ទុតិយកថា (១៧)

 កុំ​យក​គោ ឬ​កូន​ចៀម ដែល​មាន​ស្លាកស្នាម ឬ​ពិការ ថ្វាយ​ជា​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ ដ្បិត​ព្រះអង្គ​ស្អប់​ខ្ពើម​យញ្ញបូជា​បែប​នេះ។

 ក្នុង​ចំណោម​អ្នក ប្រហែល​ជា​មាន​ប្រុស​ម្នាក់ ឬ​ស្រី​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​គាប់​ព្រះហឫទ័យ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ក្រុង​ដែល​ព្រះអង្គ​ប្រទាន​អោយ គឺ​អ្នក​នោះ​បំពាន​លើ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ទៅ​គោរព​បំរើ​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ឬ​ក្រាប​ថ្វាយបង្គំ​ព្រះអាទិត្យ ព្រះ ច័ន្ទ និង​ហ្វូងតារា​ទាំង​ប៉ុន្មាន ផ្ទុយ​ពី​សេចក្ដី​ដែល​ខ្ញុំ​​បាន​បង្គាប់។  ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើបសួរ​អោយ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​បញ្ជាក់​ថា ហេតុការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រាអែល​មែន ត្រូវ​នាំ​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ ទៅ​មាត់​ទ្វារ​ក្រុង ហើយ​យក​ដុំ​ថ្ម​គប់ រហូត​ទាល់​តែ​ស្លាប់។ ជន​ជាប់​ចោទ​នោះ​មាន​ទោស​ ដល់​ស្លាប់ ល្គឹកណា​តែ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ធ្វើ​ជា​សាក្សី។ ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​ប្រហារ​ជីវិត​ជន​ជាប់​ចោទ​នោះ​ឡើយ។  សាក្សី​ត្រូវ​យក​ដុំ​ថ្ម​ គប់​សម្លាប់​អ្នក​នោះ​មុន​គេ បន្ទាប់​មក ទើប​ប្រជាជន​គប់​តាម​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។

ការ​កាត់​ក្ដី
 «ចំពោះ​ឃាតកម្ម ការ​ប្ដឹង​ផ្ដល់​គ្នា និង​ការ​វាយ​គ្នា​អោយ​មាន​របួស ជា​ករណី​ដែល​ពិបាក​កាត់​ក្ដី នៅ​ក្នុង​ក្រុង​របស់​អ្នក ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ ៩ អ្នក​ត្រូវ​ទៅ​ជួប​ពួក​ បូជាចារ្យ​លេវី និង​ចៅក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។ ១០ ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ព្រះអម្ចាស់​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែនាំ​អោយ​បាន​ឥត​ខ្ចោះ។ ១១ ចូរ​ធ្វើ​អោយ​ត្រឹម​ត្រូវ​តាមច្បាប់ ដែល​លោក​ទាំង​នោះ​ណែនាំ និង​ការ​វិនិច្ឆ័យ​ដែល​ពួក​លោក​បាន​សំរេច គឺ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​អារ​កាត់ ឥត​លំអៀង​ឡើយ​។ ១២ អ្នក​ណា​តាំង​ចិត្ត​មានះ មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បូជាចារ្យ* ដែល​បាន​ទទួល​តំណែង​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ឬ​មិន​ស្ដាប់​ពាក្យ​របស់​ចៅក្រម​ទេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។ ១៣ ប្រជាជន​ទាំង​អស់​ឮ​ដំណឹង​នេះ គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ហ៊ាន​តាំង​ចិត្ត​មានះ​បែប​នេះ​ទៀត​ឡើយ»។

ច្បាប់​ស្ដី​អំពី​ព្រះមហាក្សត្រ
១៤ «ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះអម្ចាស់​ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្ដេច​មួយ​អង្គ​គ្រប់គ្រង​លើ​អ្នក ដូច​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​​ដែរ។ ១៥ អ្នក​ត្រូវ​តែងតាំង​ស្ដេច ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ អ្នក​ត្រូវ​តែងតាំង​ស្ដេច​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែងតាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។ ១៦ ស្ដេច​របស់​អ្នក​មិន​ ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​អោយ​ប្រជាជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​អោយ​ច្រើន​ដែរ ដ្បិត​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។ ១៧ ​ស្ដេច​របស់​អ្នក​មិន​ ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះជាម្ចាស់។ ស្ដេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។ ១៨ ពេល​ណា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​អោយ​ស្ដេច​យកគម្ពីរវិន័យ​នេះ​ពី​បូជាចារ្យ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។ ១៩ សៀវភៅ​នេះ​ត្រូវ​នៅ​ជាប់​ជា​មួយ​ស្ដេច​ជានិច្ច ហើយ​ស្ដេច​អាន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រម​ទាំង​កាន់ ហើយ​ប្រតិបត្តិ​តាមសេចក្ដី ក្រឹត្យវិន័យ ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​គម្ពីរ​វិន័យ​នេះ។ ២០ ធ្វើ​ដូច្នេះ ស្ដេច​នឹង​គ្មាន​គំនិត​តម្កើង​ខ្លួន​ខ្ពស់​ជាង​ជន​រួម​ជាតិ​ឡើយ ហើយ​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ដោយ​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ​ដែរ ដើម្បី​អោយ​ស្ដេច និង​រាជវង្ស​របស់​ស្ដេច គ្រង​រាជ្យ​បាន​យូរ​ឆ្នាំ​លើ​ជន​ជាតិ​អ៊ីស្រាអែល»។