ទុតិយកថា (១២)

វិន័យ និង​ច្បាប់​ផ្សេងៗ
ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅ​កន្លែង​តែ​មួយ

 «នេះ​ជាក្រឹត្យ​វិន័យ និងច្បាប់​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ​ទុក​ជា​កម្មសិទ្ធិ។

២ ត្រូវ​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ប្រជាជាតិ​នានា​ថ្វាយ​សក្ការបូជា​ដល់​ព្រះ​របស់​គេ នៅ​តាម​ភ្នំ​តូច​ធំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ឥត​ទុក​អោយ​នៅ​សល់​ឡើយ។ ៣ ចូរ​ផ្ដួល​រំលំ​អាសនៈ​ របស់​ពួក​គេ ចូរ​កំទេច​ស្ដូប​របស់​ពួក​គេ ចូរ​ដុត​បំផ្លាញ​បង្គោល​របស់​ព្រះ​អាសេរ៉ា ព្រម​ទាំង​រំលំ​រូប​បដិមា​នៃ​ព្រះ​របស់​ពួក​គេ និង​លុប​បំបាត់​ឈ្មោះ​របស់​ព្រះ​នានា​អោយ​អស់​ពី​កន្លែង​នោះ​ផង។

 ក្នុង​ការ​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​យក​តំរាប់​តាម​ជាតិ​សាសន៍​ទាំង​នោះ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​កន្លែង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ។ ត្រូវ​យក​តង្វាយ​ដុត​ទាំង ​មូល* យញ្ញបូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ព្រះអង្គ​នៅ​កន្លែង​នោះ។ ត្រូវ​បរិភោគ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​ គ្នា ដោយសារ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។

 នៅ​ពេល​ ខាង​មុខ មិន​ត្រូវ​ប្រព្រឹត្ត​ដូច​យើង​ប្រព្រឹត្ត​នៅ​ពេល​នេះ​ឡើយ គឺ​នៅ​ទី​នេះ យើង​ម្នាក់ៗ​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ល្អ ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​សុខសាន្ត ជា​ទឹក​ដី​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ​ជា​កេរមត៌ក​នៅ​ឡើយ​ទេ។ ១០ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​អ្នក​រាល់​គ្នា ទុក​ជា​កេរមត៌ក។ ព្រះអង្គ​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក ដោយ​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត។ ១១ ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល​យញ្ញបូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស និង​តង្វាយ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ថ្វាយ​ព្រះអម្ចាស់។ ១២ អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បំរើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។

១៣ ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​តង្វាយ​ដុត​របស់​អ្នក​ទៅ​ថ្វាយ​នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន ដែល​អ្នក​ឃើញ​នោះ​ឡើយ ១៤ គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក តែ​នៅ​កន្លែង​ដែល​ព្រះអម្ចាស់​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​មួយ​របស់​អ្នក។ នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។ ១៥ ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​អោយ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ តាម​ចិត្ត​ប៉ងប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធ​អាច​បរិភោគ​សាច់​នេះ ដូច​ជា​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។ ១៦ ចំណែក​ឯ​ឈាម​វិញ កុំ​បរិភោគ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។

១៧ រីឯ​តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​ត្រូវ​ថ្វាយ​ព្រះអម្ចាស់ គឺ​មាន​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​តង្វាយ​ផ្សេងៗ​ទៀត ដូច​ជា​តង្វាយ​លា​បំណន់ តង្វាយ​ស្ម័គ្រ​ចិត្ត និង​តង្វាយ​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។ ១៨ ត្រូវ​បរិភោគ​តង្វាយ​ទាំង​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បំរើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយសារ​ភោគផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។ ១៩ ដរាប​ណា​អ្នក​រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក ចូរ​ប្រយ័ត្ន កុំ​បំភ្លេច​ពួក​លេវី​ឡើយ។

២០ នៅ​ពេល​ណា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​របស់​អ្នក ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​ហើយ ប្រសិន​បើ​អ្នក​នឹក​ភ្នក​ចង់​បរិភោគ​សាច់ នោះ​អ្នក​អាច​បរិភោគ​តាម​ចិត្ត​ប៉ងប្រាថ្នា។ ២១ ប្រសិន​បើ​កន្លែង​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​សំរាប់​សំដែង​ព្រះនាម​ព្រះអង្គ ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក នោះ​អ្នក​អាច​សម្លាប់​គោ ឬ​ចៀម​ដែល​ព្រះអម្ចាស់​ប្រទាន​មក​អ្នក តាម​របៀប​ដូច​ខ្ញុំ​បាន​បង្គាប់​ទុក រួច​បរិភោគ​សាច់​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ តាម​ចិត្ត​ប៉ងប្រាថ្នា។ ២២ ចូរ​បរិភោគ​សាច់​សត្វ​ នោះ ដូច​គេ​បរិភោគ​សាច់​ក្ដាន់ និង​សាច់​ឈ្លូស​ដែរ គឺ​ទាំង​មនុស្ស​មិន​បរិសុទ្ធ ទាំង​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​ដូច​គ្នា។ ២៣ ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ដ្បិត​ឈាម​ជា​ជីវិត។ ដូច្នេះ មិន​ត្រូវ​បរិភោគ​ជីវិត​ជា​មួយ​សាច់​ឡើយ។ ២៤ កុំ​បរិភោគ​ឈាម​អោយ​សោះ ចូរ​ចាក់​ឈាម​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។ ២៥ កុំ​បរិភោគ​ឈាម​អោយ​សោះ ធ្វើ​ដូច្នេះ អ្នក និង​កូន​ចៅ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ មុខ​ជា​មាន​សុភមង្គល ដោយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។

២៦ ចំណែក​ឯ​សត្វ​ ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ​អម្ចាស់ ឬ​តង្វាយ​លា​បំណន់ ត្រូវ​នាំ​យក​ទៅ​ថ្វាយ​នៅ​កន្លែង​ដែលព្រះអម្ចាស់​ជ្រើស​រើស។ ២៧ ចំពោះ​តង្វាយ​ដុត​ទាំង​មូល ត្រូវ​យក ​ទាំង​សាច់​ទាំង​ឈាម​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអម្ចា​ស់ ជា​ព្រះ​របស់​អ្នក។ រីឯ​យញ្ញបូជា​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។

២៨ ចូរ​ ស្ដាប់ និង​កាន់​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​អោយ​អ្នក និង​កូន​ចៅ​របស់​អ្នក នៅ​ជំនាន់​ក្រោយ មាន​សុភមង្គល​រហូត​ត​ទៅ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ និង​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។

២៩ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​កំចាត់​ប្រជាជាតិ​នានា​ចេញ​អស់​ពី​ស្រុក ដែល​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កាប់។ ពេល​នោះ អ្នក​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក រួច​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។ ៣០ ពេល​ណា​ប្រជាជាតិ​ទាំង​ នោះ​រលាយ​សូន្យ​បាត់​ពី​មុខ​របស់​អ្នក​ហើយ ចូរ​ប្រយ័ត្ន ក្រែង​លោ​អ្នក​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ដោយ​យក​តំរាប់​តាម​ពួក​គេ។ មិន​ត្រូវ​សាក​សួរ​ចង់​ដឹង​អំពី​ព្រះ​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​សួរ​អំពី​របៀប​ដែល​ពួក​គេ​គោរព​បំរើ​ព្រះ​របស់​ខ្លួន ក្នុង​គោល​បំណង​ធ្វើ​ដូច​ពួក​គេ​ដែរ។ ៣១ មិន​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក តាម​របៀប​ថ្វាយបង្គំ​ព្រះ​របស់​ប្រជាជាតិ​នានា​ឡើយ។ ប្រជាជាតិ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ដើម្បី​គោរព​បំរើ​ព្រះ​របស់​ខ្លួន​ជា​អំពើ​ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ។ សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ ក៏​ពួក​គេ​យក​ទៅ​ដុត​ជា​សក្ការបូជា​ដល់​ព្រះ​ទាំង​នោះ​ដែរ។