លោកដានីអែល (១២)

ព្រឹត្តិការណ៍​នៅ​គ្រា​ចុង​ក្រោយ
 នៅ​គ្រា​ចុង​ក្រោយ មហា​ទេវទូត​មីកាអែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវទូត ហើយ​ជា​អ្នក​ថែរក្សា​ប្រជាជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ​នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជាជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជាជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។  ​មាន​​​មនុស្ស​ជា​ច្រើន​ដែល​ ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់កល្ប​ជានិច្ច​ផង។រីឯ​អស់​អ្នក​ដែល​មាន​ ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែនាំ​មនុស្សម្នា​ជា​ច្រើន​អោយ​ប្រព្រឹត្ត​អំពើ​ សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

 ចំពោះ​លោកវិញ លោក​ដានីអែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​អោយ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចំរើន​ឡើង»។

 ពេល​នោះ ខ្ញុំ​ដានីអែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។ បុរស​ម្នាក់​ពោល​ទៅ​កាន់​ ទេវទូត​មាន​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា៖ «តើ​ហេតុការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ចប់​នៅ​ពេល​ណា?»។

 ទេវទូត​មាន ​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​លោក​ប្រកាស​យ៉ាង​ឱឡារិក ក្នុង​នាម​ព្រះជាម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជានិច្ច​ថា៖ «ហេតុការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល​ដែល​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​លែង​មាន​កម្លាំង​ ទ្រាំទ្រ​ទៀត​បាន»។

 ខ្ញុំ ដានីអែល​បាន​ឮ​ពាក្យ​ទាំង​នេះ តែ​ពុំ​បាន​យល់​អត្ថន័យ​ទេ ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់​អើយ តើ​ហេតុការណ៍​ទាំង​នេះ​នឹង​ត្រូវ​ចប់​ដូច​ម្ដេច?»។

 លោក​តប​មក ​ខ្ញុំ​វិញ​ថា៖ «លោក​ដានីអែល​អើយ កុំ​ខ្វល់​ខ្វាយ​ធ្វើ​អ្វី។ សេចក្ដី​ទាំង​នេះ​ត្រូវ​តែ​លាក់​អោយ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ ១០ដោយសារ​ទុក្ខ​លំបាក មនុស្ស​ជា​ច្រើន​នឹង​បាន​ស្អាត​បរិសុទ្ធ និង​សស្គុស។ មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​នេះ​ទេ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត រីឯ​មនុស្ស​មាន​ប្រាជ្ញា​ទើប​យល់។ ១១ ចាប់​ពី​ពេល​ដែល​គេ​នឹង ​បញ្ឈប់​ការ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​ដែល​គេ​នឹង​យក​វត្ថុ​ដ៏​ចង្រៃ​គួរ​អោយ​ស្អប់​ខ្ពើម មក​តាំង​នៅ​ក្នុង​ទីសក្ការៈ មាន​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​កៅសិប​ថ្ងៃ។ ១២អ្នក​ណា​កាន់​ចិត្ត​រឹងប៉ឹង​រហូត​ដល់​មួយ​ពាន់​បី​រយ​សាមសិប​ប្រាំ​ថ្ងៃ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។

១៣ ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​អោយ​បាន​រឹងប៉ឹង នោះ​លោក​នឹង​បាន​សំរាក ហើយ​លោក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់​នៅ​គ្រា​ចុង​ក្រោយ​បំផុត»។