មាតិកា (កូរិនថូស)

លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស
ពាក្យ​លំនាំ

ក្រុង​កូរិន‌ថូសៈ នៅ​ជំនាន់​លោក​ប៉ូល កូរិន‌ថូស​ជា​ក្រុង​មួយ​ដ៏​ធំ មាន​ប្រជា‌ជន​ប្រមាណ ៦០០.០០០ នាក់។ ក្រុង​នេះ មាន​កំពង់‌ផែ​ពីរ មួយ​នៅ​សង់ក្រេ មួយ​ទៀត​នៅ​លេសេ។ មាន​សំពៅ​ជា​ច្រើន​ដឹក​ទំនិញ​ចេញ​ចូល​មិន​ដាច់។ ប្រជា‌ជន​ជាង​ពាក់​កណ្ដាល​ជា​អ្នក​ងារ។ នៅ​ក្រុង​កូរិន‌ថូស មាន​មនុស្ស​គ្រប់​ជាតិ​សាសន៍​រស់​លាយ‌ឡំ​គ្នា បណ្ដាល​ឲ្យ​ក្រុង​នេះ​មាន​ឈ្មោះ​អាក្រក់ ហើយ​អ្នក​ក្រុង​ជា​ច្រើន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌​គ្រប់​ប្រភេទ អ្នក​ក្រុង​នោះ​ក៏​កាន់​សាសនា​ប្លែកៗ​ពី​គ្នា តាម​ប្រពៃណី​រៀងៗ​ខ្លួន​ដែរ។ ជន​ជាតិ​ក្រិក​ដែល​មាន​អារ្យធម៌​ខ្ពស់​ចូល​ចិត្ត​ស្ដាប់​អ្នក​ប្រាជ្ញ និង​ទស្សន​វិទូ ដែល​មាន​សំនួន‌វោហារ ដ្បិត​ពួក​គេ​យល់​ថា​គេ​អាច​ស្គាល់​ព្រះ‌ជាម្ចាស់ និង​សង្គ្រោះ​ខ្លួន​ឯង​បាន​តាម​ការ​រិះ‌គិត​នៃ​ប្រាជ្ញា​របស់​គេ។

លោក​ប៉ូល​បាន​ផ្សាយ​ដំណឹង‌ល្អ​នៅ​ក្រុង​កូរិន‌ថូស អស់‌រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ គឺ នៅ​គ.ស.៥០-៥២ (កិច្ច‌ការ ១៨:១-៨)។ គ្រីស្ដ‌បរិស័ទ​ភាគ​ច្រើន​នៅ​ក្រុង​នោះ​សុទ្ធ‌សឹង​ជា​អ្នក​ក្រ និង​ជា​អ្នក​ងារ (១​កូរិន ១:២៦-២៨)។

លោក​ប៉ូល​ចាក​ចេញ​ពី​ក្រុង​កូរិន‌ថូស​ឆ្ពោះ​ទៅ​ក្រុង​អេភេសូ។ ពេល​នោះ មាន​គ្រីស្ដ‌បរិស័ទ​ជាតិ​យូដា​ម្នាក់​ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​មាន​សំនួន‌វោហារ ក៏​បាន​ទៅ​ផ្សាយ​ដំណឹង‌ល្អ​នៅ​ក្រុង​អេភេសូ និង​ក្រុង​កូរិន‌ថូស​ដែរ (កិច្ច‌ការ ១៨.២៤-២៨)។ គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក​ផ្សេងៗ​ខ្លះ​កាន់​តាម​លោក​អប៉ូ‌ឡូស ខ្លះ​កាន់​តាម​លោក​ប៉ូល ខ្លះ​ទៀត​កាន់​តាម​លោក​សិលា (១​កូរិន‌ថូស ១២)។ មាន​អ្នក​ផ្ទះ​នាង​ក្លូអេ ទៅ​ជម្រាប​លោក​ប៉ូល អំពី​ការ​បាក់​បែក​គ្នា​នេះ។ លោក​ប៉ូល​ក៏​ចាត់​លោក​ធីម៉ូថេ​ដែល​ជា​សហ‌ការី​មួយ​រូប​របស់​លោក ឲ្យ​ទៅ​ក្រុង​កូរិន‌ថូស ដើម្បី​ប្រៀន‌ប្រដៅ​គ្រីស្ដ‌បរិស័ទ​នៅ​ទី​នោះ (១​កូរិន‌ថូស ៤.១៧)។ ពួក​គេ​បាន​សរសេរ​សំណួរ​ផ្សេងៗ​ផ្ញើ​ទៅ​លោក​ប៉ូល តាម‌រយៈ​លោក​ធីម៉ូថេ (១​កូរិន‌ថូស ៧.១)។ នៅ​ឆ្នាំ​៥៥-៥៦ លោក​ប៉ូល​ក៏​សរសេរ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​នោះ​វិញ គឺ «លិខិត​ទី​មួយ​ផ្ញើ​ជូន​គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស»។

ប៉ុន្តែ គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស​នៅ​តែ​នាំ​គ្នា​ប្រព្រឹត្ត​មិន​សម‌រម្យ ដូច្នេះ លោក​ប៉ូល​ក៏​សរសេរ លិខិត​មួយ​ច្បាប់​ទៀត​ទៅ​បន្ទោស​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង (ប្រហែល​ជា​ចំពូក ១០-១៣ នៃ​លិខិត​ទី​២)។ បន្ទាប់​មក លោក​ប៉ូល​បាន​ចាត់​លោក​ទីតុស​ជា​សហ‌ការី​របស់​លោក​ឲ្យ​ទៅ​ចាត់​ចែង​ប្រមូល​ប្រាក់​ជំនួយ​នៅ​ក្រុង​កូរិន‌ថូស រីឯ​លោក​វិញ​លោក​ទៅ​ក្រុង​ត្រូអាស។ នៅ​គ.ស.៥៦ ឬ​៥៧ កាល​លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​ត្រូអាស លោក​ទីតុស​ត្រឡប់​ពី​ក្រុង​កូរិន‌ថូស ទាំង​នាំ​ដំណឹង​ផ្សេងៗ​ពី​គ្រីស្ដ‌បរិស័ទ​នៅ​ទី​នោះ​មក​ជម្រាប​លោក។ លោក​សប្បាយ​ចិត្ត​ក៏​សរសេរ​លិខិត​មួយ​ច្បាប់​ទៀត​ផ្ញើ​ទៅ​គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស (ចំពូក​១‑៩​នៃ​លិខិត​ទី​២)។

គោល​សំខាន់ៗ
ក្នុង​លិខិត​ទី​មួយ លោក​ប៉ូល​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​របស់​ព្រះ‌សហគមន៍​នៅ​ក្រុង​កូរិន‌ថូស គឺ​លោក​បាន​អប់រំ​គ្រីស្ដ‌បរិស័ទ​ឲ្យ​រស់​នៅ​ដោយ​ថ្លៃ‌ថ្នូរ តាម​ឋានៈ​របស់​ខ្លួន​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។

១.អំពី​ការ​ប្រកាន់​បក្ស​ពួក​ក្នុង​ព្រះ‌សហគមន៍ (១.១០‑៤.២១):

បញ្ហា​នេះ​កើត​មក​ពី​ជន​ជាតិ​ក្រិក​ចូល​ចិត្ត​យក​ប្រាជ្ញា​មនុស្ស​លោក​មក​រិះ‌គិត​អំពី​ព្រះ‌គ្រីស្ដ តាម​អារ្យធម៌​របស់​ពួក​គេ។ លោក​ប៉ូល​ពន្យល់​អំពី​ទំនាក់‌ទំនង​រវាង​ជំនឿ និង​ប្រាជ្ញា​មនុស្ស​លោក។ ជំនឿ​របស់​គ្រីស្ដ‌បរិស័ទ​ពុំ​សម្អាង​លើ​ការ​រិះ‌គិត​របស់​មនុស្ស​ទេ ហើយ​ក៏​ពុំ​មែន​ជា​ទ្រឹស្ដី​ដ៏​ល្អ​ប្រសើរ​ដែរ។ ជំនឿ​នេះ​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ចិត្ត​គំនិត​របស់​មនុស្ស ហើយ​នាំ​ឲ្យ​មនុស្ស​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ដដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

២.បញ្ហា​គ្រីស្ដ‌បរិស័ទ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌ (៦.១៨-២០):

គ្រីស្ដ‌បរិស័ទ​ប្ដឹង​ផ្ដល់​គ្នា (៦.១-១១) ការ​ទូន្មាន​របៀប​រស់​នៅ​ជា​គូ‌ស្រករ ឬ​នៅ​លីវ (៧) បញ្ហា​ទាំង​នេះ​កើត​មក​ពី​អារ្យធម៌​របស់​អ្នក​ក្រុង​កូរិន‌ថូស មាន​អ្នក​ខ្លះ​លើក​តម្កើង​ប្រាជ្ញា​របស់​មនុស្ស​លោក​ខ្លាំង​ពេក ហើយ​មើល‌ងាយ​រូប​កាយ​មនុស្ស បណ្ដាល​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​តាម​កាម‌គុណ។ មាន​អ្នក​ខ្លះ​មើល‌ងាយ​រូប​កាយ​តាម​របៀប​ផ្សេង គឺ​ពួក​គេ​កាន់​សីល‌ធម៌​តឹង‌តែង​ពេក មិន​ព្រម​ឲ្យ​បុរស​ស្ត្រី​យក​គ្នា​ជា​គូ​ស្វាមី​ភរិយា​ឡើយ។ លោក​ប៉ូល​ប្រៀន‌ប្រដៅ​អំពី​កិត្តិយស​របស់​រូប​កាយ​ដែល​ជា​ព្រះ‌វិហារ​សម្រាប់​ព្រះ‌វិញ្ញាណ​គង់​នៅ។

៣.បញ្ហា​បរិភោគ​សាច់​ដែល​គេ​សែន​រួច​ហើយ (៨.១‑១១.១):

បញ្ហា​នេះ​កើត​មក​ពី​គ្រីស្ដ‌បរិស័ទ​ប្រាស្រ័យ​ទាក់‌ទង​ជា​មួយ​អ្នក​កាន់​សាសនា​ដទៃ។ នៅ​ជំនាន់​នោះ អ្នក​កាន់​សាសនា​ដទៃ​តែង​យក​សាច់​សែន​រូប​សំណាក​ព្រះ​របស់​គេ។ តើ​គ្រីស្ដ‌បរិស័ទ​មាន​សិទ្ធិ​បរិភោគ​សាច់​ដែល​គេ​សែន​ហើយ​នោះ​ឬ​ទេ?។ ត្រង់​ចំណុច​នេះ លោក​ប៉ូល​ប្រៀន‌ប្រដៅ​គ្រីស្ត‌បរិស័ទ​ឲ្យ​គោរព​ព្រះ‌គ្រីស្ដ​ជា​ព្រះ‌សង្គ្រោះ​តែ​មួយ​គត់ និង​ជា​ព្រះ‌អម្ចាស់​លើ​អ្វីៗ​ទាំង​អស់ ហើយ​លោក​ក៏​បាន​ដាស់‌តឿន​គេ ឲ្យ​គោរព​សេរី‌ភាព​របស់​គ្រីស្ដ‌បរិស័ទ ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ។

៤.របៀប​រៀប‌រយ​ក្នុង​ព្រះ‌សហគមន៍ (១១.២‑១៤.៤០):

លោក​ប៉ូល​បាន​បរិយាយ​អំពី​សណ្ដាប់‌ធ្នាប់​ដែល​គ្រីស្ដ‌បរិស័ទ​ត្រូវ​ប្រកាន់​យក ក្នុង​ពេល​ប្រជុំ​រួម​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ក្នុង​របៀប​ប្រើ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ។ គ្រីស្ដ‌បរិស័ទ​ត្រូវ​ប្រព្រឹត្ត​គ្រប់​កិច្ច‌ការ​ទាំង​អស់​ដោយ​ចិត្ត​ស្រឡាញ់ ដើម្បី​ជា​ប្រយោជន៍​រួម ក្នុង​ការ​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ដ។

៥.អំពី​មនុស្ស​រស់​ឡើង​វិញ (១៥.១-៥៦):

តាម​អារ្យធម៌​ក្រិក គេ​យក​វិញ្ញាណ​ជា​ធំ គេ​ពុំ​ជឿ​ថា​រូប​កាយ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន​ទេ។ លោក​ប៉ូល​ពន្យល់​ថា ប្រសិន​បើ​រូប​កាយ​មនុស្ស​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រីស្ដ​ក៏​មិន​រស់​ឡើង​វិញ ហើយ​ជំនឿ​របស់​គ្រីស្ដ‌បរិស័ទ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។

ក្នុង​លិខិត​ទី​ពីរ លោក​ប៉ូល​បាន​រៀប​រាប់​អំពី​ទុក្ខ​លំបាក​ផ្សេងៗ​ដែល​លោក​បាន​ជួប​ប្រទះ នៅ​តំបន់​ជុំ‌វិញ​ក្រុង​អេភេសូ (១.១-១១)។ ក្រោយ​មក លោក​ក៏​បាន​ពន្យល់​អំពី​មុខ‌ងារ​ជា​គ្រីស្ដទូត និង​អំពី​ទុក្ខ​លំបាក​ផ្សេងៗ​ដែល​គ្រីស្ដទូត​ត្រូវ​ឆ្លង​កាត់ (១.១២‑៧.១៦)។

លោក​ដាស់‌តឿន​គ្រីស្ដ‌បរិស័ទ​ឲ្យ​មាន​ចិត្ត​ទូលាយ ក្នុង​ការ​ប្រមូល​ប្រាក់​តង្វាយ​ផ្ញើ​ទៅ​ជួយ​ពួក​បង‌ប្អូន​នៅ​ស្រុក​យូដា​ដែល​កំពុង​ខ្វះ​ខាត (៨‑៩)។

នៅ​ទី​បញ្ចប់​លោក​ប៉ូល​ខំ​ដោះ‌សា​ខ្លួន​ចំពោះ​អ្នក​មួល​បង្កាច់​លោក គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​អំពី​មុខ‌ងារ​របស់​លោក​ជា​គ្រីស្តទូត។