ព័ត៌មានភូមិភាគភ្នំពេញ

CACD រិះគិតអំពីដំណើរចែករំលែកបរិយាប័ណ​នៃក្តីស្រលាញ់ចំពោះជនពិការសតិបញ្ញា

ភ្នំពេញ៖ សម្ពន្ធកាតូលិក ដើម្បីមេត្តាករុណា និងការអភិវឌ្ឍន៍ (CACD) បានជួបជុំប្រចាំត្រីមាស​របស់ខ្លួន ​ដោយបានពីភាក្សា លើប្រធានបទ “ដំណើរចែករំលែកបរិយាប័ណ​នៃក្តីស្រលាញ់” ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើកិច្ចការ បម្រើដល់ជនពិការសតិបញ្ញា។ ក្នុងអង្គប្រជុំនេះ មានអង្គការកាតូលិកមួយចំនួន ដែលមានសកម្មភាព ជាមួយកុមារពិការសតិបញ្ញា បានចែករំលែក និងកិច្ចការ និងបទពិសោធន៍ ដែលមាន ក្នុងការផ្តល់សេវាដល់ជនពិការទាំងអស់នោះ​មាន៖ មជ្ឈមណ្ឌលទ្រទ្រង់សុខភាពផ្លូវចិត្តកុមារ និងមនុស្សវ័យជំទង់ (CCAMH) នៃអង្គការការីតាសកម្ពុជា សាលាសម្រាប់អប់រំកុមារអូទីសស៊ឹម អង្គការការុណាបាត់ដំបង មណ្ឌលភូមិសុខសាន្ត ព្រមទាំងមានការចែកបទពិសោធន៍ពិសំណាក់មាតាបិតា ដែលមានកូនជាជនពិការសតិបញ្ញាផងដែរ។

ការលើកឡើងនូវប្រធានបទនេះមករិះគិត ក្នុងគោលបំណងដើម្បីឈ្វេងយល់ចំពោះកិច្ចដែលអង្គការនីមួយៗបានធ្វើ និងរិះគិតរួមគ្នា ថា តើត្រូវធ្វើកិច្ចរួមគ្នាយ៉ាងចូចម្តេច នៅពេលអនាគត់ក្នុងការបន្តជួយដល់កុមារទាំងនោះនៅពេលគេចម្រើនវ័យឡើង។ ដោយហេតុថានៅកម្ពុជាមានតិចតួចណាស់ដែលជួយកុមារខ្សោយសតិបញ្ញនេះ។ កុមារពិការបែបនេះខុសពីពិការដទៃដែលទាមទាឲ្យមានអ្នកមើលថែជានិច្ច។

តាមអ្នកជំនាញសង្គមដែលធ្វើកិច្ចនេះ គ្រួសារដែលមានកុមារពិការសតិបញ្ញា ជាគ្រួសារដែលក្រីក្រ ខ្វះខាត ព្រោះគ្មានពេលគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជីវិតឡើយ យកពេលវេលាច្រើនណាស់ថែរក្សាកូនម្នាក់នេះ។ ហើយតាមអ្នកជំនាញ អ្នកជំងឺ ឬកុមារ ដែលពិការសតិបញ្ញាឆាប់មានជំងឺបាក់ទឹកចិត្ត។​

ក្នុងអង្គប្រជុំ និងមាតាបិតា កុមារពិការ ក៏បានជំរុញ និងលើកសំណូមពរ ឲ្យមានការបង្កើតសាលាសម្រាប់កុមារពិការសតិបញ្ញានេះថែមទៀត ព្រោះក្រោយពេលគេពេញវ័យ អ្នកទាំងនោះត្រូវការសាលាអប់រំបន្តទៀតដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភ្នំពេញ ជាអធិបតីនៃអង្គប្រជុំ បានកោតសរសើរ ចំពោះការខិតខំ របស់អង្គការទាំងអស់ដែលបានផ្តល់ភាពកក់ក្តៅ ដល់កុមារពិការសតិបញ្ញា និងអរគុណមាតាបិតាដែលមិនបោះបងចោលកូន។ លោកក៏បានរំលឹកលើកទឹកចិត្តដល់បងប្អូនទាំងអស់ថា ឲ្យបន្តកិច្ចការទាំងនេះ តាមកំរិតរបស់ខ្លួនដោយយកចិត្តទុកដាក់​។ ជាពិសេសធ្វើយ៉ាងណាដើម្បីសហការគ្នា និងធ្វើការរួមគ្នា បានព្រោះ សេចក្តីត្រូវការមានច្រើនណាស់។ លោកក៏បានលើកយកបទពិសោធន៍ផ្ទាល់របស់លោកជាមួយកុមារ នៅមណ្ឌលភូមិសុខសាន្តដែលបាននាំកុមារទាំងនោះចូលក្នុងសង្គមបាន គឺចេញពីផ្ទះរបស់ពួកគេ ឲ្យមានជី​វិតរស់រវើក មានកម្លាំង និងសុភមង្គល ព្រមទាំងបន្តដំណើរទៅមុខថែមទៀត។ លោកបន្តថា ព្រះសហគមន៍កាតូលិកមានកម្លាំងច្រើន ដើម្បីជួយគ្នា លើកទឹកចិត្តគ្នា ព្រមទាំងថែទាំ។ សូមធ្វើការរួម​ ដើម្បី”ដំណើរចែករំលែកបរិយាប័ណ​នៃក្តីស្រលាញ់”​ចំពោះជនពិការសតិបញ្ញាយ៉ាងពិតប្រាកដ។