កូរិនថូស ទី២ (១២)

លោក​ប៉ូល​និមិត្ត​ឃើញ​ការ​អស្ចារ្យ
1 តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ត​ឃើញ និង​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង។ 2 ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​ព្រះ‌គ្រីស្ត* កាល​ពី​ដប់‌បួន​ឆ្នាំ​មុន ព្រះ‌អម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ជាន់​ទី​បី​ (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ​ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ 3 ខ្ញុំ​ក៏​ដឹង​ថា ព្រះ‌អម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​ស្ថាន​បរម‌សុខ* (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ 4 គាត់​បាន​ឮ​ព្រះ‌បន្ទូល​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន ដែល​គ្មាន​មនុស្ស​ណា​មាន​សិទ្ធិ​នឹង​និយាយ​ឡើង​វិញ​បាន​ទេ។ 5 ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ 6 ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។ 7 ព្រះ‌ជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ*​សាតាំង​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។ 8 ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់​ចំនួន​បី​ដង សូម​ទ្រង់​មេត្តា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។ 9 ក៏​ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ការ​ប្រណី‌សន្ដោស​របស់​យើង​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​ឫទ្ធា‌នុភាព​របស់​ព្រះ‌គ្រីស្ត​មក​សណ្ឋិត​លើ​ខ្ញុំ។ 10 ហេតុ​នេះ ព្រោះ​តែ​ព្រះ‌គ្រីស្ត ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។

លោក​ប៉ូល​ខ្វល់‌ខ្វាយ​អំពី​ក្រុម​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស
11 ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង‌ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង‌ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្តី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​គ្រីស្តទូត​ទាំង​នោះ​ដែរ។ 12 មាន​សញ្ញា​សម្គាល់​ផ្សេងៗ​ដែល​បញ្ជាក់​ថា ខ្ញុំ​ជា​គ្រីស្តទូត​បាន​កើត​ឡើង​ក្នុង​ចំណោម​បង‌ប្អូន គឺ​មាន​ការ​អត់‌ធ្មត់​គ្រប់​យ៉ាង មាន​ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​អស្ចារ្យ​ផ្សេងៗ។ 13 បង‌ប្អូន​មិន​បាន​ទទួល​អ្វី​តិច​ជាង​ព្រះ‌សហគមន៍​ឯ​ទៀតៗ​នោះ​ឡើយ វៀរ‌លែង​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​ប៉ុណ្ណោះ សូម​បង‌ប្អូន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ភាព​អយុត្ដិ‌ធម៌​នេះ​ផង។

14 ឥឡូវ​នេះ ខ្ញុំ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បង‌ប្អូន​ជា​លើក​ទី​បី ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បង‌ប្អូន​ឡើយ គឺ​ចង់​បាន​បង‌ប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុក‌ម្ដាយ​ទេ គឺ​ឪពុក‌ម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​ឲ្យ​កូន! 15 ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​ឃ​បង‌ប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បង‌ប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?

16 យើង​សន្មត​ទៅ​ចុះ​ថា ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង‌ប្អូន​មែន តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​ពុត‌ត្បុត ប្រើ​កល‌ល្បិច​បោក​ប្រាស់​បង‌ប្អូន។ 17 តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បង‌ប្អូន តាម‌រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បង‌ប្អូន​នោះ​ទេ? 18 ខ្ញុំ​បាន​អង្វរ​លោក​ទីតុស​ឲ្យ​មក​រក​បង‌ប្អូន ហើយ​ខ្ញុំ​ក៏​ចាត់​បង‌ប្អូន​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​គាត់​ដែរ តើ​លោក​ទីតុស​បាន​បោក​ប្រាស់​បង‌ប្អូន​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រកាន់​យក​ចិត្ត​គំនិត និង​ដើរ​តាម​គន្លង​តែ​មួយ​ទេ​ឬ? 19 តាំង​ពី​យូរ​មក​ហើយ ប្រហែល​ជា​បង‌ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះ‌សា​នៅ​ចំពោះ​មុខ​បង‌ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង‌ប្អូន​តែ​ប៉ុណ្ណោះ 20 ដ្បិត​ខ្ញុំ​បារម្ភ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​បង‌ប្អូន​មាន​លក្ខណៈ ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយ​ក៏​ខ្លាច​ក្រែង​បង‌ប្អូន​ឃើញ​ខ្ញុំ​ខុស​ពី​លក្ខណៈ​ដែល​បង‌ប្អូន​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​បារម្ភ​ក្រែង​លោ​មាន​ការ​ទាស់‌ទែង​គ្នា ច្រណែន​គ្នា ខឹង‌សម្បារ ប្រណាំង​ប្រជែង​និយាយ​ដើម​គ្នា បរិហារ​កេរ្តិ៍​គ្នា អួត‌បំប៉ាង ខ្វះ​សណ្ដាប់‌ធ្នាប់។ 21 ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ ព្រះ​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង‌ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង‌ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ត​គំនិត លះ‌បង់​អំពើ​សៅ‌ហ្មង ប្រាស​ចាក​សីល‌ធម៌ និង​កាម‌គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ឡើយ។