កូរិនថូស ទី១ (០២)

អំពី​ព្រះ‌គ្រីស្ត​ជាប់​ឆ្កាង
1 បង‌ប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់​​ដល់​បង‌ប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួន‌វោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។ 2 ពេល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​គប្បី​ឲ្យ​ខ្ញុំ​ដឹង​អ្វីក្រៅ​ពី​ព្រះ‌យេស៊ូ‌គ្រីស្ត​នោះ​ឡើយ ជា​ពិសេស អំពី​ព្រះ‌យេស៊ូ‌គ្រីស្ត​ដែល​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ 3 ខ្ញុំ​បាន​មក​រក​បង‌ប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។ 4 ពាក្យ​សម្ដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​ព្រះ‌វិញ្ញាណ​បាន​សម្ដែង​ឫទ្ធា‌នុភាព​វិញ 5 ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បង‌ប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់
6 ក៏​ប៉ុន្តែ សេចក្ដី​ដែល​យើង​ប្រៀន‌ប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប‌សូន្យ​ទៅ​នោះ​ទេ។ 7 យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ គឺ​ព្រះ‌អង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុង​រឿង​មក​យើង។ 8 គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុង​រឿង​នោះ​ឡើយ។ 9 ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖

«អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ 
អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ 
និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ 
ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក 
សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»

10 ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម‌រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏​ទ្រង់​ឈ្វេង​យល់​ដែរ។ 11 ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះ‌ជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះ‌អង្គ​បាន ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។

12 ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រោស​ប្រទាន​មក​យើង។ 13 យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះ‌វិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ។ 14 រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​បាន​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​ព្រះ‌វិញ្ញាណ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។ 15 រីឯ​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ 16 ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖

«តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? 
តើ​អ្នក​ណា​អាច​ថ្វាយ​យោបល់ 
ព្រះ‌អង្គ​បាន?»។

រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះ‌គ្រីស្ត*​ហើយ។