បេនស៊ីរ៉ាក់ (៤៨)

ព្យាការីអេលី
១ព្យាការី​អេលី​ងើប​ឡើង ដូច​ភ្លើង  ពាក្យ​សំដី​របស់​លោក​  ភ្លឺ​ដូច​ចន្លុះ​ក្នុង​ពេល​យប់។ ២លោក​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន​នៅ​ស្រុក​អ៊ីស្រា​អែល។ លោក​ស្រឡាញ់​ព្រះ​ជាម្ចាស់​យ៉ាង​ខ្លាំង លោក​ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ ៣តាម​បញ្ជា​របស់​ព្រះ​អម្ចាស់ លោក​ធ្វើ​ឲ្យ​មេឃ​រាំង ហើយ​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ចំនួន​បី​ដង​ដែរ។ ៤ព្យាការី​អេលី​អើយ! លោក​ប្រកប​ដោយ​សិរី​រុង​រឿង ដោយ​សារ​តែ​លោក​សំដែង​បាដិ​ហារិយ៍ តើ​នរណា​អាច​ប្រៀប​ស្មើ​នឹង​លោក​បាន? ៥ លោក​ប្រោស​មនុស្ស​ស្លាប់​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​ ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ៦លោក​ទម្លាក់​ស្តេច​ជា​ច្រើន​អង្គ ឲ្យ​វិនាស​អន្តរាយ ព្រម​ទាំង​ទម្លាក់​មេ​ដឹក​នាំ​ឲ្យ​ធ្លាក់​ពី​មុខ​តំណែង​របស់​ខ្លួន​ដែរ។ ៧នៅ​លើ​ភ្នំ​ស៊ីណៃ លោក​ឮ​ព្រះ​អម្ចាស់​ស្តី​បន្ទោស​លោក។ នៅ​លើ​ភ្នំ​ហូរ៉ែប លោក​ក៏​ឮ​ព្រះ​អង្គ​ដាក់​ទណ្ឌ​កម្ម​ដែរ។ ៨លោក​ចាក់​ប្រេង​អភិ​សេក​ស្តេច​ជាច្រើន​អង្គ​ដើម្បី​រក​យុត្តិ​ធម៌​ ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល លោក​ក៏​ចាក់​ប្រេង​តែង​តាំង​ព្យាការី ឲ្យ​បន្ត​មុខ​តំណែង​ពី​លោក​ដែរ។ ៩ព្រះ​អម្ចាស់​លើក​លោក​ឡើង ដោយ​ភ្លើង​កួច​នៅ​លើ​រទេះ​ទឹម​ដោយ​សេះ​ភ្លើង​ផង។ ១០ក្នុង​គម្ពីរ​មាន​ចែង​ថា ពេល​អនា​គត លោក​ទទួល​ភារកិច្ច​បន្ធូរ​ព្រះ​ពិរោធ​របស់​ព្រះ​ជាម្ចាស់ មុន​ពេល​ព្រះ​អង្គ​ដាក់​ទណ្ឌ​កម្ម គឺ​លោក​នឹង​អង្វរ​ចិត្ត​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​ស្រោច​ស្រង់​កុល​សម្ព័ន្ធ​របស់​លោក​យ៉ាកុប ឲ្យ​បាន​ដូច​ដើម​ឡើង​វិញ​ផង។

១១មាន​សុភមង្គល​ហើយ! អ្នក​ដែល​បាន​ឃើញ និង​អ្នក​ដែល​ស្លាប់​ទៅ​ ទាំង​ស្រឡាញ់​ព្រះ​អម្ចាស់ ដ្បិត​យើង​ពិត​ជា​មាន​ជីវិត​មិន​ខាន។

ព្យាការីអេលីស៊េ
១២កាល​ព្យាការីអេលី​បាត់​ទៅ​ក្នុង​ភ្លើង​កួច​នោះ ព្យា​ការី​អេលីស៊េ បាន​ពោរ​ពេញ​ដោយ​វិញ្ញាណ​របស់​ព្យាការី​អេលី។ អស់​មួយ​ជីវិត​របស់​លោក​គ្មាន​អ្នក​កាន់​អំណាច​ណា​ម្នាក់ អាច​បំភ័យ​លោក​ឲ្យ​ខ្លាច​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​បង្ខំ​លោក​បាន​ដែរ។ ១៣គ្មាន​អ្វី​បង្ក​ការ​លំបាក​ដល់​លោក​ឡើយ សូម្បី​តែ​លោក​ទទួល​មរណ​ភាព​ហើយ​ក្តី​ក៏​សព​របស់​លោក​អាច​ថ្លែង​ព្រះ​បន្ទូល​ក្នុង​នាម​ព្រះ​អម្ចាស់​ដែរ។ ១៤ពេល​លោក​មាន​ជីវិត​នៅ​ឡើយ លោក​បាន​សំដែង​បាដិហារិយ៍ ហើយ​ក្រោយ​ពេល លោក​ទទួល​មរណ​ភាព​ទៅ លោក​ក៏​ប្រព្រឹត្ត​កិច្ច​ការ​គួរ​ឲ្យ​អស្ចារ្យ​ដែរ។ ១៥ទោះបី​ជា​យ៉ាង​នេះ​ក្តី ក៏​ប្រជា​ជន​មិន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​មិន​ព្រម​ឃ្លាត​ចាក​ពី​អំពើ​បាប​របស់​ខ្លួន រហូត​ដល់​ព្រះ​ជាម្ចាស់​ប្រើ​ខ្មាំង​ឲ្យ​កៀរ​ពួកគេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន និង​កំចាត់​កំចាយ​ពួកគេ​នៅ​លើ​ផែន​ដី​ទាំង​មូល។នៅ​សល់​តែ​ប្រជា​ជន​មួយ​ចំនួន​តូច​ព្រម​ទាំង​មេ​ដឹក​នាំ​ម្នាក់ ក្នុង​រាជ​វង្ស​របស់​ព្រះ​បាទ​ដាវីឌ។ ១៦ព្រះ​មហា​ក្សត្រ​ស្រុក​យូដា​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​ជាម្ចាស់ ប៉ុន្តែ​មួយ​ចំនួន​ទៀត ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ច្រើន​ឡើងៗ។

ព្រះ​បាទ​អេសេខ្យាស និង ព្យាការី​អេសាយ
១៧ព្រះ​បាទ​អេសេខ្យាស សង់​លំពែង​ជុំវិញ​ក្រុង​យេរូសាឡឹម ហើយ​បញ្ចូល​ទឹក​មក​ខាង​ក្នុង​ទី​ក្រុង ហើយ​ឲ្យ​គេ​យក​ដែក​មក​ដាប់​ថ្ម និង ជីក​ស្រះ​សំរាប់​ទុក​ទឹក។ ១៨នៅ​ជំនាន់​ព្រះ​បាទ​អេសេខ្យាស ព្រះ​បាទ​សេណាកេរីប លើក​ទ័ព​មក​វាយ​ក្រុង​យេរូសាឡឹម​ ហើយ​ចាត់​លោក​រ៉ាបសាកែស ឲ្យ​លើក​ដៃ​ប្រឆាំង​នឹង​ភ្នំ​ស៊ីយ៉ូន ដោយ​ចិត្ត​ព្រហើន​កោង​កាច។ ១៩ពេល​នោះ​ប្រជា​ជន​ក្រុង​យេរូ​សាឡឹម នាំ​គ្នា​តក់​ស្លុត​ស្មារតី​ញ័រ​ដៃ ញ័រ​ជើង ហើយ​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។ ២០ពួកគេ​ទូល​អង្វរ​ព្រះ​អម្ចាស់​ប្រកប​ដោយ​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា ពួកគេ​លើក​ដៃ​ទៅ​រក​ព្រះ​អង្គ ហើយ​ព្រះ​ដ៏​វិសុទ្ធ​ទ្រង់​ឆ្លើយ​តប​តាម​ពាក្យ​អង្វរ​របស់​ពួកគេ​ពី​ស្ថាន​បរម​សុខ​មក ព្រះ​អង្គ​ចាត់​ព្យាការី​អេសាយ​ឲ្យ​មក​រំដោះ​ពួក​គេ។ ២១ព្រះ​អង្គ​វាយ​ប្រហារ​ជំរំ​របស់​ជន​ជាតិ​អាស្ស៊ីរី ហើយ​ទេវ​ទូត​របស់​ព្រះ​អង្គ បំផ្លាញ​ខ្មាំង​ឲ្យ​វិនាស​សាប​សូន្យ។ ២២ដ្បិត​ព្រះ​បាទ​អេសេខ្យាស ធ្វើ​កិច្ចការ​ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់។ ស្តេច​ដើរ​តាម​មាគ៌ា​របស់​ព្រះ​បាទ​ដាវីឌ ជា​អយ្យ​កោ​យ៉ាង​ម៉ត់​ចត់ ដូច​ព្យាការី​អេសាយ ជា​ព្យាការី​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​និមិត្ត​ឃើញ​ហេតុ​គួរ​ឲ្យ​ជឿ តែង​តែ​ទូន្មាន​ស្តេច។ ២៣នៅ​ជំនាន់​ព្យាការី​អេសាយ​ព្រះ​អាទិត្យ​ធ្វើ​ដំណើរ​ថយ​ក្រោយ ដើម្បី​បង្កើន​ព្រះ​ជន្ម​របស់​ស្តេច។ ២៤ព្រះ​វិញាណ​ដ៏​ប្រសើរ​ឧត្តម​បាន​បំភ្លឺ​លោក ឲ្យ​និមិត្ត​ឃើញ​ពេល​អវសាន​កាយ ហើយ​សំរាល​ទុក្ខ​ប្រជា​ជន​ក្រុង​ស៊ីយ៉ូន​។ ២៥លោក​ថ្លែង​ប្រាប់​អំពី​ពេល​អនាគត រហូត​ដល់​ចុង​បញ្ចប់ និង​ព្រឹត្តិ​ការណ៍​លាក់​កំបាំង មុន​ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន។