បេនស៊ីរ៉ាក់ (៤៩)

ព្រះ​បាទ​យ៉ូស្យាស
១ប្រជា ជន នឹក ដល់ ព្រះ បាទ​យ៉ូស្យាស ដូច​គេ​នឹក​ពី​ក្លិន​នៃ​គ្រឿង​ក្រអូប​ដែល​អ្នក​អប់​បាន​រៀប​ចំ​ទុក។ ពេល​គេ​ពោល​ពី​ព្រះ​នាម​ព្រះ​បាទ​យ៉ូស្យាស ប្រៀប​ដូច​គេ​យក​ទឹក​ឃ្មុំ​ដ៏​ផ្អែម​ឆ្ងាញ់​ដាក់​ក្នុង​មាត់ ឬ​ដូច​ភ្លេង​ដ៏​ពិរោះ​ក្នុង​ពិធី​ជប់​លៀង ដែល​មាន​ភ្ញៀវ​ពិសា​ស្រា។ ២ព្រះ​រាជា​ដើរ​តាម​មាគ៌ា​ដ៏​ទៀង​ត្រង់​ដោយ​នាំ​ប្រជា​ជន​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​លុប​បំបាត់​ការ​គោរព​ព្រះ​ក្លែង​ក្លាយ។ ៣ព្រះ​រាជា​តំរង់​ព្រះ​ហប្ញ​ទ័យ​ទៅ​រក​ព្រះ​អម្ចាស់ ហើយ​ពង្រឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​អម្ចាស់ ក្នុង​គ្រា​ដែល​ប្រជា​ជន​លះ​បង់​ព្រះ​អង្គ​ចោល។

ស្តេច​ស្រុក​យូដា​ចុង​ក្រោយ​បង្អស់ និង ព្យាការីយេរេមី
៤ក្រៅ​ពី​ព្រះ​បាទ​ដាវីឌ ព្រះ​បាទ​អេសេខ្យាស និង​ព្រះ​បាទ​យ៉ូស្យាស​មាន​ស្តេច​ផ្សេង​ទៀត សុទ្ធ​តែ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ ស្តេច​ទាំង​នោះ​បោះ​បង់​ចោល​ធម្ម​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ឈ្មោះ​ស្តេច​ទាំង​នោះ វិនាស​សាប​សូន្យ​ទាំង​អស់។ ៥ព្រះ​ជាម្ចាស់ បាន​ដក​កម្លាំង​របស់​ស្តេច​ទាំង​នោះ​ប្រគល់​ឲ្យ​អ្នក​ផ្សេង ហើយ​ដក​សិរី​រុង​រឿង​របស់​ព្រះ​រាជា​ទាំង​នោះ ប្រគល់​ឲ្យ​ប្រជា​ជាតិ​ដទៃ។ ៦ខ្មាំង​សត្រូវ​នាំ​គ្នា​ដុត​ចោល​ក្រុង​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស គឺ​ទី​ក្រុង​ដែល​មាន​ទី​សក្ការៈ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ​ស្ងាត់​ជ្រងំ។ ៧ដូច​ព្យាការី​យេរេមី​បាន​ថ្លែង​ប្រាប់​ជាមុន។ ស្តេច​ទាំង​នោះ​ធ្វើ​បាប​លោក​យេរេមី ដែល​ព្រះ​ជាម្ចាស់​បាន​ញែក​ទុក​ឲ្យ​ធ្វើ​ជា​ព្យាការី​ តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​មក ដើម្បី​គាស់​រំលើង បំផ្លាញ និង​ធ្វើ​ឲ្យ​វិនាស ព្រម​ទាំង​ដាំ និង​កសាង​ឡើង​វិញ​ដែរ។

ព្យាការី​អេសេគីអែល
៨ព្យាការី​អេសេគីអែល​យល់​ឃើញ​ សិរី​រុង​រឿង​របស់​ព្រះ​ជាម្ចាស់​ក្នុង​និមិត្ត​ហេតុ គឺ​ព្រះ​អង្គ​សំដែង​សិរី​រុង​រឿង​នៅ​លើ​រទេះ ទឹម​ដោយ​ខេរូប៊ីម។ ៩ដ្បិត​លោក​នឹក​ដល់​លោក​យ៉ូក ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត​ទៀង​ត្រង់។

ព្យាការីទាំងដប់ពីរនាក់
១០រីឯ​ព្យាការី​ទាំង​ដប់ពីរ​នាក់ ទោះបី​ធាតុ​របស់​អស់​លោក​ស្ថិត​នៅ​ក្នុង​ផ្នូរ​ក្តី ក៏​ព្រះ​ជាម្ចាស់ប្រោស​ប្រទាន​ឲ្យ​មាន​ព្យាការី​បន្ត​មុខងារ​ពី​អស់​លោក​ដែរ ដ្បិត​អស់​លោក​បាន​លើក​ទឹក​ចិត្ត កូន​ចៅ​របស់​លោក​យ៉ាកុប ហើយ​រំដោះ​គេ​ឲ្យ​មាន​ជំនឿ និង​សេចក្តី​សង្ឃឹម​ជានិច្ច។

លោកសូរ៉ូបាបែល និង​លោកយ៉ូស៊ូអា
១១តើ​យើង​ថ្លែង​ពី​កិត្តិ​យស ដ៏​ថ្កុំ​ថ្កើង​របស់​លោក​សូរ៉ូបាបែល​ដូច​ម្តេច​កើត? លោក​ប្រៀប​ដូច​ជា​ត្រា ដែល​នៅ​ក្នុង​ព្រះ​ហស្ត​ស្តាំ របស់​ព្រះ​អម្ចាស់។ ១២លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​យ៉ូសេ​ដេក​ក៏​ដូច្នេះ​ដែរ។ នៅ​ជំនាន់​នោះ លោក​ទាំង​ពីរ​សង់​ព្រះ​ដំណាក់ និង​ទី​សក្ការៈ ថ្វាយ​ទៅ​ព្រះ​អម្ចាស់ គឺ​ទី​សក្ការៈ​ដែល​ប្រកប​ដោយ​សិរី​រុង​រឿង អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។

លោកនេហេមី
១៣លោក​នេហេមី​ក៏​ដូច្នោះ​ដែរ គួរ​ឲ្យ​នឹក​ដល់​លោក​យ៉ាង​ខ្លាំង ព្រោះ​លោក​បាន​សង់​កំពែង​ដែល​រលំ​ឲ្យ​ឈរ​ឡើង​វិញ។ លោក​ដាក់​ទ្វារ និង រនុក លោក​បាន​សង់​ផ្ទះ​របស់​យើង​ឡើង​វិញ​ដែរ។

បុព្វបុរស
១៤ក្នុង​ចំណោម​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ព្រះ​ជាម្ចាស់​បង្កើត​មក​នៅ​លើ​ផែន​ដី គ្មាន​នរណា​ប្រសើរ​ដូច​លោក​ហេណុក​ឡើយ។ ដ្បិត​ព្រះ​ជាម្ចាស់​បាន​លើក​លោក​ឡើង​ពី​ផែន​ដី​ដែរ។ ១៥គ្មាន​បុរស​ណា​ដូច​លោក​យ៉ូសែប ដែល​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​បងៗ​ខ្លួន ព្រម​ទាំង​គាំទ្រ​ប្រជា​ជន​របស់​ខ្លួន​ផង។ គេ​នាំ​គ្នា​គោរព​ធាតុ​របស់​លោក​យ៉ាកុប​ខ្លាំង។ ១៦លោក​យ៉ូសែប និង លោក​សែត​មាន​ឈ្មោះ​ល្បី​ក្នុង​ចំណោម​មនុស្ស​លោក ប៉ុន្តែ លោក​អាដាំ​ជា​មនុស្ស​ដែល​ប្រសើរ​ជាង​សត្វ​លោក​ទាំង​អស់ ដែល​ព្រះ​ជាម្ចាស់​បង្កើត​មក។