កូរិនថូ ទី១ (១១)

1 សូម​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​យក​តម្រាប់​តាម​ព្រះ‌គ្រីស្ត*​ដែរ។

ឥរិយា‌បថ​គ្រីស្ត‌បរិស័ទ នៅ​ពេល​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់
2 ខ្ញុំ​សូម​សរសើរ​បង‌ប្អូន ដោយ​បង‌ប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈ‌ទេសៈ ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បង‌ប្អូន។ 3 ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​ថា ព្រះ‌គ្រីស្ត​នាំ​មុខ​កបុរស​គ្រប់​រូប បុរស​នាំ​មុខ​ស្ត្រី ហើយ​ព្រះ‌ជាម្ចាស់​នាំ​មុខ​ព្រះ‌គ្រីស្ត។ 4 បុរស​ណា​អធិស្ឋាន* ឬ​ថ្លែង​ព្រះ‌បន្ទូល ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​ព្រះ‌គ្រីស្ត។ 5 ផ្ទុយ​ទៅ​វិញ​ស្ត្រី​ណា​អធិស្ឋាន ឬ​ថ្លែង​ព្រះ‌បន្ទូល ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ត្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។ 6 បើ​ស្ត្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។ 7 ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង​ខព្រះ‌ជាម្ចាស់ និង​សម្ដែង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សម្ដែង​សិរី‌រុង​រឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ 8 ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​ឡើយ គឺ​ស្ត្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស 9 ហើយ​ព្រះ‌ជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ទេ គឺ​ព្រះ‌អង្គ​បង្កើត​ស្ត្រី​សម្រាប់​បុរស​វិញ។ 10 ហេតុ​នេះ​ដោយ​យោគ‌យល់​ដល់​ពួក​ទេវទូត* ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ​ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។ 11 ក៏​ប៉ុន្តែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ស្ត្រី​ត្រូវ​ការ​បុរស​ជា​ចាំ‌បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំ‌បាច់​ដែរ។ 12 ព្រះ‌ជាម្ចាស់​បាន​យក​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។

13 សូម​បង‌ប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ត្រីៗ​អធិស្ឋាន​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ដោយ​មិន​ទទូរ​ស្បៃ សម ឬ​មិន​សម? 14 សូម្បី​តែ​ធម្ម‌ជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់់​មុខ​ណាស់ 15 ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុង​រឿង​របស់​ស្ត្រី។ តាម​ពិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។ 16 ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា​យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ព្រះ‌សហគមន៍*​របស់​ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ដែរ។

អំពី​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់
17 ក្រៅ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ ខ្ញុំ​ពុំ​អាច​សរសើរ​បង‌ប្អូន​បាន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បង‌ប្អូន ពុំ​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ចម្រើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​ឲ្យ​អន់‌ថយ​ទៅៗ 18 ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា​ជា​ព្រះ‌សហគមន៍* នោះ​បង‌ប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។ 19 ត្រូវ​តែ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​បង‌ប្អូន​ដូច្នេះ​ឯង ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ពិត​ជា​មាន​ចិត្ត​ស៊ូ‌ទ្រាំ​យ៉ាង​ស្មោះ​មែន។

20 ពេល​បង‌ប្អូន​ប្រជុំ​គ្នា បង‌ប្អូន​មិន​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់*​ទេ 21 ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។ 22 តើ​បង‌ប្អូន​គ្មាន​ផ្ទះ​សម្បែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បង‌ប្អូន​ប្រមាថ​មាក់‌ងាយ​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស?។ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បង‌ប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បង‌ប្អូន​ឬ? ទេ​ខ្ញុំ​ពុំ​អាច​សរសើរ​បង‌ប្អូន​ក្នុង​រឿង​នេះ​បាន​ទេ!

23 រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះ‌អង្គ​យក​នំបុ័ង​មក​កាន់ 24 ទ្រង់​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំបុ័ង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ 25 លុះ​ជប់‌លៀង​រួច​ហើយ ព្រះ‌អង្គ​ធ្វើ​តាម​បែប​ដដែល ទ្រង់​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ចង​ឡើង ដោយ​លោហិត​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ 26 រៀង​រាល់​ពេល​ដែល​បង‌ប្អូន​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នេះ បង‌ប្អូន​ប្រកាស​អំពី​ព្រះ‌អម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះ‌អង្គ​យាង​មក​វិញ។

27 ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះ‌កាយ និង​ព្រះ‌លោហិត​របស់​ព្រះ‌អម្ចាស់។ 28 ដូច្នេះ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ 29 ដ្បិត​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។

30 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ចំណោម​បង‌ប្អូន មាន​គ្នា​ច្រើន​ខ្សោយ​កម្លាំង និង​ឈឺ ហើយ​មាន​មួយ​ចំនួន​ធំ​បាន​ស្លាប់។ 31 ប្រសិន​បើ​យើង​ពិនិត្យ‌ពិច័យ​មើល​ខ្លួន​ឯង ព្រះ‌អម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។ 32 ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះ‌អង្គ​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។ 33 ហេតុ​នេះ បង‌ប្អូន​អើយ នៅ​ពេល​បង‌ប្អូន​ជួប‌ជុំ​គ្នា​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់ ត្រូវ​ចាំ​គ្នា​ផង។ 34 ប្រសិន​បើ​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ ដើម្បី​ជៀស‌វាង​កុំ​ឲ្យ​ការ​ប្រជុំ​របស់​បង‌ប្អូន ទៅ​ជា​មាន​ទោស​ទៅ​វិញ។

ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។