លោក​ដានីអែល (០៣)

ស្ដេច​ចេញ​បញ្ជា​អោយ​ថ្វាយបង្គំ​រូប​បដិមា
 ព្រះចៅ​នេប៊ូកានេសារ​បាន​ កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កំពស់​ហុកសិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណាខេត្ត​បាប៊ីឡូន។ ព្រះចៅ​នេប៊ូកានេសារ​ចាត់​ គេ​អោយ​ទៅ​ប្រមូល​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលាការ មន្ត្រី​រក្សា​ព្រះរាជ្យ​ទ្រព្យ ព្រះរាជ​អាជ្ញា ចៅក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណាខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​ សម្ពោធ​រូប​បដិមា​ដែល​ស្ដេច​បាន​កសាង។ពេល​នោះ ពួក​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលាការ មន្ត្រី​រក្សា​ព្រះរាជ្យ​ទ្រព្យ ព្រះរាជ​អាជ្ញា ចៅក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណាខេត្ត​នានា​ក៏​មក​ជួបជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា​ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ ស្ដេច​នេប៊ូកានេសារ​បាន​កសាង​នោះ។មាន​អាមាត្យ​ម្នាក់​ស្រែក ​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «ប្រជាជន​ទាំងឡាយ​ជាតិ​សាសន៍​ទាំងឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ! ចូរ​ស្ដាប់​រាជ​បញ្ជា!ពេល​ណា​អ្នក​រាល់​គ្នា​ឮ​ សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង​ត្រូវ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​ ចម្លាក់​មាស​ដែល​ព្រះករុណា​នេប៊ូកានេសារ​បាន​កសាង។អ្នក​ណា​មិន​ក្រាប​ថ្វាយបង្គំ អ្នក​នោះ​នឹង​ត្រូវ​បោះ​ភ្លាមៗ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ»។ ហេតុ​នេះ​ពេល​បាន​ឮ​សំឡេង ​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ប្រជាជន​ទាំងឡាយ ជាតិ​សាសន៍​ទាំងឡាយ និង​មនុស្ស​គ្រប់​ភាសា អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស​ដែល​ព្រះចៅ​នេប៊ូកានេសារ​បាន​កសាង​។

មិត្តភក្ដិ​លោក​ដានីអែល​បដិសេធ​ថ្វាយបង្គំ​រូប​បដិមាករ
 នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន​ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន​ជាតិ​យូដា។ពួក​គេ​ទូល​ព្រះចៅ​នេប៊ូកានេសារ​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​មាន​ព្រះជន្ម​​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ! ១០បពិត្រ​ព្រះករុណា ព្រះអង្គ​​បាន​ចេញ​បញ្ជា​អោយ​មនុស្ស​ទាំង​អស់ អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។ ១១ តាម​បញ្ជា​នេះ​អ្នក​ណា​មិន​អោន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ ១២បពិត្រ​ព្រះករុណា មាន​ជន​ជាតិ​យូដា​ខ្លះ​ដែល​ទ្រង់​តែងតាំង អោយ​គ្រប់គ្រង​លើ​អាណាខេត្ត​បាប៊ីឡូន គឺ​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បំរើ​ព្រះ​របស់​ព្រះករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​ដែល​ព្រះករុណា​បាន​កសាង​នោះ​ដែរ»។ ១៣ពេល​នោះ ព្រះចៅ​នេប៊ូកានេសារ​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​អោយ​គេ​នាំ​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។ ១៤ព្រះ​ចៅ​នេប៊ូកានេសារ​មាន ​ព្រះរាជឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ ម៉េសាក់ និង​អបេដនេកូ អស់​លោក​ពិត​ជា​មិន​គោរព​បំរើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ? ១៥ ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ា អស់​លោក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយបង្គំ​ទេ យើង​នឹង​អោយ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។

១៦ លោក​ សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ទូល​ព្រះចៅ​នេប៊ូកានេសារ​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះករុណា​អំពី​រឿង​នេះ​ទេ។ ១៧ បពិត្រ​ព្រះរាជា ព្រះ​ដែល​ទូលបង្គំ​យើង​ខ្ញុំ​គោរព​បំរើ ពិត​ជា​អាច​រំដោះ​ទូលបង្គំ​យើង​ខ្ញុំ គឺ​ព្រះអង្គ​នឹង​រំដោះ​យើង​ខ្ញុំ​អោយ​រួច​ពី​ភ្លើង​ដ៏​សន្ធោសន្ធៅ និង​អោយ​យើង​ខ្ញុំ រួច​ពី​ព្រះហស្ដ​របស់​ព្រះករុណា​ជា​មិន​ខាន។ ១៨ ​ទោះ​បី​ព្រះអង្គ​មិន​ រំដោះ​យើង​ខ្ញុំ​ក្ដី សូម​ព្រះករុណា​ជ្រាប​អោយ​បាន​ច្បាស់​ថា ទូលបង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បំរើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស​ដែល​ព្រះករុណា​ បាន​កសាង​នេះ​ដែរ»។ ១៩ពេល​នោះ ព្រះចៅ​នេប៊ូកានេសារ​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​យ៉ាង​ខ្លាំង ព្រះភក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​អោយ​គេ​ដុត​ឡ​ភ្លើង​អោយ​ក្ដៅ​ជាង​ធម្មតា​ប្រាំពីរ​ដង ២០រួច​បញ្ជា​ទាហាន​ខ្លះ​ ដែល​មាន​កម្លាំង​ខ្លាំងក្លា​អោយ​ចាប់​ចង​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ ២១ គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀកបំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឆ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ ២២ ដោយសារ​រាជ​បញ្ជា​ដ៏​ តឹងតែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​អោយ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។ ២៣ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ ម៉េសាក់ និង​អបេដនេកូ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។

ព្រះជាម្ចាស់​សង្គ្រោះ​មិត្តភក្ដិ​លោក​ដានីអែល​ពី​ភ្លើង
២៤ ពេល​នោះ ព្រះចៅ​នេប៊ូកានេសារ​រន្ធត់​ព្រះហឫទ័យ​ជា​ខ្លាំង ទ្រង់​ប្រញាប់ប្រញាល់​ក្រោក​ឈរ​ឡើង មាន​រាជឱង្ការ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន​ មែន?»។ ពួក​គេ​ទូល​ព្រះរាជា​ថា៖ «ពិត​មែន​ហើយ​ព្រះករុណា!»។ ២៥ព្រះរាជា​មាន​រាជឱង្ការ ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ ដែល​គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់​ទ្រាយ​ដូច​ទេវទូត​»។ ២៦ ​ព្រះចៅ​នេប៊ូកានេសារ​ចូល ​ទៅ​ជិត​ឡ​ភ្លើង​មាន​រាជឱង្ការ​ថា៖ «លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ជា​អ្នក​បំរើ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។

២៧ ពេល​នោះ ពួក​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀកបំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។ ២៨ព្រះចៅ​នេប៊ូកានេសារ​មាន ​រាជឱង្ការ​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ​របស់​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​ដែល​បាន​ចាត់​ទេវទូត*​អោយ​មក​រំដោះ​អ្នក​បំរើ​របស់​ ព្រះអង្គ។ លោក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ទេ តែ​សុខ​ចិត្ត​បូជា​ជីវិត​ជា​ជាង​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​ព្រះ​របស់​ខ្លួន! ២៩ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់​ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ អោយ​តែ​ហ៊ាន​និយាយ​ប្រមាថ​ព្រះ​របស់​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​អោយ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​ព្រះអង្គ​ទេ»។ ៣០ បន្ទាប់​មក ព្រះរាជា​ប្រោស​ប្រទាន​អោយ​លោក​សាដ្រាក់ លោក​ម៉េសាក់ និង​លោក​អបេដនេកូ​មាន​បុណ្យ​ស័ក្ដិ​កាន់​តែ​ខ្ពង់ខ្ពស់​ឡើង នៅ​ក្នុង​អាណាខេត្ត​បាប៊ីឡូន។

ស្ដេច​នេប៊ូកានេសារ​សុបិន​ឃើញ​ដើម​ឈើ​មួយ​ដ៏​ធំ
៣១(៤.១) «យើង​នេប៊ូកានេសារ​ជា​ ព្រះមហាក្សត្រ ជូន​ចំពោះ​ប្រជាជន​ទាំង​អស់ ចំពោះ​ប្រជាជាតិ​នានា និង​ចំពោះ​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល។ សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!

៣២(២) យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​​បំផុត​បាន​សំដែង​ចំពោះ​ យើង។

៣៣(៣) ទី​សំគាល់​របស់​ព្រះអង្គ​ធំ​ឧត្ដុង្គឧត្ដម​ណាស់
បាដិហារិយ៍​របស់​ព្រះអង្គ
ក៏​ប្រកប​ដោយ​ឫទ្ធិបារមី​ដែរ!
ព្រះរាជ្យ​របស់​ព្រះអង្គ​ជា​រាជ្យ​ស្ថិតស្ថេរ
អស់កល្ប​ជានិច្ច
ហើយ​ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង
ត​រៀង​ទៅ។