លោកដានីអែល (០៩)

ពាក្យ​អធិស្ឋាន​របស់​លោក​ដានីអែល
 នៅ​ឆ្នាំ​ទី​មួយ​នៃ​ រជ្ជកាល​ព្រះចៅ​ដារីយូស ជា​បុត្រ​របស់​ព្រះចៅ​អាស្យរូស ជា​សាសន៍​ម៉ែដ ដែល​គេ​បាន​អភិសេក​ជា​ស្ដេច​របស់​រាជាណាចក្រ​ខាល់ដេ គឺ​ឆ្នាំ​ទី​មួយ​ដែល​ទ្រង់​ឡើង​គ្រង​រាជ្យ ខ្ញុំ​ដានីអែល​បាន​អាន​ព្រះគម្ពីរ ហើយ​យល់​អត្ថន័យ​នៃ​ចំនួន​ឆ្នាំ​ដែល​ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ទុក​តាម​រយៈ​ព្យាការី​យេរេមី ស្ដី​អំពី​ក្រុង​យេរូសាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិតសិប​ឆ្នាំ។ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​ព្រះជាអម្ចាស់ ដើម្បី​អធិស្ឋាន​ទទូច​អង្វរ​ព្រះអង្គ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។ ខ្ញុំ​ទូលអង្វរ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ព្រះអង្គ​ដូច​ត​ទៅ:

“បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ហើយ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ!យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះបោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ​បញ្ជា និង​វិន័យ​របស់​ព្រះអង្គ។យើង​ខ្ញុំ​ពុំ​បាន​យក​ ចិត្ត​ទុក​ដាក់​ស្ដាប់​អស់​លោក​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​បាន​ថ្លែង​ព្រះបន្ទូល​ក្នុង​នាម​ព្រះអង្គ​ថ្វាយ​ស្ដេច​ប្រាប់​នាម៉ឺន​ បុព្វបុរស និង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។  បពិត្រ​ព្រះអម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូសាឡឹម និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ព្រះអង្គ​បណ្ដេញ​អោយ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ។បពិត្រ​ព្រះអម្ចាស់ យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វបុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ ព្រះអង្គ។  ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ តែ​ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិតអាសូរ ហើយ​លើកលែង​ទោស​អោយ​យើង​ខ្ញុំ​ជានិច្ច។ ១០យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ តាម​រយៈ​អស់​លោក​ព្យាការី ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ។ ១១ ជន​ជាតិ​អ៊ីស្រាអែល​ ទាំង​មូល បាន​បំពាន​លើ​វិន័យ​របស់​ព្រះអង្គ ហើយ​ងាក​ចេញ​ពុំ​ព្រម​ស្ដាប់​ព្រះសូរ​សៀង​​របស់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា ទំនាយ​ផ្សេងៗ ដែល​មាន​ចែង​ទុក​ក្នុងវិន័យ​របស់​លោក​ម៉ូសេ​ ជា​អ្នក​បំរើ​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអង្គ។ ១២ ព្រះអង្គ​បាន​ ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ធ្វើ​អោយ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​ វេទនា ដែល​ក្រុង​យេរូសាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។ ១៣ ទុក្ខ​វេទនា​ទាំង​នេះ​ កើត​មាន​ដល់​យើង​ខ្ញុំ ដូច​មាន​ចែង​ទុក​ក្នុងវិន័យ​របស់​លោក​ម៉ូសេ តែ​យើង​ខ្ញុំ​ពុំ​បាន​ទូលអង្វរ​សុំ​សេចក្ដី​សន្ដោស​ពី​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​បែរ​ចេញ​ពី​កំហុស ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​សេចក្ដី​ពិត​ដែរ។ ១៤ ព្រះអម្ចាស់​មិន​រារែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​ឡើយ។

១៥ ឥឡូវ​ នេះ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ធ្វើ​អោយ​ព្រះកិត្តិនាម​របស់​ព្រះអង្គ​ល្បី​រន្ទឺ​ដូច​ សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ហើយ​មាន​ទោស។ ១៦ ឱ​ព្រះអម្ចាស់​អើយ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ចេញ​ពី​ក្រុង​យេរូសាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ ដ្បិត​សាសន៍​ទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់ងាយ​ក្រុង​យេរូសាឡឹម និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វបុរស​យើង​ខ្ញុំ។ ១៧ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​ព្រះអង្គ​ផង។ ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ សូម​សំដែង​ព្រះហឫទ័យ​ប្រណី​មេត្តា​ចំពោះ​ទីសក្ការៈ​របស់​ព្រះអង្គ​ដែល​ត្រូវ ​គេ​បំផ្លាញ​នេះ​ផង។ ១៨ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ សូម​ទត​មើល​ក្រុង​បាក់​បែក​ដែល​ជា​ព្រះដំណាក់​របស់​ព្រះអង្គ​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ព្រះអង្គ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ព្រះហឫទ័យ​អាណិតអាសូរ​ដ៏​ធំធេង​របស់​ ព្រះអង្គ។ ១៩ ព្រះអម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះអម្ចាស់​អើយ សូម​អត់ទោស​អោយ​យើង​ខ្ញុំ​ផង! ព្រះអម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជារាស្ត្រ​នេះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ”។

ទេវទូត​កាព្រីអែល​ពន្យល់​ទំនាយ
២០ ខ្ញុំ​បាន​រៀប​រាប់​ ទូលអង្វរ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជាជាតិ​អ៊ីស្រា​អែល ហើយ​ខ្ញុំ​ក៏​បាន​ទូលអង្វរ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ២១ ពេល​ខ្ញុំ​កំពុង​តែ​ អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវទូត*​កាព្រីអែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ​កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។ ២២លោក​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «លោក​ដានីអែល​អើយ ខ្ញុំ​មក​ពេល​នេះ ដើម្បី​ណែនាំ​លោក​អោយ​បាន​យល់។ ២៣នៅ​ពេល​លោក​ចាប់​ផ្ដើម​ ទូលអង្វរ​ព្រះជាម្ចាស់ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជំរាប​លោក ដ្បិត​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់។ សូម​ពិចារណា​ព្រះបន្ទូល​នេះ ហើយ​យល់​អត្ថន័យ​របស់​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ចុះ។ ២៤ ព្រះអង្គ​បាន​កំណត់​ពេល ​ប្រាំពីរ​ឆ្នាំ ចិតសិប​ដង សំរាប់​ប្រជាជន និង​ក្រុង​ដ៏វិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើកលែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់កល្ប​ជានិច្ច ហើយ​សំរេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្តហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ព្យាការី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទីសក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ថ្វាយ​ព្រះអម្ចាស់។ ២៥ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថន័យ​នេះ​ចុះ! ចាប់​ពី​ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល ស្ដី​អំពី​ការ​រៀបចំ​សង់​ក្រុង​យេរូសាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​ព្រះមេស្ស៊ី*​យាង​មក​ដល់​មាន​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ ប្រាំពីរ​ដង ហើយ​នៅ​ប្រាំពីរ​ឆ្នាំ​ហុកសិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ​ជា​គ្រា​មួយ​ដ៏​សែន​វេទនា។ ២៦ លុះ​រយៈ​ពេល​ប្រាំពីរ​ ឆ្នាំ​ហុកសិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ លោក​ដែល​គេ​ចាក់​ប្រេង​អភិសេក នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការពារ​លោក​ទេ។ ប្រជាជាតិ​របស់​ស្ដេច​មួយ​អង្គ​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទីសក្ការៈ។ នៅ​ទី​បញ្ចប់ ស្ដេច​នោះ នឹង​ទទួល​ទោស​ពី​ព្រះជាម្ចាស់។ ប៉ុន្តែ ស្ដេច​នោះ​នឹង​បន្ត​ធ្វើ​សឹក​បំផ្លិច​បំ​ផ្លាញ រហូត​ដល់​សោយ​ទិវង្គត​ដូច​បាន​កំណត់​ទុក​។ ២៧ក្នុង​រយៈ​ពេល​ប្រាំពីរ ​ឆ្នាំ ស្ដេច​នោះ​នឹង​បង្ខំ​អោយ​ប្រជាជាតិ​ជា​ច្រើន​ចុះ​សន្ធិសញ្ញា​យ៉ាង​តឹងរ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្ដេច​បញ្ឈប់​លែង​អោយ​មាន​ការ​ថ្វាយ​យញ្ញបូជា ឬ​ថ្វាយ​តង្វាយ​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្តរាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។