បេនស៊ីរ៉ាក់ (៤៧)

ព្យាការីណាថាន និង ព្រះបាទដាវីឌ
១បន្ទាប់​ពី​លោក​សាម៉ូអែល ព្យាការី​ណាថាន​ងើប​ឡើង​ ដើម្បី​ថ្លែង​ព្រះ​បន្ទូល​ក្នុង​រជ្ជកាល​ព្រះ​បាទ​ដាវីឌ។ ២ពេល​ថ្វាយ​យញ្ញ​បូជា​មេត្រី​ភាព បូជា​ចារ្យ​តែង​តែ​ញែក​ចំណែក​ដ៏ល្អ​បំផុត​ដាក់​ដោយ​ឡែក​យ៉ាង​ណា ព្រះ​ជាម្ចាស់​ក៏​ញែក​ព្រះ​បាទ​ដាវីឌ ដាក់​ដោយ​ឡែក​ពី​ចំណោម ជន​ជាតិ​អ៊ីស្រា​អែល​យ៉ាង​នោះ​ដែរ។ ៣លោក​បង្រ្កាប​សិង្ហ ដូច​បង្រ្កាប​កូន​ពពែ ហើយ​ចាប់​ខ្លា​ឃ្មុំ ដូច​ចាប់​កូន​ចៀម។៤កាល​នៅ​វ័យ​ក្មេង​នៅ​ឡើយ លោក​ប្រហារ​ជីវិត​មនុស្ស​មាន​មាឌ​ធំ​សំបើម ហើយ​ដក​ការ​អាម៉ាស់​ចេញ​ពី​ប្រជា​ជន​អ៊ីស្រា​អែល គឺ​លោក​យក​ដង្ហក់​បាញ់​ក្រួស និង​ប្រហារ​ជីវិត​គូលីយ៉ាត​ជា​ជន​ព្រហើន។ ៥លោក​ទូល​អង្វរ​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​ប្រទាន​កម្លាំង​ឲ្យ​លោក ដើម្បី​ប្រហារ​ជីវិត​ទាហាន​ដ៏​ស្ទាត់​ជំនាញ ព្រម​ទាំង​ផ្តល់​កម្លាំង​ឲ្យ​ប្រជា​ជន​ព្រះ​អង្គ​ឡើង​វិញ។ ៦ហេតុ​នេះ​ហើយ​អ្នក​ស្រុក​លើក​តម្កើង​សិរី​រុង​រឿង​របស់​លោក ហាក់​ដូចជា​បាន​ប្រហារ​ជីវិត​ខ្មាំង​មួយ​ម៉ឺន​នាក់។ គេ​ក៏​នាំ​គ្នា​ច្រៀង​សរសើរ​លោក ទាំង​លើក​តម្កើង​ព្រះ​អម្ចាស់​ដែរ ហើយ​គេ​ជូន​មកុដ​ដ៏រុង​រឿង​ឲ្យ​លោក​ផង។ ៧ព្រះ​បាទ​ដាវីឌ​កំទេច​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស​ទី បំផ្លាញ​ជន​ជាតិ​ភីលីស្ទីន ជា​បច្ចា​មិត្ត​ហើយ​កំទេច​កម្លាំង​របស់​គេ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៨ក្នុង​គ្រប់​កិច្ចការ​ដែល​ស្តេច​ប្រព្រឹត្ត ទ្រង់​តែង​តែ​សរសើរ​ព្រះ​ដ៏​វិសុទ្ធ​ខ្ពង់​ខ្ពស់​បំផុត ដោយ​លើក​តម្កើង​សិរី​រុង​រឿង​របស់​ព្រះ​អង្គ​ផង ស្តេច​តែង​តែ​ស្មូត្រ​ទំនុក​តម្កើង​ដោយ​ស្មោះ​អស់ពី​ចិត្ត​ហើយ​ស្រឡាញ់​ព្រះ​ជាម្ចាស់ ដែល​បង្កើត​លោក​មក។ ៩ស្តេច​បង្កើត​ក្រុម​ចំរៀង​ឲ្យ​ច្រៀង​យ៉ាង​ពិរោះ​នៅ​មុខ​អាសនៈ។ ១០ធ្វើ​ឲ្យ​ពិធី​បុណ្យ​នានា​បាន​ថ្កុំ​ថ្កើង​ឡើង និង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​កាន់​តែ​អធិក​អធម​ ដើម្បី​ឲ្យ​ប្រជា​ជន​ច្រៀង​សរសើរ​តម្កើង​ព្រះ​នាម ដ៏​វិសុទ្ធ​របស់​ព្រះ​អម្ចាស់ លាន់​ឮ​រំពង​ក្នុង​ទី​សក្ការៈ តាំង​ពី​ព្រលឹម​  ១១ព្រះ​អម្ចាស់​លើក​លែង​ទោស ឲ្យ​ព្រះ​បាទ​ដាវីឌ ហើយ​ពង្រឹង​អំណាច​របស់​ព្រះ​រាជា ជារៀង​រហូត។​  ព្រះ​អង្គ​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​ព្រះ​បាទ​ដាវីឌ ក្នុង​ឋានៈ​ជា​ព្រះ​មហា​ក្សត្រ ហើយ​ប្រទាន​រាជ​បល្ល័ង្ក​ប្រកប​ដោយ​សិរី​រុង​រឿង​នៅ​ស្រុក​អ៊ីស្រា​អែល​ដែរ។

ព្រះបាទសាឡូម៉ូន
១២បន្ទាប់​ពី​ព្រះ​បាទ​ដាវីឌ មាន​រាជ​បុត្រ​មួយ​អង្គ​ទៀត ប្រកប​ដោយ​ចំណេះ​វិជ្ជា​ជ្រៅ​ជ្រះ ងើប​ឡើង។ ព្រះ​ជាម្ចាស់​យល់​ដល់​ព្រះ​បាទ​ដាវីឌ ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​បុត្រ​នោះ រស់​នៅ​យ៉ាង​សុខ​សាន្ត។ ១៣ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​សាឡូម៉ូន ស្រុក​អ៊ីស្រា​អែល​ប្រកប​ដោយ​សុខ​សន្តិ​ភាព។ ព្រះ​ជាម្ចាស់​ប្រោស​ប្រទាន​សេចក្តី​សុខ​សាន្ត​នៅ​គ្រប់​ទិសទី ដើម្បី​ឲ្យ​ព្រះ​រាជ​សង់​ព្រះ​ដំណាក់​សំរាប់​ព្រះ​អង្គ​គង់​នៅ​និង​រៀបចំ​ទី​សក្ការៈ​ដែល​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច។ ១៤បពិត្រ​ព្រះ​ករុណា! ពេល​ព្រះ​ករុណា​នៅ​ជា​យុវជន ព្រះ​ករុណា​មាន​ប្រាជ្ញា​ឈ្លាស​វៃ ពោរ​ពេញ​ដោយ​សុភ​និច្ឆ័យ ដូច​ទន្លេ​ពេញ​ប្រៀប​ដោយ​ទឹក។ ១៥  ចំណេះ​វិជ្ជា​របស់​ព្រះ​ករុណា លាត​សន្ធឹង​លើ​ផែនដី​ទាំង​មូល ព្រះ​ករុណា​ក៏​តែង​ពាក្យ​ប្រស្នា​និង​សុភា​សិត ពី​គ្រប់​វិស័យ។ ១៦កិត្តិនាម​របស់​ព្រះ​ករុណា​លាន់​ឮ​ដល់​កោះ​នៅទី​ដាច់​ស្រយាល ហើយ​គេ​ស្រឡាញ់​ព្រះ​ករុណា ព្រោះ​តែ​សន្តិភាព ដែល​ព្រះ​ករុណា​ប្រទាន​ឲ្យ​គេ។​១៧មនុស្ស​ទាំង​អស់ ក្នុង​ពិភព​លោក​ទាំង​មូល​នាំ​គ្នា​ស្ងើច​សរសើរ​ចំរៀង​សុភា​សិត​ប្រស្នា និង​ការ​បក​ស្រាយ​របស់​ព្រះ​ករុណា។ ១៨ព្រះ​ករុណា​ទទួល​នាម​ដ៏​រុង​រឿង​ពី​ព្រះ​ជាម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា​អែល។ ព្រះ​ករុណា​ប្រមូល​មាស ដូច​គេ​ប្រមូល​ស្ពាន់​ហើយ​ប្រមូល​ប្រាក់​ដូច​គេ​ប្រមូល​សំណ។ ១៩ប៉ុន្តែ​ព្រះ​រាជា​បាន​ប្រគល់​ព្រះ​កាយ​ឲ្យ​ស្រ្តីៗ ហើយ​ស្រ្តី​ទាំង​នោះ​ធ្វើ​ជាម្ចាស់ លើ​ព្រះ​កាយ​របស់​ព្រះ​ករុណា។ ២០ដូច្នេះ ព្រះ​ករុណា​បណ្តាល​ឲ្យ​សិរី​រុង​រឿង​របស់​ព្រះ​ករុណា​ជាប់​សៅហ្មង ព្រះ​ករុណា​បាន​បន្ទាប​បន្ថោក​ជាតិ រហូត​ដល់​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​ទ្រង់​ព្រះ​ពិរោធ​នឹង​រាជ​វង្សា​នុវង្ស។ រាជ​វង្សា​នុវង្ស នឹក​ស្តាយ​អំពើ​លេលា​របស់​ព្រះ​ករុណា​ជាខ្លាំង។ ២១អាណា​ចក្រ​របស់​ព្រះ​រាជា​នឹង​ចែក​ជា​ពីរ ហើយ​មាន​អាណា​ចក្រ​របស់​អ្នក​បះ​បោរ កើត​ចេញ​ពី​កុល​សម្ព័ន្ធ​អេប្រា​អ៊ីម។ ២២ប៉ុន្តែ​ព្រះ​អម្ចាស់​មិន​បោះ​បង់​ព្រះ​ហប្ញ​ទ័យ មេត្តា ករុណា​របស់​ព្រះ​អង្គ​ទេ ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ នៅ​តែ​មាន​ប្រសិទ្ធ​ភាព​ជានិច្ច។ ព្រះ​អង្គ​មិន​បណ្តោយ​ឲ្យ​ពូជ​ពង្ស​របស់​ស្តេច​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស​នោះ វិនាស​សាប​សូន្យ​ឡើយ។ ព្រះ​អង្គ​ក៏​មិន​លុប​បំបាត់​ជាតិ​សាសន៍​របស់​អ្នក ដែល​ព្រះ​អង្គ​ស្រឡាញ់​ដែរ។ ព្រះ​អង្គ​ប្រទាន​ឲ្យ​ប្រជា​ជន​របស់​លោក​យ៉ាកុប នៅ​មាន​សេស​សល់ ហើយ​ព្រះ​បាទ​ដាវីឌ មាន​អ្នក​ស្នង​រាជ្យ​ចេញ​ពី​ពូជ​ពង្ស​របស់​ស្តេច​ដែរ។

ព្រះបាទរ៉ូបោម
២៣បន្ទាប់​មក ព្រះ​បាទ​សាឡូម៉ូន​យាង​ចូល​ទៅ​សំរាក​ជាមួយ​អយ្យ​កោ​របស់​ព្រះ​អង្គ។ ព្រះ​រាជា​ទុក​រាជ​វង្ស​មួយ​អង្គ​ដែល​លេលា​ជាង​គេ ក្នុង​ចំណោម​ប្រជា​ជន និង គ្មាន​ប្រាជ្ញា​ឲ្យ​សោយ​រាជ្យ គឺ​ព្រះ​បាទ​រ៉ូបោម ត្រង់​ធ្វើ​ឲ្យ​ប្រជា​ជន​មាន​ការ​បះបោរ តាម​ការ​សំរេច​របស់​ខ្លួន។ ព្រះ​បាទ​យេរ៉ូ​បោម​ ព្រះ​បាទ​យេរ៉ូ​បោម ជា​កូន​របស់​លោក​នេបាត​នាំ​ប្រជា​ជន​អ៊ីស្រា​អែល​ឲ្យ ប្រព្រឹត្ត​អំពើ​បាប និង​នាំ​កុល​សម្ព័ន្ធ​អេប្រាអ៊ីម ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។ ២៤ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ច្រើន​ឡើងៗ បាន​ជា​ព្រះ​ជាម្ចាស់​បណ្តាល​ឲ្យ​ខ្មាំង​កៀរ​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។២៥ពួក​គេ​បណ្តោយ​ខ្លួន ឲ្យ​ធ្វើ​អំពើ​អាក្រក់​គ្រប់​យ៉ាង​រហូត​ដល់​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់ ដាក់​ទណ្ឌ​កម្ម​ដល់​ពួក​គេ។