លោក​ដានីអែល (០១)

ព្រះជាម្ចាស់​ការពារ​យុវជន​ដានីអែល និង​មិត្តភក្ដិ
 នៅ​ឆ្នាំ​ទី​បី​នៃ​ រជ្ជកាល​ព្រះបាទ​យ៉ូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ ព្រះចៅ​នេប៊ូកានេសារ​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​មក​ឡោមព័ទ្ធ​ក្រុង​ យេរូសាឡឹម។ ​ព្រះអម្ចាស់​បាន​ប្រគល់​ ព្រះបាទ​យ៉ូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់ប្រដា​មួយ​ចំនួន​របស់​ព្រះវិហារ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះចៅ​នេប៊ូកានេសារ។ ព្រះចៅ​នេប៊ូកានេសារ​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ីណេអារ ហើយ​យក​ប្រដាប់ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។

 ព្រះមហាក្សត្រ ​បាន​បញ្ជា​ទៅ​លោក​អាស្ពេណា ជា​នាយក​ក្រុម​មហាតលិក អោយ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះរាជវង្ស​របស់​ស្ដេច​អ៊ីស្រាអែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។យុវជន​ទាំង​នោះ​ត្រូវ​មាន ​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាងវៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​មាន​កម្លាំង​អាច​បំរើ​ព្រះមហាក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ​សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។ ព្រះមហាក្សត្រ​បញ្ជា​គេ​ អោយ​យក​ព្រះស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​អោយ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​អោយ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បំរើ​ស្ដេច។ ក្នុង​ចំណោម​យុវជន​ទាំង​នោះ​មាន​ខ្លះ​ជា​ជន​ជាតិ​យូដា គឺ​ដានីអែល ហាណានីយ៉ា មីកាអែល និង​ អសារីយ៉ា។លោក​នាយក​ក្រុម​មហាតលិក​ បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានីអែល​ហៅ​ថា​បេលថាសារ ហាណានីយ៉ា​ហៅ​ថា​សាដ្រាក់ មីកាអែល​ហៅ​ថា​ម៉េសាក់ និង​អសារីយ៉ា​ហៅ​ថា​អបេដនេកូ។

​៨ យុវជន​ ដានីអែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ពី​ព្រះមហាក្សត្រ​ទេ ក្រែង​នាំ​អោយ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហាតលិក កុំ​បង្ខំ​គាត់​អោយ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។ ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​នាយក​​ក្រុម​មហាតលិក មាន​ចិត្ត​អាណិតអាសូរ​ដល់​យុវជន​ដានីអែល។ ១០ លោក​នាយក​ក្រុម​មហាតលិក ​ពោល​ទៅ​កាន់​យុវជន​ដានីអែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តំរូវ​អោយ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំខាន»។ ១១ យុវជន​ដានីអែល​ពោល​ទៅ​ កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហាតលិក​បាន​ប្រគល់​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណានីយ៉ា មីកាអែល និង​អសារីយ៉ា​ថា៖ ១២«សូម​លោក​ល្បងល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​អោយ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។ ១៣ បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ ដែល​បរិភោគ​ព្រះស្ងោយ​របស់​ព្រះរាជា រួច​សូម​លោក​ប្រព្រឹត្ត ​ចំពោះ​យើង​ខ្ញុំ​តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។ ១៤លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បងល​មើល​យុវជន​ទាំង​បួន​នោះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ១៥លុះ​ដប់​ថ្ងៃ​កន្លង​ផុតទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។ ១៦ ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​អោយ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​អោយ​ពួក​គេ​ប៉ុណ្ណោះ។ ១៧ព្រះជាម្ចាស់​ប្រោស​ ប្រទាន​អោយ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិនប្រសប់​ខាង​អក្សរសាស្ត្រ និង​មាន​ប្រាជ្ញា​វាងវៃ​ផង។ ម្យ៉ាង​ទៀត​យុវជន​ដានីអែល​ចេះ​បក​ស្រាយ​និមិត្តហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។

១៨ លុះ​ដល់ ​ពេល​ដែល​ព្រះរាជា​កំណត់​អោយ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហាតលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូកានេសារ។ ១៩ ព្រះមហាក្សត្រ​បាន​ សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានីអែល ហាណានីយ៉ា មីកាអែល និង​អសារីយ៉ា​ឡើយ។ ព្រះមហាក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​អោយ​ធ្វើ​ជា​ព្រះរាជ​បំរើ។ ២០ពេល​ស្ដេច​សាក​សួរ​អំពី ​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្តអាគម និង​ហោរា​ទាំងឡាយ​ក្នុង​ព្រះរាជាណា​ចក្រ​​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។ ២១ លោក​ដានីអែល​រស់​នៅ​ក្នុង​រាជវាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ព្រះចៅ​ស៊ីរូស។