បេនស៊ីរ៉ាក់ (៤៦)

លោកយ៉ូស៊ូអា និង លោកកាលែប
១លោក​យ៉ូស៊ូអា​ជា​កូន​របស់​លោក​នូន​ជា​យុទ្ធ​ជន​ដ៏​អង់​អាច។ លោក​បន្ត​មុខ​ងារ​ជា​ព្យាការី​ពី​លោក​ម៉ូសេ។ ស្រប​តាម​អត្ថន័យ​នៃ​ឈ្មោះ​របស់​លោក លោក​ទៅ​ជា​វីរជន​ដ៏​ឧត្តុង្គ​ឧត្តម ដើម្បី​សង្រ្គោះ​ប្រជា​ជន​ដែល​ព្រះ​អម្ចាស់​បាន​ជ្រើស​រើស។ លោក​ក៏​ដាក់​ទោស​ខ្មាំង​សត្រូវ​ដែល​លើក​គ្នា​ប្រឆាំង​នឹង​លោក ហើយ​នាំ​ប្រជា​ជន​អ៊ីស្រា​អែល​ទៅ​កាន់​កាប់​ទឹកដី​ជា​មត៌ក។ ២លោក​ទទួល​សិរី​រុង​រឿង​ប្រសើរ​ណាស់! នៅ​ពេល​លោក​លើក​ដៃ និង​តំរង់​ដាវ​បំរុង​វាយ​ដណ្តើម​ក្រុង​នានា។ ៣តើ​មាន​នរណា​ម្នាក់​មាន​ចិត្ត​អង់​អាច​ដូច​លោក​តាំង​ពីមុន​មក? លោក​ជា​អ្នក​ដឹក​នាំ​ការ​ប្រយុទ្ធ​របស់​ព្រះ​អម្ចាស់។ ៤លោក​ធ្វើ​ឲ្យ​ព្រះ​អាទិត្យ​ឈប់​ធ្វើ​ដំណើរ និង​ធ្វើ​ឲ្យ​មួយ​ថ្ងៃ​វែង​ដូចជា​ពីរ​ថ្ងៃ។ ៥ពេល​ខ្មាំង​សត្រូវ​ព័ទ្ធ​លោក​ជុំវិញ លោក​ទូល​អង្វរ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​ព្រះ​ដ៏​មាន​តេជា​នុភាព​សព្វ​ប្រការ ហើយ​ព្រះ​អម្ចាស់​ដ៏​ឧត្តុង្គ​ឧត្តម ទ្រង់​ព្រះ​សណ្តាប់​លោ ដោយ​ធ្វើ​ឲ្យ​គ្រាប់​ព្រឹល​ធំៗ ដែល​មាន​កម្លាំង​ខ្លាំង​ក្លា​ធ្លាក់​ចុះ​មក។ ៦លោក​វាយ​សំរុក​លើ​កង​ទ័ព​របស់​ខ្មាំង​សត្រូវ​ហើយ​បំផ្លាញ​ពួកគេ​នៅ​ពេល​គេ​រត់​ចុះ​តាម​ជំរាល​ភ្នំ។ លោក​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ជាតិ​សាសន៍​ដទៃ ស្គាល់​អាវុធ​គ្រប់​យ៉ាង​របស់​លោក ព្រោះ​ជាតិ​សាសន៍​ទាំង​នោះ លើក​គ្នា​ទៅ​ច្បាំង​នឹង​ព្រះ​អម្ចាស់​ផ្ទាល់។ លោក​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ ដ៏​មាន​ប្ញទ្ធា​នុភាព។ ៧នៅ​សម័យ​លោក​ម៉ូសេ លោក​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​រួម​ជាមួយ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ​ដោយ​ប្រឆាំង​នឹង​សហគមន៍​ហើយ​ឃាត់​ប្រជា​ជន​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​ប្រជា​ជន​លែង​រអ៊ូរ​ទាំ និយាយ​អាក្រក់​ប្រឆាំង​នឹង​ព្រះ​អង្គ។ ៨ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​ជាម្ចាស់​សង្រ្គោះ​លោក​ទាំង​ពីរ​ឲ្យ​រួច​ជីវិត ក្នុង​ចំណោម​ពល​ទាហាន​ថ្មើរ​ជើង ប្រាំមួយ​សែន​នាក់ ដើម្បី​នាំ​ប្រជា​ជន​ ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដ៏​សំបូរ​សប្បាយ។ ៩ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​លោក​កាលែប មាន​កម្លាំង​ខ្លាំង​ក្លា រហូត​ដល់​ចាស់​ជរា ដើម្បី​វាយ​ដណ្តើម​យក​តំបន់​ភ្នំ​ដែល​ពូជ​ពង្ស​របស់​លោក កាន់​កាប់​ទុក​ជាមត៌ក។ ១០ដូច្នេះ​ជន​ជាតិ​អ៊ីស្រា​អែល​ទាំង​អស់​ទទួល​ស្គាល់​ថា ធ្វើ​តាម​បញ្ជា​របស់​ព្រះ​អម្ចាស់ ពិត​ជា​ការ​ល្អ​ប្រពៃ។

វីរបុរស
១១សូម​នឹក​ដល់​អស់​លោក​វីរបុរស ទាំង​លើក​តម្កើង​ព្រះ​អម្ចាស់​ផង។ វីរបុរស​គ្រប់ៗ​រូប មាន​ឈ្មោះ​ល្បី​តាម​របៀប​ប្លែកៗ​ពីគ្នា គឺ​ពួក​គឺ​គ្មាន​ចិត្ត​ក្បត់​ព្រះ​អម្ចាស់ ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ​ឡើយ។ ១២ទោះបី​ធាតុ​របស់​អស់​លោក​នៅ​ក្នុង​ផ្នូរ​ក្តី សូម​ព្រះ​អម្ចាស់​ប្រោស​ប្រទាន ឲ្យ​ឈ្មោះ​អស់​លោក​ប្រកប​ដោយ​សិរី​រុង​រឿង មាន​ជីវិត​ជា​ថ្មី​ដោយ​សារ​កូន​ចៅ​របស់​ខ្លួន​ផង។

លោកសាម៉ូអែល
១៣ព្រះ​អម្ចាស់​ស្រឡាញ់​លោក​សាម៉ូអែល ជា​ខ្លាំង។ លោក​ជា​ព្យាការី​របស់​ព្រះ​អម្ចាស់​លោក​តែង​តាំង​ឲ្យ​មាន​ស្តេច​សោយ​រាជ្យ ហើយ​ចាក់​ប្រេង​អភិ​សេក​ស្តេច​ជា​ច្រើន​អង្គ ឲ្យ​ត្រួត​ត្រា​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ។ ១៤លោក​វិនិច្ឆ័យ​សហគមន៍​អ៊ីស្រា​អែល តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អម្ចាស់ ហើយ​ព្រះ​អម្ចាស់ ថែ​រក្សា​ពូជ​ពង្ស​របស់​លោក​យ៉ាកុប។ ១៥ចិត្ត​ស្មោះ​ត្រង់​របស់​លោក​បញ្ជាក់​ថា លោក​ពិត​ជា​ព្យាការី​មែន។ សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​ថ្លែង​  បញ្ជាក់​ថា លោក​ពិតជា​ឃើញ​និមិត្ត​ហេតុ​គួរ​ឲ្យ​ជឿ។១៦ពេល​ខ្មាំង​សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស​ទី មក​ប្រឆាំង​នឹង​លោក លោក​ទូល​អង្វរ​ព្រះ​អម្ចាស់​ដ៏​មាន​ប្ញទ្ធា​នុភាព​ទាំង​យក​កូន​ចៀម​ធ្វើ​ជា​យញ្ញ​បូជា​ផង។ ១៧ព្រះ​អម្ចាស់ ធ្វើ​ឲ្យ​ផ្គរ​លាន់​ឮ​ពី​លើ​មេឃ​មក និង​បន្លឺ​ព្រះ​សូរ​សៀង​លាន់​ឮ​យ៉ាង​ខ្លាំង។ ១៨លោក​បំផ្លាញ​មេ​ដឹក​នាំ​របស់​ខ្មាំង​សត្រូវ និង​ពួក​ស្តេច​ត្រាញ់​ទាំង​អស់​របស់​ជន​ជាតិ​ភីលីស្ទីន​ដែរ។ ១៩មុន​ពេល​លោក​ចូល​សំរាន្ត​អស់​កល្ប​ជានិច្ច លោក​បាន​ប្រកាស​ជា​សាធារណៈ នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​អម្ចាស់ និង ស្តេច​ថា «ខ្ញុំ​ពុំ​ដែល​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​នរណា​ឡើយ សូម្បី​តែ​ស្បែក​ជើង​ក៏​ខ្ញុំ​មិន​ដែល​យក​ដែរ»។ គ្មាន​នរណា​ចោទ​ប្រកាន់​ទោស​លោក​ទេ។ ២០ទោះបី​ក្រោយ​ពេល​លោក​ចែក​ស្ថាន​ក្តី ក៏​លោក​នៅ​តែ​ថ្លែង​ព្រះ​បន្ទូល​ក្នុង​នាម​ព្រះ​ជាម្ចាស់​ទៀត​ដែរ គឺ​លោក​ទូល​ស្តេច​ថា ទ្រង់​ត្រូវ​ចូល​ទិវង្គត។ លោក​ថ្លែង​ព្រះ​បន្ទូល​ក្នុង​នាម​ព្រះ​ជាម្ចាស់​ពី​ក្នុង​ដី ដើម្បី​លុប​លាង​កំហុស​របស់​ប្រជា​ជន។