លោក​ដានីអែល (០៥)

ពិធី​ជប់លៀង​របស់​ព្រះចៅ​បេលថាសារ
១ ព្រះចៅ​បេលថាសារ​បាន​ចាត់ ​អោយ​គេ​រៀប​ពិធី​ជប់​លៀង​មួយ​យ៉ាង​ធំ ជូន​នាម៉ឺន​មន្ត្រី​ចំនួន​មួយ​ពាន់​នាក់ ហើយ ​ទ្រង់​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ​។​ ក្រោយ​ពី​ក្រេប​ស្រា​រួច​ហើយ ព្រះចៅ​បេលថាសារ​បញ្ជា​អោយ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ព្រះចៅ​នេប៊ូកានេ​សារ ជា​បិតា​បាន​រឹប​អូស​មក​ពី​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡឹម​។ ស្ដេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សំរាប់​ទ្រង់​ផ្ទាល់ សំរាប់​ពួក​មហេសី សំរាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច។ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ព្រះវិហារ គឺ​ពី​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម ហើយ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​មហេសី និង​ស្រី​ស្នំ​បាន​ប្រើ​ពែង​ទាំង​នោះ​សំរាប់​សេព​សុរា។កាល​សេពសុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។ ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះបរមរាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះរាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ  ព្រះភក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​ស្លេកស្លាំង ទ្រង់​រំជួល​ព្រះហឫទ័យ មាន​ព្រះកាយ​ពល​ទន់​ខ្សោយ និង​ព្រះបាទា​ញាប់ញ័រ។ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ ខ្លាំងៗ បញ្ជា​អោយ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ីឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថន័យ​អោយ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិ​យស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​ក្នុង​រាជាណាចក្រ​នេះ​ផង»។ ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះរាជា​បាន​ឡើយ  ជា​ហេតុ​ធ្វើ​អោយ​ព្រះចៅ​បេលថាសារ​រឹត​តែ​ខ្វល់ខ្វាយ និង​ភ័យ​ញាប់ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។

១០ ពេល​ ព្រះមហាក្សត្រិយានី​ឮ​រាជឱង្ការ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី ព្រះនាង​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់លៀង ហើយ​មាន​រាជសវនីយ៍​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​ដ៏​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ​អើយ! សូម​ព្រះករុណា​កុំ​ខ្វល់ខ្វាយ និង​ភ័យ​ញាប់ញ័រ​ដូច្នេះ​ឡើយ! ១១ ក្នុង​រាជាណាចក្រ​របស់​ ព្រះអង្គ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​ព្រះបិតា​របស់​ព្រះករុណា​គេ​បាន​ឃើញ​ថា លោក​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា​ដូច​ទេវទូត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះចៅ​នេប៊ូកានេសារ​ជា​ព្រះបិតា​របស់​ព្រះករុណា​បាន​ តែងតាំង​លោក​អោយ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ព្រះមហាក្សត្រ​ដែល​ជា​ព្រះបិតា​របស់​ព្រះករុណា បាន​តែងតាំង​លោក​ដូច្នេះ ១២ព្រោះ​ឃើញ​ថា បុរស​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាងវៃ​ដ៏​អស្ចារ្យ មាន​ចំណេះ​ជ្រៅជ្រះ ប៉ិនប្រសប់​ខាង​រិះគិត​ពិចារណា ហើយ​ចេះ​កាត់​ស្រាយ​សុបិន កាត់​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​បាន​ផង។ លោក​នោះ​គឺ​ដានីអែល ដែល​ព្រះបិតា​របស់​ព្រះករុណា​ប្រទាន​នាម​ថា បេលថាសារ ដូច្នេះ សូម​អោយ​គេ​ហៅ​លោក​ដានីអែល​នោះ​មក លោក​នឹង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះករុណា​ជា​មិន​ខាន»។

លោក​ដានីអែល​កាត់​ស្រាយ​សេចក្ដី​ដែល​មាន​សរសេរ​នៅ​លើ​ជញ្ជាំង
១៣ គេ​អញ្ជើញ​លោក​ដានីអែល ​ចូល​គាល់​ព្រះរាជា ហើយ​ទ្រង់​មាន​រាជឱង្ការ​មក​លោក​ថា៖ «តើ​លោក​ឈ្មោះ​ដានីអែល ជា​អ្នក​ដែល​ព្រះបិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ? ១៤ យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាងវៃ​អស្ចារ្យ។ ១៥ គេ​ទើប​នឹង​នាំ​ពួក​ អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថន័យ​អោយ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថន័យ​បាន​ឡើយ។ ១៦យើង​ក៏​បាន​ឮ​គេ​និយាយ​ ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថន័យ​អោយ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​នៅ​ក្នុង​រាជាណាចក្រ​នេះ​ ផង»។

១៧ ពេល​នោះ លោក​ដានីអែល​ទូល​ព្រះរាជា​វិញ​ថា៖ «សូម​ព្រះករុណា​ទុក​កិត្តិយស​នេះ​សំរាប់​អ្នក​ដទៃ​ចុះ រីឯ​ទូលបង្គំ ទូល​បង្គំ​សូម​អាន​អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះករុណា​ជ្រាប។

១៨ បពិត្រ​ ព្រះរាជា ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្ដុង្គឧត្ដម កិត្តិនាម និង​សិរីរុងរឿង​ដល់​ព្រះចៅ​នេប៊ូកា​នេ​សារ​ជា​ព្រះបិតា​របស់​ព្រះករុណា។ ១៩ ព្រោះ​តែ​ភាព​ ឧត្ដុង្គឧត្ដម ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​នេះ​ហើយ បាន​ជា​ប្រជាជន ប្រជាជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់ញ័រ​ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះចៅ​នេប៊ូកានេសារ។ ទ្រង់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​អោយ​នរណា​ក៏​បាន ទ្រង់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។ ២០ប៉ុន្តែ ព្រះរាជា​មាន​អំនួត មាន​ចិត្ត​រឹងរូស​រហូត​ដល់​វាយឫក​ខ្ពស់ ទ្រង់​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរីរុងរឿង។ ២១គេ​បាន​បណ្ដេញ​ព្រះរាជា ​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះរាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ទ្រង់​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​អោយ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះកាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូតទល់​ពេល​ព្រះរាជា​ទទួល​ស្គាល់​ថា ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​ លោក​ទាំង​អស់ ហើយ​ព្រះអង្គ​លើក​នរណា​អោយ​សោយរាជ្យ​ក៏​បាន។ ២២ បពិត្រ​ព្រះករុណា​បេលថាសារ​ជា​ព្រះរាជ​បុត្រ ទោះ​បី​ព្រះករុណា​ជ្រាប​ហេតុការណ៍​ទាំង​នោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ ២៣ព្រះករុណា​បាន​ប្រឆាំង​ ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ ដោយ​បញ្ជា​អោយ​គេ​យក​ពែង​ពី​ព្រះវិហារ​របស់​ព្រះអង្គ មក​ចាក់​ស្រា​សំរាប់​ព្រះករុណា សំរាប់​នាម៉ឺន​មន្ត្រី សំរាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល​មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះករុណា​ឡើយ។ ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ចាត់​ម្រាម​ដៃ​អោយ​មក​សរសេរ​អក្សរ​នេះ

២៥ គឺ ​“ម៉េណេ ម៉េណេ តេកែល និង​ប៉ារស៊ីន”។ ២៦ ពាក្យ​ទាំង​នេះ​មាន​ន័យ ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា​ព្រះជាម្ចាស់​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ព្រះករុណា ហើយ​ព្រះអង្គ​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។ ២៧ “តេកែល”(ប្រែ​ថា​ថ្លឹង) មាន​ន័យ​ថា ព្រះជាម្ចាស់​បាន​ថ្លឹង​ព្រះករុណា​លើ​ជញ្ជីង​រួច​ហើយ ហើយ​ទ្រង់​ទត​ឃើញ​ថា​ស្រាល​ពេក។ ២៨ “ប៉ារស៊ីន”(ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះជាម្ចាស់​នឹង​ចែក​រាជាណាចក្រ​របស់​ព្រះករុណា​ជា​ពីរ គឺ​មួយ​ចំណែក​អោយ​ជន​ជាតិ​ម៉ែដ និង​មួយ​ចំណែក​ទៀត​អោយ​ជន​ជាតិ​ពែរ្ស»។

២៩ ពេល​នោះ ព្រះចៅ​បេលថាសារ បញ្ជា​អោយ​គេ​យក​សម្លៀកបំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​មក​ពាក់​អោយ​លោក​ដានីអែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា លោក​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​នៅ​ក្នុង​រាជាណាចក្រ។

៣០ នៅ​យប់​នោះ ព្រះចៅ​បេលថាសារ​ជា​ស្ដេច​របស់​ជន​ជាតិ​ខាល់ដេ​បាន​ត្រូវ​គេ​ធ្វើ​គុត។