹង​ពួក​យើង​ឡើយ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រគល់​ក្រុង​ទាំង​នោះ​មក​អោយ​ពួក​យើង។ ៣៧ ប៉ុន្តែ ពួក​យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​ជន​ជាតិ​អាំម៉ូន ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​មាត់​ស្ទឹង​យ៉ាបុក ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​តំបន់​ភ្នំ និង​ក្រុង​ឯ​ទៀតៗ​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ហាម​ឃាត់​នោះ​ឡើយ»។