កូរិនថូស ទី១ (១២)

អំពី​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ
1 បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ។ 2 បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា កាល​បង‌ប្អូន​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នៅ​ឡើយ​កបង‌ប្អូន​បាន​បណ្ដោយ​ខ្លួន​ទៅ​គោរព​ព្រះ‌ក្លែង‌ក្លាយ​ដែល​មិន​ចេះ​និយាយ។ 3 ហេតុ​នេះ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ណែ‌នាំ អ្នក​នោះ​ពុំ​អាច​ពោល​ថា «ព្រះ‌យេស៊ូ​ត្រូវ​បណ្ដាសា» កើត​ទេ ហើយ​បើ​គ្មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ណែ‌នាំ​ទេ​នោះ ក៏​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា «ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់»បាន​ដែរ។

4 មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​ប្រទាន​ឲ្យ។ 5 មាន​មុខ‌ងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ដដែល។ 6 មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។ 7 ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សម្ដែង​ព្រះ‌អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម 8 គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់។ 9 ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ 10 ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង*​ព្រះ‌បន្ទូល ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ 11 ប៉ុន្តែ មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

ព្រះ‌កាយ​តែ​មួយ​បែង​ចែក​ជា​ច្រើន​ផ្នែក
12 ព្រះ‌គ្រីស្ត*​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។ 13 យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្តី សាសន៍​ក្រិក​ក្តី អ្នក​ងារ​ក្តី អ្នក​ជា​ក្តី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជ*​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះ‌កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះ‌វិញ្ញាណ​តែ​មួយ​ដែរ។

14 រូប​កាយ​មិន​មែន​មាន​សរីរាង្គ​តែ​មួយ​ទេ គឺ​មាន​ច្រើន។ 15 បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ដៃ ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ 16 បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ភ្នែក ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ 17 ប្រសិន​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ភ្នែក ធ្វើ​ម្ដេច​នឹង​ស្ដាប់​ឮ​បាន? ហើយ​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក ធ្វើ​ម្ដេច​នឹង​ដឹង​ក្លិន​បាន? 18 តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​សរីរាង្គ​នីមួយៗ​មាន​មុខ‌ងារ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ 19 ប្រសិន​បើ​ទាំង​អស់​ជា​សរីរាង្គ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា? 20 តាម​ពិត សរីរាង្គ​មាន​ច្រើន តែ​រូប​កាយ​មាន​តែ​មួយ​ប៉ុណ្ណោះ។

21 ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា «អញ​មិន​ត្រូវ​ការ​ឯង» បាន​ទេ រីឯ​ក្បាល​ក៏​ពុំ​អាច​និយាយ​ទៅ​កាន់​ជើង​ថា «អញ​មិន​ត្រូវ​ការ​ឯង​ទាំង​ពីរ» បាន​ដែរ។ 22 ផ្ទុយ​ទៅ​វិញ សរីរាង្គ​ណា​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ​ជាង​គេ យើង​ត្រូវ​ការ​សរីរាង្គ​នោះ​ជា​ចាំ‌បាច់ 23 ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។ 24 រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត 25 ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ 26 ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។

27 បង‌ប្អូន​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។ 28 ក្នុង​ព្រះ‌សហគមន៍​មុន​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ឲ្យ​មាន​គ្រីស្តទូត* បន្ទាប់​មក ព្រះ‌អង្គ​តែង‌តាំង​អ្នក​ថ្លែង​ព្រះ‌បន្ទូល​ខ បន្ទាប់​មក​ទៀត ព្រះ‌អង្គ​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​ព្រះ‌អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ព្រះ‌អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ ព្រះ‌អំណោយ​ទាន​ខាង​ណែ‌នាំ ព្រះ‌អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ*។ 29 តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​គ្រីស្តទូត​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្រៀន​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ? 30 តើ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះ‌អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះ‌អំណោយ​ទាន​ខាង​បក​ប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?

31 ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​ណា​ដែល​សំខាន់ៗ​ជាង​គេ។ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​បង‌ប្អូន​អំពី​មាគ៌ា​មួយ​ទៀត ដែល​ប្រសើរ​លើស‌លប់​បំផុត។