លោក​ដានីអែល (០៦)

១(៥.៣១) ព្រះចៅ​ដារីយូស​ជា​ជន​ជាតិ​ម៉ែដ​បាន​ឡើង​ស្នង​រាជ្យ ក្នុង​ជន្មាយុ​ហុកសិប​ពីរ​ព្រះវស្សា។

លោក​ដានីអែល​នៅ​ក្នុង​រូង​តោ
២(១) ព្រះចៅ​ដារីយូស ​សព្វ​ព្រះហឫទ័យ​តែងតាំង​មេទ័ព​មួយ​រយ​ម្ភៃ​រូប អោយ​គ្រប់គ្រង​លើ​រាជាណាចក្រ​ទាំង​មូល។ ៣(២)ស្ដេច​តែងតាំង​មហា​មន្ត្រី ​បី​រូប​អោយ​ធ្វើ​ជា​ប្រមុខ​លើ​មេទ័ព​ទាំង​នោះ។ មេទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ លោក​ដានីអែល​ជា​មហាមន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មហាមន្ត្រី​ទាំង​បី។ ៤(៣) ក្នុង​ចំណោម​មហាមន្ត្រី​ ទាំង​បី​រូប និង​មេទ័ព​ទាំង​អស់ លោក​ដានីអែល​ប្រសើរ​ជាង​គេ ព្រោះ​លោក​មាន​ប្រាជ្ញា​ឈ្លាសវៃ​បំផុត។ ព្រះរាជា​មាន​បំណង​តែងតាំង​លោក​អោយ​គ្រប់គ្រង​លើ​រាជាណាចក្រ​ទាំង​មូល។

៥(៤) ពេល​នោះ មហាមន្ត្រី​ឯ​ទៀតៗ និង​ពួក​មេទ័ព​រិះ​រក​មូល​ហេតុ​ណា​មួយ ដែល​ជាប់​ទាក់ទង​នឹង​ការងារ​ក្នុង​រាជាណាចក្រ ដើម្បី​ចោទ​ប្រកាន់​លោក​ដានីអែល តែ​ពួក​គេ​ពុំ​អាច​រក​ឃើញ​មូល​ហេតុ ឬ​កំហុស​ណា​មួយ​បាន​ទេ ដ្បិត​លោក​ដានីអែល​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​ការងារ មិន​ដែល​ធ្វេសប្រហែស ឬ​មាន​កំហុស​ណា​មួយ​ឡើយ។ ៦(៥) អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ ចាប់​កំហុស​លោក​ដានីអែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ  ដែល​ជាប់​ទាក់ទង​នឹងវិន័យ​របស់​ព្រះ​គាត់»។

៧(៦)បន្ទាប់​មក ពួក​មហាមន្ត្រី និង​ចៅហ្វាយ​ខេត្ត​បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះមហាក្សត្រ​ទូល​ថា៖ «បពិត្រ​ព្រះមហាក្សត្រ​ដារីយូស សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ! ៨(៧) ​មហាមន្ត្រី​ទាំង​អស់​ ក្នុង​រាជាណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋបាល មេទ័ព​ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​អោយ​ស្ដេច​ចេញ​រាជក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “បពិត្រ​ព្រះរាជា​ក្នុង​អំឡុង​ពេល​សាម​សិប​ថ្ងៃ បើ​អ្នក​ណា​ទូលអង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់​ក្រៅ​ពី​ព្រះករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។ ៩(៨) បពិត្រ​ព្រះរាជា ឥឡូវ​នេះ​សូម​ទ្រង់​ឡាយ​ព្រះហស្ដ​លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​អោយ​បាន​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។

១០(៩) ព្រះចៅ​ដារីយូស​ ក៏​ឡាយ​ព្រះហស្ដ​លេខា​លើ​រាជក្រឹត្យ​ប្រកាស​បំរាម​នោះ។

១១(១០) កាល​លោក ​ដានីអែល​បាន​ជ្រាប​អំពី​រាជក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ​ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូសាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។

១២(១១) ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានីអែល​កំពុង​តែ​ទូលអង្វរ​ព្រះ​របស់​លោក។ ១៣(១២)ពួក​គេ​នាំ​គ្នា​ចូល​ទៅ ​គាល់​ស្ដេច ទូល​អំពី​រាជ​បំរាម​នោះ​ថា៖ «បពិត្រ​ព្រះរាជា! តើ​ទ្រង់​បាន​ឡាយ​ព្រះហស្ដ​លេខា​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាមសិប​ថ្ងៃ បើ​អ្នក​ណា​ទូលអង្វរ​ព្រះ ឬ​មនុស្ស​ក្រៅ​ពី​ព្រះករុណា​អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ ឬ?»។ ព្រះ​ម​ហាក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សំរេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។

១៤(១៣) ពួក​គេ​ ក៏​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះរាជា លោក​ដានីអែល ​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា​ពុំ​បាន​អើពើ​នឹង​ ព្រះករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។

១៥(១៤) កាល​ស្ដេច​ព្រះសណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះហឫ​ទ័យ​ជា​ខ្លាំង។ ព្រះរាជា​ចង់​ដោះ​លែង​លោក​ដានីអែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោបាយ​ដោះ​លែង​លោក​ដានីអែល។ ១៦(១៥) ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ លើក​គ្នា​មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះរាជា! សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស រាជ​បំរាម និង​រាជក្រឹត្យ​ទាំង​ប៉ុន្មាន​ដែល​មាន​ឡាយ​ព្រះហស្ដ​លេខា​របស់​ ព្រះមហាក្សត្រ​មិន​អាច​ប្រែប្រួល​បាន​ជា​ដាច់​ខាត!»។ ១៧(១៦) ព្រះមហាក្សត្រ​បញ្ជា​ អោយ​គេ​នាំ​លោក​ដានីអែល ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បំរើ​ព្រះអង្គ​ដោយ​ចិត្ត​ព្យាយាម»។ ១៨(១៧)គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង ​មក​សន្ធប់​មាត់​រូង ហើយ​ព្រះមហាក្សត្រ​ប្រថាប់​ត្រា​ព្រះទំរង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានីអែល​បាន​ឡើយ។

១៩(១៨) បន្ទាប់​មក ព្រះមហាក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡាបន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​អោយ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ​ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

២០(១៩) ព្រះរាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។ ២១(២០) ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានីអែល ដោយ​បន្លឺ​ព្រះសូរសៀង​យ៉ាង​ក្ដុកក្ដួល​ថា៖ «លោក​ដានីអែល​ជា​អ្នក​បំរើ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក​ដែល​លោក​គោរព​បំរើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​អោយ​រួច​ពី​តោ​ឬ​ទេ?​»។ ២២(២១) លោក​ដានីអែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះរាជា សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ! ២៣(២២) ព្រះ​របស់​ទូលបង្គំ​ ចាត់​ទេវទូត​របស់​ព្រះអង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះជាម្ចាស់​ជ្រាប​ថា ទូល​បង្គំ​​គ្មាន​ទោសពៃរ៍​អ្វី នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះករុណា​ដែរ»។ ២៤(២៣)​ពេល​នោះ ព្រះមហាក្សត្រ​មាន​ព្រះហឫទ័យ​រីករាយ​ក្រៃលែង ទ្រង់​បញ្ជា​អោយ​គេ​យក​លោក​ដានីអែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។ ២៤(២៤) បន្ទាប់​មក ព្រះ​មហាក្សត្រ​បញ្ជា​អោយ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានីអែល ​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេចខ្ទី​អស់។

២៦(២៥) ព្រះបាទ​ដារីយូស ​ចេញ​រាជសារ​មួយ​ប្រកាស​ប្រាប់​ប្រជាជន ប្រជាជាតិ និង​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​ថា៖

«សូម​អោយ​អ្នក​រាល់​គ្នា ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌! ២៧(២៦) យើង​សុំ​ចេញ​បញ្ជា​ដូច​ ត​ទៅ គឺ​មនុស្ស​ទាំងឡាយ​ដែល​រស់​នៅ​ទួទាំង​រាជាណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​ព្រះ​របស់​លោក​ដានីអែល

ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ
ហើយ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។
ព្រះរាជ្យ​របស់​ព្រះអង្គ​មិន​សាប​សូន្យ​ឡើយ
ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។
២៨(២៧) ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក
ព្រះអង្គ​​សំដែង​ទី​សំគាល់ និង​ឫទ្ធិ​បាដិហារិយ៍
នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី
គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ
លោក​ដានីអែល​អោយ​រួច​ពី​ក្រញាំ​តោ»។

២៩(២៨) លោក​ដានីអែល​បាន​ចំរុងចំរើន​រុងរឿង​ឡើង ក្នុង​រជ្ជ​កាល​​ព្រះចៅ​ដារីយូស និង​ក្នុង​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ជន​ជាតិ​ពែរ្ស។