ទុតិយកថា (១៤)

ការ​ហាម​មិន​អោយ​ធ្វើ​ពិធី​ឆូត​សាច់
 «អ្នក​រាល់​គ្នា​ជា​បុត្រធីតា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ ២ ដ្បិត​អ្នក​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី អោយ​ធ្វើ​ជា​ប្រជា រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់»។

សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ
 «កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន គឺ​មាន​គោ ចៀម និង​ពពែ ឈ្លូស ក្ដាន់ រមាំង ពពែ​ភ្នំ ប្រើស ទន្សោង ទ្រាយ។ ៦ អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ទាំង​អស់​ដែល​មាន​ក្រចក​ជើង​ឆែក​ជា​ពីរ ហើយ​ជា​សត្វ​ទំពាអៀង។ ៧ ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពាអៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពាអៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។ រីឯ​ជ្រូក​ក៏​មិន​ត្រូវ​ បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពាអៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះពាល់​ខ្មោច​វា​ដែរ។

 ក្នុង​ចំណោម​សត្វ​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​អាច​បរិភោគ​ត្រី​ទាំង​អស់ ដែល​មាន​ព្រុយ និង​មាន​ស្រកា។ ១០ ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។

១១ អ្នក​អាច​បរិភោគ​សត្វ​ស្លាប​បរិសុទ្ធ​ទាំង​អស់។ ១២ ប៉ុន្តែ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ គឺ​ត្មាត ខ្លែងស្រាក និង​ខ្លែង ១៣ ល្អូត រអាត ស្ទាំង និង​ពពួក​សត្វ​ប្រភេទ​នេះ ១៤ ក្អែក​គ្រប់​ប្រភេទ ១៥ អូទ្រីច ទីទុយ រំពេ ប្រមង់ និង​ពពួក​សត្វ​ប្រភេទ​នេះ ១៦ គូក មៀម អក ១៧ ទុង ក្អែក​ទឹក ស្មោញ ១៨ កុក ក្រសារ និង​ពពួក​សត្វ​ប្រភេទ​នេះ ព្រម​ទាំង​ត្រសេះ និង​ប្រចៀវ។ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ល្អិត​ដែល​មាន​ស្លាប​ទាំង​អស់ ជា​សត្វ​មិន​បរិសុទ្ធ គឺ​មិន​ត្រូវ​បរិភោគ​ឡើយ។ ២០ អ្នក​រាល់​គ្នា​បរិភោគ​បាន​តែ​សត្វ​ស្លាប​ណា​ដែល​បរិសុទ្ធ។

 ២១ មិន​ ត្រូវ​បរិភោគ​សាច់​សត្វ ដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ ត្រូវ​អោយ​សត្វ​នោះ​ទៅ​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​បរិភោគ ឬ​លក់​អោយ​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជាជន​ដ៏វិសុទ្ធ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

តង្វាយ​មួយ​ភាគ​ដប់
២២ «រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគផល​ពី​ស្រែ​ចំការ​របស់​អ្នក​ចំនួន​មួយ​ភាគ​ដប់ ទុក​ជា​តង្វាយ។ ២៣ ត្រូវ​បរិភោគ​តង្វាយ​ មួយ​ភាគ​ដប់ ដែល​អ្នក​ញែក​ចេញ​ពី​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ ដើម្បី​អោយ​អ្នក​រៀន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រហូត​ត​ទៅ។ ២៤ ប្រសិន​បើ​ផ្ទះ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​តង្វាយ​មួយ​ភាគ​ដប់ ​នៃ​ភោគផល​ដែល​អ្នក​បាន​ ទទួល ដោយសារ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​ទេ​នោះ ២៥ ចូរ​លក់​តង្វាយ​មួយ​ ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។ ២៦ ពេល​ទៅ​ដល់ អ្នក​អាច​ទិញ​អ្វីៗ​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា​គោ ចៀម ស្រា​ទំពាំងបាយជូរ ឬ​ស្រា​ផ្សេង​ទៀត គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​អោយ​អ្នក​សប្បាយ​ចិត្ត រួច​បរិភោគ​ដោយ​រីករាយ​ជា​មួយ​ក្រុម​គ្រួសារ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ២៧ កុំ​ភ្លេច​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​ឡើយ ដ្បិត​គេ​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក​ទេ។

២៨ បី​ឆ្នាំ​ម្ដង ត្រូវ​យក​ភោគផល​ដែល​អ្នក​ទទួល​នៅ​ឆ្នាំ​ទី​បី ចំនួន​មួយ​ភាគ​ដប់ ចេញ​មក​ដាក់​ក្នុង​ក្រុង​ដែល​អ្នក​រស់​នៅ។ ២៩  ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អោយ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។