ទុតិយកថា (១៨)

សិទ្ធិ​របស់​ពួក​បូជាចារ្យ និង​ពួក​លេវី
 «ពួក​បូជាចារ្យ​លេវី និង​កុលសម្ព័ន្ធ​លេវី​ទាំង​មូល គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក​នៅ​ស្រុក​អ៊ីស្រាអែល​ទេ គឺ​ពួក​គេ​មាន​តែ​អាហារ​ពី​យញ្ញបូជា និង​តង្វាយ​ផ្សេងៗ ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះអម្ចាស់​ប៉ុណ្ណោះ។ ២ ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះអម្ចាស់​ផ្ទាល់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ស្រាប់។ ៣ ពេល​ប្រជាជន​យក​គោ និង​ចៀម​មក​ថ្វាយ​ជា​យញ្ញបូជា ពួក​គេ​ត្រូវ​យក​សាច់​ស្មា សាច់​ថ្គាម និង​ក្រពះ ជូន​បូជាចារ្យ។ ៤ ត្រូវ​យក​ផល​ដំបូង​នៃ​ស្រូវ​របស់​អ្នក ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង និង​រោម​ចៀម​ដែល​អ្នក​កាត់​មុន​គេ ជូន​បូជាចារ្យ ៥ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​បូជាចារ្យ និង​ពូជពង្ស​របស់​លោក ពី​ចំណោម​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល អោយ​នៅ​បំរើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។

 ប្រសិន​បើ ​ពួក​លេវី​ម្នាក់​ចាក​ចេញ​ពី​ក្រុង​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដែល​ខ្លួន​រស់​នៅ ហើយ​មាន​បំណង​ទៅ​នៅ​កន្លែង​ដែល​ព្រះអម្ចាស់​ជ្រើស​រើស គាត់​អាច​បំពេញ​មុខងារ​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដូច​ពួក​លេវី​ឯ​ទៀតៗ​ជា​បង​ប្អូន​របស់​ខ្លួន ដែល​ធ្វើ​ការ​នៅ​ទីសក្ការៈ​នោះ ហើយ​គាត់​ក៏​អាច​ទទួល​អាហារ​មួយ​ចំណែក​ស្មើ​នឹង​ពួក​លេវី​ឯ​ទៀតៗ ថែម​ពី​លើ​អ្វីៗ​ដែល​គាត់​លក់​បាន»។

ព្យាការី​ក្លែងក្លាយ និង​ព្យាការី​ពិត​ប្រាកដ
 «កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ មិន​ត្រូវ​រៀន​យក​តំរាប់​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​ទាំង​នោះ​ឡើយ។ ១០ ក្នុង​ចំណោម​អ្នក​រាល់​ គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​។ មិន​ត្រូវ​អោយ​មាន​នរណា​ម្នាក់ បញ្ជាន់​រូប ទស្សន៍ទាយ ប្រព្រឹត្ត​មន្តអាគម ឬ​អំពើ​អាបធ្មប់ ១១ ធ្វើ​អំពើ ហើយ​ក៏​មិន​ត្រូវ​អោយ​នរណា​ម្នាក់​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ទៅ​រក​គ្រូ​ទាយ មើល​ជោគរាសី និង​ខាប​ព្រលឹង​ដែរ ១២ ដ្បិត​ព្រះអម្ចាស់​ ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​មនុស្ស​គួរ​ស្អប់​ខ្ពើម។ ព្រោះ​តែ​ប្រជាជាតិ​នានា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ហើយ បាន​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។ ១៣ អ្នក​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ជានិច្ច។ ១៤ ប្រជាជាតិ​ទាំងឡាយ​ដែល​អ្នក​នឹង​ដេញ​ចេញ​ពី​ទឹក​ដី តែងតែ​ស្ដាប់​ពាក្យ​របស់​គ្រូ​ទស្សន៍ទាយ និង​គ្រូ​ធ្មប់។ ចំណែក​ឯ​អ្នក​វិញ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​អោយ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ឡើយ។

១៥ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​អោយ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ក្នុង​ចំណោម​អ្នក ហើយ​លោក​ជា​បង​ប្អូន​របស់​អ្នក។ ចូរ​នាំ​គ្នា​ស្ដាប់​តាម​ព្យាការី​នោះ​ចុះ ១៦ ដ្បិត​នៅ​ថ្ងៃ​អ្នក​ជួបជុំ​គ្នា​នៅ​ហូរែប អ្នក​បាន​ទូល​សូម​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បែប​នេះ​ឯង គឺ​អ្នក​ពោល​ថា “សូម​កុំ​អោយ​យើង​ខ្ញុំ​ឮ​ព្រះសូរ​សៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ត​ទៅ​ទៀត ហើយ​​ក៏​កុំ​អោយ​យើង​ខ្ញុំ​ឃើញ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នេះ​ដែរ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់”។ ១៧ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “សេចក្ដី​ដែល​ពួក​គេ​និយាយ​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ១៨ យើង​នឹង​ធ្វើ​អោយ​មាន​ ព្យាការី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​ព្រះបន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ព្យាការី​នោះ លោក​នឹង​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​។ ១៩ អ្នក​ណា​មិន​ស្ដាប់​ពាក្យ​ដែល​លោក​ថ្លែង ក្នុង​នាម​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​នោះ។ ២០ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្យាការី​ណា​ម្នាក់​ហ៊ាន​ថ្លែង​ពាក្យ​អ្វី​មួយ​ក្នុង​នាម​យើង ជា​ពាក្យ​ដែល​យើង​មិន​បាន​បង្គាប់​អោយ​ថ្លែង ឬ​ប្រសិន​បើ​គេ​ថ្លែង​ពាក្យ​ក្នុង​នាម​ព្រះ​ដទៃ​ទៀត ព្យាការី​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់”។ ២១ អ្នក​ប្រហែល​ជា​សួរ​ថា តើ​ធ្វើ​ដូច​ម្ដេច​អោយ​ដឹង​ថា ពាក្យ​ណា​មួយ​ដែល​មិន​មែន​មក​ពី​ព្រះអម្ចាស់។ ២២ ពេល​ព្យាការី​ណា​ម្នាក់​ថ្លែង​ពាក្យ​ក្នុង​នាម​របស់​ព្រះអម្ចាស់ តែ​មិន​ឃើញ​មាន​ហេតុការ​ណ៍​អ្វី​កើត​ឡើង ដូច​ពាក្យ​គេ​ប្រកាស​ទេ បាន​សេចក្ដី​ថា​ពាក្យ​នោះ​មិន​មែន​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទេ។ ព្យាការី​នោះ​ហ៊ាន​និយាយ​ដោយ​ចិត្ត​ឯង ដូច្នេះ កុំ​ខ្លាច​គេ​អោយ​សោះ»។