បេនស៊ីរ៉ាក់ (៥០)

លោកស៊ីម៉ូនជាមហាបូជាចារ្យ
លោក​ស៊ីម៉ូន ជា​មហា​បូជា​ចារ្យ ជា​កូន​របស់​លោក​អូនីយ៉ា លោក​បាន​ជួស​ជុល​ព្រះ​ដំណាក់ ក្នុង​ជំនាន់​ដែល​លោក​បំពេញ​មុខងារ​របស់​ខ្លួន។ លោក​ក៏​ពង្រឹង​ទី​សក្ការៈ​ឲ្យ​មាំ​ដែរ។ លោក​ចាក់​គ្រឹះ​បរិវេណ​នៃ​ព្រះ​វិហារ។ ៣ក្រោម​ការ​គ្រប់​គ្រង​របស់​លោក គេ​ជីក​ស្រះ និង​ធ្វើ​អាង​ទឹក​ដែល​មាន​ទទឹង និង បណ្តោយ​ស្មើ​នឹង​សមុទ្រ​លង្ហិន​នៅ​ក្នុង​ព្រះ​ដំណាក់​ពីដើម។ លោក​តែង​តែ​ព្រួយ​បារម្ភ ខ្លាច​ក្រែង​ប្រជា​ជន​មិន​អាច​ចៀស​ផុត​ពី​សេចក្តី​វិនាស​អន្តរាយ ហេតុ​នេះ​ទើប​លោក​សង់​កំពែង​ក្រុង​ដ៏​រឹង​មាំ ដើម្បី​បង្ការ​ការ​ឡោម​ព័ទ្ធ​របស់​ខ្មាំង។ លោក​ប្រកប​ដោយ​សិរី​រុង​រឿង​ភ្លឺ​ចិញ្ចែង​ចិញ្ចាច ពេល​លោក​ដើរ​ជុំវិញ​ទី​សក្ការៈ ក៏​ដូច​នៅ​ពេល​លោក​ចេញ​ពី​ក្រោយ​វាំង​នន នៃ​ទី​សក្ការៈ​ដែរ។ លោក​ភ្លឺ​ដូច​ផ្កាយ​ព្រឹក​លេច​ចេញ​ពី​ពពក​ដូច​ព្រះ​ចន្ទ​នៅ​ពេល​ពេញ​បូរមី។ ដូច​ព្រះ​អាទិត្យ​រៈ​នៅ​លើ​ទី​សក្ការៈ​របស់​ព្រះ​ជាម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​ដូច​ឥន្ទធនូ​ដែល​ភ្លឺ​ត្រចះ​ត្រចង់ លេច​ចេញ​ពី​ពពក។ ដូច​ផ្កា​កូឡាប​នៅ​ដើម​រដូវ​ផ្កា​រីក ដូច​ផ្កា​ម្លិះ​ដែល​ដុះ​នៅ​ក្បែរ​ប្រភព​ទឹក ដូច​ព្រៃ​ព្រឹក្សា​នៅ​លើ​ភ្នំ​លីបង់​នា​រដូវ​ក្តៅ។ដូច​គ្រឿង​ក្រអូប​ដែល​គេ​ដុត​ក្បែរ​អាសនៈ ដូច​ភាជន៍​ធ្វើ​ពី​មាស​សុទ្ធ ដែល​មាន​ដាំ​ត្បូង​ពេជ្រ​គ្រប់​ប្រភេទ​ថែម​ទៀត​ផង។ ១០ដូច​ដើម​អូលីវ​ដែល​មាន​ផ្លែ​ពេញ​ដើម ដូច​ដើម​ស្រល់​ដែល​មាន​កំពស់​ទល់​មេឃ។ ១១ពេល​លោក​ពាក់​អាវ​ផាយ​របស់​មហា​បូជា​ចារ្យ និង​ពាក់​គ្រឿង​អលង្ការ​ដ៏​រុង​រឿង​អស្ចារ្យ ពេល​លោក​ឡើង​ទៅ​លើ​អាសនៈ​ដ៏​វិសុទ្ធ លោក​ធ្វើ​ឲ្យ​បរិវេណ​នៃ​ទី​សក្ការៈ ពោរ​ពេញ​ដោយ​សិរី​រុង​រឿង។

១២លោក​តែង​តែ​ឈរ​ក្បែរ​ចង្រ្កាន នៃ​អាសនៈ ហើយ​ទទួល​ចំណែក​នៃ​យញ​បូជា ពី​អស់​លោក​បូជា​ចារ្យ។ អស់​លោក​បូជា​ចារ្យ​ជា​បង​ប្អូន​នៅ​ជុំវិញ​លោក ដូច​មកុដ​មួយ ដូច​ដើម​តាតៅ​នៅ​លើ​ភ្នំលី​បង់ អស់​លោក​នៅ​ជុំវិញ​លោក​ស៊ីម៉ូន ដូច​ដើម​លមើ។ ១៣អស់​លោក​បូជា​ចារ្យ​ជា​ពូជ​ពង្ស​របស់​លោក​អារ៉ុន ឈរ​ទាំង​ពាក់​អាវ​ដ៏​រុង​រឿង​របស់​បូជា​ចារ្យ ពួក​គេ​កាន់​តង្វាយ​សំរាប់​ថ្វាយ​ព្រះ​អម្ចាស់ នៅ​ចំពោះ​មុខ​ព្រះ​សហគមន៍​អ៊ីស្រា​អែល​ទាំង​មូល។ ១៤លោក​ស៊ីម៉ូន​គោរព​បំរើ​ព្រះ​អម្ចាស់​នៅ​លើ​អាសនៈ ហើយ​រៀបចំ​តង្វាយ​ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​ព្រះ​ដ៏​មាន​តេជា​នុភាព​សព្វ​ប្រការ។ ១៥លោក​លូក​ដៃ​ទៅ​កាន់​ពែង ហើយ​ច្រូច​ស្រា​ទំពាំង​បាយ​ជូរ គឺ​លោក​ចាក់​នៅ​លើ​អាសនៈ​ជះ​ក្លិន​ក្រអូប ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ជា​ព្រះ​មហា​ក្សត្រ​នៃ​ពិភព​ទាំង​មូល។ ១៦ពេល​នោះ​អស់​លោក​បូជា​ចារ្យ​ជា​កូន​ចៅ​លោក​អារ៉ុន​នាំ​គ្នា​ផ្លុំ​ត្រែ​ធ្វើ​ពី​ដែក​ ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ដើម្បី​រំឭក​ប្រជា​ជន​នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ១៧រំពេច​នោះ​ប្រជា​ជន​នាំគ្នា​ក្រាប​ចុះ​អោន​មុខ​ទល់​ដី​ទាំង​អស់​គ្នា ដើម្បី​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់​របស់​ពួក​គេ គឺ​ព្រះ​ដ៏​មាន​តេជា​នុភាព​សព្វ​ប្រការ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ១៨មាន​ក្រុម​អ្នក​ចំរៀង​នាំគ្នា​ច្រៀង​លើក​តម្កើង​ព្រះ​អង្គ ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ ហើយ​ពិរោះ​លាន់​ឮ​ពេញ​ព្រះ​វិហារ។ ១៩ប្រជា​ជន​នាំគ្នា​អង្វរ​ព្រះ​អម្ចាស់ ដូចជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​គេ​អធិដ្ឋាន​ នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​ជាម្ចាស់ ដែល​ប្រកប​ដោយ​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា រហូត​ដល់​ចប់​ពិធី​គោរព​បំរើ​ព្រះ​អម្ចាស់។ ២០លុះ​ចប់​សព្វ​គ្រប់​ហើយ លោក​ស៊ីម៉ូន​ចុះ​ពី​អាសនៈ ហើយ​លើក​ដៃ​ដាក់​លើ​សហគមន៍ នៃ​ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​មូល ដើម្បី​ជូន​ពរ​ក្នុង​នាម​ព្រះ​អម្ចាស់ លោក​មាន​កិត្តិយស​ប្រកាស​ព្រះ​នាម​ព្រះ​អង្គ។ ២១ប្រជា​ជន​ទាំង​មូល​ក្រាប​ម្តង​ទៀត ដើម្បី​ទទួល​ព្រះ​ពរ​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

ពាក្យ​ដាស់​តឿន​
២២ឥឡូវ​នេះ ចូរ​សរ​សើរ​លើក​តម្កើង​ព្រះ​ជាម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ​អង្គ​បាន​ប្រព្រឹត្ត​កិច្ចការ​ដ៏​ឧត្តុង្គ​ឧត្តម​ នៅ​គ្រប់​ទិស​ទី។ ព្រះ​អង្គ​បាន​លើក​តម្កើង​ជីវិត​យើង​ ឲ្យ​ចំរើន​ឡើង តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​មក ហើយ​ប្រព្រឹត្ត​ចំពោះ​យើង ដោយ​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា​ជានិច្ច។ ២៣សូម​ព្រះ​អង្គ​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អំណរ​សប្បាយ! សូម​ឲ្យ​យើង​រស់​នៅ​ដោយ​សេចក្តី​សុខ​សាន្ត ក្នុង​ស្រុក​អ៊ីស្រា​អែល ជា​យូរ​អង្វែង​តរៀង​ទៅ។ ២៤សូម​ព្រះ​អង្គ​អាណិត​មេត្តា​ដល់​យើង​ជា​ដរាប! សូម​ព្រះ​អង្គ​រំដោះ​យើង​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​ផង។

ប្រជាជាតិគួរឲ្យស្អប់ខ្ពើម
២៥មាន​ប្រជា​ជាតិ​ពីរ​ដែល​ខ្ញុំ​ស្អប់ ហើយ​ក៏​មាន​ប្រជា​ជាតិ​ទី​បី ដែល​មិន​មែន​ជា​ប្រជា​ជាតិ​ទេ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់​ដែរ។ ២៦គឺ​ពួក​អ្នក​ស្រុក​ដែល​តាំង​ទីលំនៅ​តាម​ភ្នំ​សេអ៊ីរ ប្រជា​ជន​ភីលីស្ទីន និង​ប្រជា​ជន​ដ៏​លេលា​ដែល​រស់នៅ​ភូមិ​ស៊ីគែម។

ពាក្យ​បញ្ចប់
២៧លោក​យេស៊ូ ជា​កូន​របស់​លោក​ស៊ីរ៉ាក់ ជា​ចៅ​លោក​អេឡាសារ ជា​អ្នក​ក្រុង​យេរូ​សាឡឹម បាន​កត់​ត្រា​ទុក​សេចក្តី​ប្រៀន​ប្រដៅ ក្នុង​សៀវ​ភៅ​នេះ​ប្រកប​ដោយ​ការ​ត្រិះ​រិះ​ពិចារណា និង ចំណេះ​ដឹង។ លោក​ចាក់​បង្ហូរ​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​លោក​មក​ដូច​ទឹក​ភ្លៀង។ ២៨មាន​សុភ​មង្គល​ហើយ អស់​អ្នក​ដែល​តែង​តែ​ត្រិះ​រិះ​ពិចារណា​ ពី​សេចក្តី​ប្រៀន​ប្រដៅ​នេះ អ្នក​ដែល​ចង​ចាំ​ទុក​សេចក្តី​ទាំង​នេះ​ក្នុង​ចិត្ត មុខ​ជា​ក្លាយ​ទៅ​ជា​អ្នក​ប្រាជ្ញ​មិន​ខាន។ ២៩ប្រសិន​បើ​អ្នក​នោះ​ប្រតិ​បត្តិ​តាម​សេចក្តី​ទាំង​នោះ គេ​មាន​កម្លាំង​អាច​ពុះ​ពារ​គ្រប់​ឧប​សគ្គ ដ្បិត​គេ​ដើរ​តាម​មាគ៌ា​នៃ​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។