មាតិការ (អភ)

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ
ពាក្យ​លំនាំ
ក្រុង​អេភេសូៈ

នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​មួយ ចំនួន​ព្រះ‌សហគមន៍​នៅ​ភូមិ​ភាគ​មជ្ឈិម‌បូព៌ា​ប្រទេស​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ក្រុម​គ្រីស្ត​បរិស័ទ​នីមួយៗ​មាន​ទំនាក់‌ទំនង​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​ក្នុង​ចំណោម​ក្រុម​ទាំង​នោះ គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ​ហាក់​ដូច​ជា​មាន​មុខ​មាត់​ជាង​គេ ព្រោះ​លោក​ប៉ូល​ធ្លាប់​បាន​ស្នាក់​អាស្រ័យ​នៅ​ក្រុង​នេះ​អស់‌រយៈ​ពេល​បី​ឆ្នាំ កាល​លោក​ចេញ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ជា​លើក​ទី​បី (កិច្ច‌ការ ១៩.១‑២០.១)។

លោក​ប៉ូល​សរសេរ​លិខិត​នេះពេល​លោក​ជាប់​ឃុំ‌ឃាំង(៣.១ និង​៤.១)។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​រាប់​លិខិត​នេះ​បញ្ចូល​ក្នុង​ចំណោម​លិខិត​ឯ​ទៀតៗ ដែល​ហៅ​ថា “លិខិត​សរសេរ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង” គឺ​មាន​លិខិត​ផ្ញើ​ជូន​គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ ក្រុង​ភីលីព ក្រុង​កូឡូស និង​លិខិត​ផ្ញើ​ជូន​លោក​ភីលេ‌ម៉ូន។

លិខិត​នេះ និង​លិខិត​ផ្ញើ​ជូន​គ្រីស្ត​បរិស័ទ​នៅ​ក្រុង​កូឡូស មាន​លំនាំ​ប្រហាក់‌ប្រហែល​គ្នា។ ដូច្នេះ មាន​អ្នក​ប្រាជ្ញ​ខ្លះ​សន្និ‌ដ្ឋាន​ថា លោក​ប៉ូល​មិន​បាន​សរសេរ​លិខិត​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់​ទេ គឺ​មាន​កូន​ចៅ​របស់​លោក​ម្នាក់​បាន​សរសេរ​លិខិត​នេះ​ផ្ញើ​ជូន​ព្រះ‌សហគមន៍​នានា​នៅ​មជ្ឈិម‌បូព៌ា​ប្រទេស ដោយ​មាន​បំណង​ចង់​ជួយ​ពង្រឹង ជួយ​បំភ្លឺ និង​កែ​តម្រង់​ជំនឿ​របស់​គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ ឲ្យ​ស្រប​នឹង​ការ​ប្រៀន‌ប្រដៅ​របស់​លោក​ប៉ូល។

គោល​សំខាន់ៗ
លិខិត​នេះ ចង់​ពន្យល់​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ដែល​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​មនុស្ស​លោក។ ព្រះ‌សហគមន៍​ពិត​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត ហើយ​នាំ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​មក​ឲ្យ​មនុស្ស​លោក​ទាំង‌ឡាយ ព្រះ‌សហគមន៍​នេះ ក៏​ជា​មហេសី​របស់​ព្រះ‌គ្រីស្ត​ដែរ។

គម្រោង​គម្ពីរ​អេភេសូ:
• សេចក្ដី​ផ្ដើម ១.១-២
• ព្រះ‌គ្រីស្ត និង​ព្រះ‌សហគមន៍ ១.៣‑៣.២១
• ជីវិត​ថ្មី​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ៤.១‑៦.២០
• អវសាន‌កថា ៦.២១-២៤