ប្រវត្តិព្រះសហគមន៍

ប្រវត្តិព្រះសហគមន៍
ព្រះ​សហគមន៍​កាតូលិក​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​ជាង ៤៥៥​ឆ្នាំ​មក​ហើយ។ ចាប់ពី​១៥៥៥ ពេលដែល លោក ហ្គាស្ប៉ា ដាគ្រូស បព្វជិតជនជាតិព័រទុយហ្គាល់ បាននាំដំណឹងល្អ មកដល់ប្រទេសកម្ពុជា។ ក្រោយមក មានគ្រីស្តបរិស័ទភៀសខ្លួនពីឥណ្ឌូនេស៊ី និងជប៉ុន ក៏បានមកដល់ប្រទេសកម្ពុជា មកតាំងទីលំនៅនៅក្នុងស្រុកពញាឮ​។ ពេលដែល ប្រទេសកម្ពុជា ទទួលរងនូវការឈ្លានពានពីសំណាក់សៀម និងអាណាម មានគ្រីស្តបរិស័ទខ្មែរ​មួយចំនួន បានត្រូវសៀម​កៀរយកទៅបាងកក ហើយមួយចំនួនដែលរត់រួច បាន​មកតាំងលំនៅ ហើយបង្កើតជាព្រះសហគមន៍​នៅ ក្នុងខេត្តបាត់ដំបង​នៅក្នុងឆ្នាំ ១៧៩០ ។

នៅក្នុងឆ្នាំ១៨៦៦ ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម បានស្នើសុំឱ្យព្រះសហគមន៍ រើមកតាំងនៅ​ក្នុងទីក្រុងភ្នំពេញ​។ ចាប់តាំងពីពេលនោះមកដំណើរ​វិវត្តន៍របស់ ព្រះសហគមន៍ក៏ចេះតែបន្តទៅមុខ រហូតដល់ពាក់កណ្តាលនៃសតវត្សរ៍ទី២០ ក្នុងឆ្នាំ ១៩៥៧ – កម្ពុជាក៏មានបូជាចារ្យជាជនជាតិខ្មែរលើកទី១ គឺលោក ស៊ីមន ឃឹមយិន​។ ដោយសារព្រះសហគមន៍ កាន់តែមានការរីកចម្រើននោះ នៅឆ្នាំ១៩៦៨ សន្ត​អាសនៈ បានចែកព្រះសហគមន៍នៅកម្ពុជា ជាបី​ភូមិភាគ មានភ្នំពេញ បាត់ដំបង និងកំពង់ចាម​។

ថ្ងៃ១៤ មេសា ១៩៧៥ លោកបូជាចារ្យ យ៉ូសែប ឆ្មារ​សាឡាស់ បានទទួលអគ្គសញ្ញា តែងតាំងជា​អភិបាលឧបត្ថម្ភកៈ​នៃព្រះសហគមន៍ភូមិភាគភ្នំ​​ពេញ រួមជាមួយលោកអភិបាល អ៊ីវ រ៉ា​មូស ។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកកាន់​កាប់ក្រុងភ្នំពេញ ប្រជាជននៅ​ទីក្រុងត្រូវជម្លៀសចេញ​ទាំងអស់​។ គ្រីស្ត​បរិស័ទ​ភ្នំ​ពេញ ក៏ចេញ​ជាមួយគេ​ដែរ​។ លោក សាឡាស់ លោកសាឡឹម លោកប៊ែរណា លោកសំរើន បព្វជិតសាមណេ ២រូប ដូនជី​៦រូប និង កូនកំព្រា​៩​នាក់ ព្រមទាំងគ្រីស្តបរិស័ទមួយចំនួន ត្រូវអង្គការខ្មែរក្រហម បញ្ជូនទៅដល់ភូមិតាំងគោក ស្រុកបារាយ ខេត្តកំពង់ធំ។ ចំណែក លោកបូជាចារ្យ បរទេសទាំងឡាយដែលបម្រើការងារនៅកម្ពុជាត្រូវ អង្គការខ្មែរក្រហម​បញ្ជូន​ឱ្យត្រលប់​ទៅ​ប្រទេស​របស់​ខ្លួនវិញ ។

ខ្មែរក្រហមសម្លាប់លោកប៉ូលទេព អ៊ឹម សុត្ថា ជាអភិ​បាលព្រះសហគមន៍បាត់ដំបង និងបព្វជិតបារាំង​មួយរូបឈ្មោះ យ៉ូហាន បាដេ នៅព្រែកជីក ខេត្ត​បន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៧៥។ លោក ឃឹម ផុនសជាបព្វជិត បែណេឌិកតូ ត្រូវគេសម្លាប់នៅភូមិសាលាវិស័យ ខេត្តកំពង់ធំ ចុងឆ្នាំ១៩៧៥។ ខ្មែរក្រហមវាយកំទេចព្រះវិសាល​វិហារ នៅភ្នំពេញ បាត់ដំបង កំពង់ចាម និងព្រះវិហារ ជាច្រើន ទៀតឲ្យខ្ទេចស្ទើរគ្មានសល់។

នៅតាំងគោកអស់លោក ក៏ដូចប្រជាជនដទៃទៀតដែរ ត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ។ ពេល​ធ្វើការ​នៅ​ការដ្ឋាន អស់លោកសង្ឃឹមថា នឹងបានជួប​គ្រីស្តបរិស័ទ ដែលលោកស្គាល់ ដើម្បីលើកទឹកចិត្ត​ពួកគេ តែសេចក្តីនេះមិនសម្រេចឡើយ។ ដើមឡើយ អស់លោក ធ្វើការ​នៅ​តាម​ភូមិនានានៅជិតៗ។ ពួកលោកតែង​ស្កាត់ទៅជួបគ្នា អស់លោកក៏បានថ្វាយអភិបូជា ចុងក្រោយរួមគ្នា មុនអស់លោកត្រូវចែកផ្លូវគ្នា​ ក្នុង​ពេលនោះ៖ គ្រីស្តបរិស័ទបានរួមគ្នានៅជិតអស់លោក ដោយធ្វើការងាររៀងៗខ្លួន ដូចជា ដងទឹកអណ្តូង ឈូសដំឡូង ខ្លះបិតឫស្សី និងខ្លះនៅចង្ក្រាន ដាំទឹកជាដើម ដើម្បីមើលផ្លូវ។

នៅក្នុងរយៈពេល​ជាង៣ឆ្នាំនេះ ព្រះវិហារទាំងឡាយត្រូវបានបំផ្លាញ​ទាំងស្រុង លោកអភិបាល យ៉ូសែប ឆ្មារ​សាឡាស់ ត្រូវស្លាប់នៅឆ្នាំ១៩៧៧ ដោយសារធ្វើការធ្ងន់ លោកសំរើន លោកសាឡឹម លោកប៊ែរណា និង បរិស័ទជាច្រើន ទៀតត្រូវគេសម្លាប់។

ក្រោយរបបខ្មែរក្រហមដួលរលំនៅក្នុង​ឆ្នាំ១៩៧៩ គ្រីស្តបរិស័ទភ្នំពេញ ក៏ដូចប្រជាជនទូទៅដែរ បាន​វិលត្រលប់មកក្រុងភ្នំពេញវិញ។ គ្រីស្តបរិស័ទមួយ​ចំនួនតូច បានទៅ នៅតាមជំរំជនភៀសខ្លួន នៅព្រំដែនកម្ពុជា-ថៃ​។ អ្នកដែលរស់នៅក្នុង​ប្រទេសបាន ខិតខំរក្សា ជំនឿរបស់ខ្លួន ព្យាយាមជួបជុំគ្នាដោយ​លួចលាក់នៅតាមផ្ទះនានា រងកាស៊ើបអង្កេត និងតិះដៀលជាអន្លើ។

ជា​លើក​ទី១ ដែលគ្រីស្តបរិស័ទកាតូលិកបានរួមគ្នាថ្វាយអភិបូជា​ ក្រោម​អធិបតីយភាពលោក អេមីល ដេតម្ប។ នៅឆ្នាំ១៩៩២ លោក អ៊ីវ រ៉ាមូស វិលត្រលប់មក​កម្ពុជាវិញ ក្នុងមុខងារជាអភិបាលនៃព្រះសហគមន៍​ភូមិភាគភ្នំពេញ រហូតដល់ឆ្នាំ​២០០១ និងជាអ្នក មើលការខុសត្រូវ ភូមិភាគបាត់ដំបងរហូតដល់​ឆ្នាំ២000។ ពីឆ្នាំ១៩៩៣ រហូតបច្ចុប្បន្ន មានក្រុមគ្រួសារបព្វជិត បព្វជិតា និងសាសនទូតមកពីប្រទេស​ផ្សេងៗ មកបម្រើព្រះសហគមន៍កាតូលិក​នៅកម្ពុជា។ នៅឆ្នាំ ១៩៩៤ សន្តអាសនៈ មានចំណងការទូតជាមួយព្រះ រាជាណាចក្រកម្ពុជា។

នៅខែកក្កដា ឆ្នាំ១៩៩៥ យុវជនជាតិខ្មែរមួយរូប ទទួលអគ្គសញ្ញាតែងតាំង​ជា​បូជាចារ្យ​កាតូលិកលើក​ដំបូង។ នៅឆ្នាំ១៩៩៧ លោកអេមីល ដេតម្ប បាន ទទួលអគ្គ​សញ្ញា​តែងតាំង​ជាអភិបាលឧបត្ថម្ភកៈ ក្នុងភូមិភាគភ្នំពេញ។ នៅឆ្នាំ ២០០១ លោកទទួល មុខងារពេញសិទ្ធិពី លោក អ៊ីវ រ៉ាមូស ជាអភិបាល​ភូមិភាគភ្នំពេញ។ នៅខែឧសភាឆ្នាំ ២០០០ លោក អន់តូនីសាមី ស៊ូសៃរាជ្យ ទទួលភារកិច្ចណែនាំ​គ្រីស្តបរិស័ទ​ក្នុង​ភូមិភាគកំពង់ចាម។ នៅខែកក្កដា ឆ្នាំ ២០០០ លោក អេនរីគេ (គីគេ) ហ្វីការេដូ ទទួលភារកិច្ចណែនាំ​គ្រីស្តបរិស័ទ ភូមិភាគបាត់ដំបង។ នៅខែ ធ្នូ ២០០១ មានយុវជន ខ្មែរបួនរូប​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​មាន ពីររូបបម្រើការនៅភូមិភាគភ្នំពេញ។

ព្រះសហគមន៍មានការរីកចម្រើនជាលំដាប់​​ហើយ បាន​បម្រើ​ប្រជាជន​កម្ពុជា​ដោយ​បង្កើត​ជា​សាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាល មន្ទីរពេទ្យ​។ល។ ថ្ងៃទី២១ ខែមីនា ២០០៤ យុវនារីខ្មែរលើកដំបូង បានថ្វាយ​ពាក្យសច្ចាប្រណិធាន​បួសមួយឆ្នាំ ក្នុងក្រុមគ្រួសារ ស្រឡាញ់ព្រះឈើឆ្កាង។ ក្នុងឆ្នាំ២០០៧ មានយុវនារី ម្នាក់ទៀតក៏បានបួស ក្នុងក្រមនេះដែរ។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ លោកអូលីវីយេ ជ្មិតហស្លេរ ត្រូវសម្តេចប៉ាប​តែង​តាំង​ជា​អភិបាលឧបត្ថម្ភកៈ នៅព្រះសហគមន៍ភូមិភាគភ្នំពេញ​។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០ លោកទទួលអគ្គសញ្ញាតែងតាំង​ជាអភិបាល ឧបត្ថម្ភកៈ។ បន្ទាប់​មក​តែង​តាំង​ជាអភិបាលព្រះសហគមន៍​ភូមិភាគភ្នំពេញ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១០។

សព្វថ្ងៃ ព្រះសហគមន៍កាតូលិកនៅ​កម្ពុជា មានចំនួន៨៤​ព្រះសហគមន៍ មានគ្រីស្តបរិស័ទ​ប្រមាណជា ២0000​នាក់៕