បេនស៊ីរ៉ាក់ (៤៥)

១គឺ​លោក​ម៉ូសេ ដែល​ព្រះ​ជាម្ចាស់  និង មនុស្ស​ស្រឡាញ់។ គេ​តែង​តែ​នឹក​ដល់​លោក​ដោយ​លើក​តម្កើង​ព្រះ​ជាម្ចាស់ ២ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​លោក​ប្រកប​ដោយ​សិរី​រុង​រឿង​ស្មើ​នឹង​ពពួក​ទេវ​ទូត ហើយ​លើក​លោក​ឲ្យ​មាន​អំណាច ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ខ្លប​ខ្លាច​លោក។ ៣ពេល​លោក​មាន​ប្រសាសន៍ ព្រះ​ជាម្ចាស់​សំដែង​បាដិ​ហារិយ៍​ព្រះ​អង្គ​ក៏​ប្រទាន​ឲ្យ​លោក​ប្រកប​ដោយ​សិរី​រុង​រឿង​នៅ​ចំពោះ​មុខ​ស្តេច​នានា។ ព្រះ​អង្គ​ប្រទាន​បទ​បញ្ជា​សំរាប់​ប្រជា​ជន​ព្រះអង្គ ហើយ​សំដែង​សិរី​រុង​រឿង​ខ្លះ​ឲ្យ​លោក​ឃើញ។ ៤ព្រះ​អង្គ​ញែក​លោក​ឲ្យ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​អង្គ ព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់ និង ស្លូត​បូត។ ព្រះ​អង្គ​បាន​ជ្រើស​រើស​លោក​ក្នុង​ចំណោម​សត្វ​លោក​ទាំង​អស់​ដែរ។ ៥ព្រះ​អង្គ​ប្រោស​ឲ្យ​លោក​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​អង្គ ហើយ​នាំ​លោក​ចូល​ក្នុង​ពពក។ ព្រះ​អង្គ​ប្រគល់​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ឲ្យ​លោក​ម៉ូសេ​ទល់​មុខ​គ្នា គឺ​ធម្មវិន័យ​ដែល​ផ្តល់​ជីវិត​និង​ប្រាជ្ញា ដើម្បី​បង្រៀន​ច្បាប់​សម្ពន្ធ​មេត្រី​ឲ្យ​កូន​ចៅ​លោក​យ៉ាកុប និង​ក្រឹត្យ​វិន័យ​ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល។

លោកអរ៉ុន
៦ព្រះ​ជាម្ចាស់​លើក​លោក​អរ៉ុន​ឡើង គឺ​លោក​ជា​ជន​ដ៏​វិសុទ្ធ​ដូច​លោក​ម៉ូសេ​ជាប្អូន ក្នុង​កុល​សម្ពន្ធ​លេវី។ ៧ព្រះ​អង្គ​ចាត់​តាំង​លោក​តាម​ក្បួន​តម្រា​ដែល​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច និង​ប្រគល់​មុខងារ​ឲ្យ​លោក​ធ្វើ​ជា​បូជា​ចារ្យ​សំរាប់​ប្រជា​ជន​ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​លោក​មាន​អំណរ​សប្យាយ ដោយ​ស្លៀក​សម្លៀក​បំពាក់​យ៉ាង​ល្អ​ប្រណីត និង​ពាក់​អាវ​ផាយ​ប្រកប​ដោយ​សិរី​រុង​រឿង។ ៨ព្រះ​អង្គ​យក​គ្រឿង​អលង្ការ​ដ៏ល្អ​ប្រណីត មក​បំពាក់​ឲ្យ​លោក​ប្រគល់​សញ្ញា​សំគាល់​នៃ​អំណាច​របស់​លោក មាន​ខោ​ខ្លី អាវ​ផាយ និង​អេផូដ។ ៩ព្រះ​អង្ក​បញ្ជា​ឲ្យ​ដេរ​ជាយ​អាវ​ផាយ​នេះ ដោយ​ប៉ាក់​ជា​រូប​ផ្លែ​ទទឹម ដាក់​កូន​កណ្តឹង​មាស​តូច​ជាច្រើន​នៅ​ជុំវិញ ដែល​បន្លឺ​នៅ​ពេល​លោក​អរ៉ុន​បោះ​ជំហាន។ កណ្តឹង​ទាំង​នេះ បន្លឺ​ស្នូរ​ក្នុង​ព្រះ​វិហារ  ដើម្បី​រំឭក​ប្រជា​ជន​ថា ព្រះ​ជាម្ចាស់​គង់​នៅ​ជាមួយ​ប្រជា​ជន​របស់​ព្រះ​អង្គ។ ១០ពួក​សិប្បករ​ធ្វើ​អាវ​ផាយ​សក្ការៈ​ពី​អំបោះ​មាស ពណ៌​ស្វាយ​ពណ៌​ក្រហម​ទុំ​ជូន​លោក។ លោក​ពាក់​អាវ​លើ​ទ្រូង​សំរាប់​វិនិច្ឆ័យ​គឺ​សំរាប់​រក​សេចក្តី​ពិត។ ១១ជាង​ទង​យក​ត្បូង​ពេជ្រ​ដែល​ចារ​តាម​របៀប​គេ​ឆ្លាក់​ត្រា មក​ដាំ​លើ​មាស ហើយ​ពាក់​ភ្ជាប់​លើ​អាវ​ ដែល​ដាក់​នៅ​លើ​ទ្រូង​ផង។គេ​ឆ្លាក់​ឈ្មោះ​លើ​ត្បូង តាម​ចំនួន​កុល​សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល​ដើម្បី​ឲ្យ​គេ​ចង​ចាំ​ជានិច្ច។ ១២លោក​ពាក់​មកុដ​មាស​ពី​លើ​ឆ្នួត​ក្បាល ដែល​មាន​ឆ្លាក់​អក្សរ​ថា «បូជា​ថ្វាយ​ព្រះ​អម្ចាស់»។ គ្រឿង​អលង្ការ​នេះ ជា​សញ្ញា​នៃ​កិត្តិ​យស ជា​ស្នា​ដៃ​ដ៏​ល្អ​គួរ​ឲ្យ​គយ​គន់​និង​ជា​គ្រឿង​អលង្ការ​ដ៏​ប្រណីត។ ១៣មុន​ជំនាន់​លោក​អរ៉ុន គ្មាន​នរណា​ មាន​សម្លៀក​បំពាក់​ល្អ​ប្រណីត​ដូច្នេះ​ទេ ជន​ជាតិ​បរទេស ​មិន​ដែល​មាន​សម្លៀក​បំពាក់​ទាំង​នោះ​ទ្បើយ គឺ​មាន​តែ​កូនៗ​របស់​លោក និង​ពូជ​ពង្ស​របស់​លោក​ប៉ុណ្ណោះ ដែល​ស្លៀក​សម្លៀក​បំពាក់​របៀប​នេះ រហូត​តរៀង​ទៅ។ ១៤លោក​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជារៀង​រហូត។ ១៥លោក​ម៉ូសេ​តែង​តាំង​លោក​បូជា​ចារ្យ ដោយ​ចាក់​ប្រេង​ដ៏​វិសុទ្ធ​អភិសេក​លោក។ ដូច្នេះ​លោក​អរ៉ុន និង​ពូជ​ពង្ស​របស់​លោក​ ទទួល​មុខងារ​គោរព​បំរើ​ព្រះ​ជាម្ចាស់​ធ្វើ​ជា​បូជា​ចារ្យ និង​យក​ព្រះ​នាម​ព្រះ​អង្គ​មក​ប្រទាន​ពរ​ឲ្យ​ប្រជា​ជន​អស់​កល្ប​ជានិច្ច ហើយ​ស្ថិត​នៅ​ជារៀង​រហូត​ដូច​មេឃ។ ១៦ព្រះ​ជាម្ចាស់​ជ្រើស​រើស​លោក​អរ៉ុន ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល គ្រឿង​ក្រអូប​ទុក​ជា​ការ​នឹក​ដល់​ព្រះ​អម្ចាស់ ព្រម​ទាំង​ធ្វើ​ពិធី​លើក​លែង​ទោស​ឲ្យ​ប្រជា​ជន​ផង ១៧ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​លោក​មាន​អំណាច​បក​ស្រាយ​បទ​បញ្ជា​របស់​ព្រះ​អង្គ ដើម្បី​កាត់​ក្តី។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ឲ្យ​លោក​បង្រៀន​ពូជ​ពង្ស​របស់​លោក​យ៉ាកុប ស្គាល់​សេចក្តី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហប្ញ​ទ័យ​ឲ្យ​គេ​ធ្វើ និង​បំភ្លឺ​ជន​ជាតិ​អ៊ីស្រា​អែល​ដោយ​សារ​ធម្ម​វិន័យ​របស់​ព្រះ​អង្គ។ ១៨កាល​ប្រជា​ជន​អ៊ីស្រា​អែល​នៅ​វាល​រហោ​ស្ថាន មាន​ជន​បរទេស គឺ​បក្ស​ពួក​របស់​ដាតាន និង​អ័ប៊ីរាម​ព្រម​ទាំង​បន​របស់​កូរ៉េ​មាន​ចិត្ត​ច្រណែន​ឈ្នានីស ហើយ​បះ​បោរ​ប្រឆាំង​នឹង​លោក ដោយ​ខឹង​ក្តៅ​ក្រហាយ។ ១៩ព្រះ​អម្ចាស់​ទត​ឃើញ ហើយ​មិន​សព្វ​ព្រះ​ហប្ញទ័យ ព្រះអង្គ​ព្រះ​ពិរោធ​ជា​ខ្លាំង ​ហើយ​សំដែង​បាដិហារិយ៍​ដើម្បី​ធ្វើ​ឲ្យ​វិនាស គឺ​រន្ទះ​បាញ់​ដុត​បំផ្លាញ​គេ​ចោល។ ២០ព្រះ​អង្គ​ប្រទាន​ឲ្យ​លោក​អរ៉ុន​ប្រកប ដោយ​ភាព​ថ្កុំ​ថ្កើង​រុង​រឿង​ថែម​ទៀត ដោយ​ប្រោស​ប្រទាន​ឲ្យ​លោក​មាន​ចំណែក​មត៌ក គឺ​ព្រះ​អង្គ​ប្រទាន​ឲ្យ​លោក​ទទួល​ផល​ដើម​ដំបូង​ទាំង​អស់ និង​ផ្តល់​ឲ្យ​លោក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូរណ៍។ ២១ដ្បិត​អស់​លោក​បូជា​ចារ្យ តែង​តែ​យក​យញ្ញ​បូជា និង​តង្វាយ​មួយ​ចំណែក​ ធ្វើ​ជា​អាហារ​របស់​ខ្លួន។ ព្រះ​អម្ចាស់​ប្រទាន​តង្វាយ​ទាំង​នោះ​ដល់​លោក​ និង​ពូជ​ពង្ស​របស់​លោក​តរៀង​ទៅ។២២ប៉ុន្តែ អស់​លោក​គ្មាន​ចំណែក​ក្នុង​ទឹក​ដី​របស់​ប្រជា​ជន​ទេ គេ​មិន​បាន​ទទួល​មត៌ក​ដូច​ប្រជា​ជន​ឯទៀត ព្រោះ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល មក​កាន់​លោក​អរ៉ុន​ថា៖ «យើង​ជា​ចំណែក​មត៌ក​របស់​អ្នក»។

លោកភីនេអាស
២៣លោក​ភីនេអាស ជា​កូន​របស់​លោក​អេឡាសារ ជា​បុរស​ទី​បី ដែល​ប្រកប​ដោយ​ភាព​ថ្កុំថ្កើង​រុង​រឿង​  ព្រោះ​លោក​មាន​ចិត្ត​ខ្នះ​ខ្នែង ក្នុង​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។ លោក​មាន​ចិត្ត​ក្លាហាន​មោះ​មុត​ហ៊ាន​ជំទាស់​នឹង​ប្រជា​ជន នៅ​គ្រា​ដែល​ពួកគេ​បែក​ចេញ​ពី​ព្រះ​អង្គ។ ធ្វើ​ដូច្នេះ​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ឲ្យ​ប្រជា​ជន​អ៊ីស្រា​អែល។ ២៤ហេតុនេះ​ហើយ​ព្រះ​ជាម្ចាស់​ចង​សម្ពន្ធ​មេត្រី​នៃ​សន្តិ​ភាព​ជាមួយ​លោក គឺ​ព្រះ​អង្គ​ជ្រើស​តាំង​លោក ឲ្យ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ទី​សក្ការៈ និង​ជា​មេ​ដឹកនាំ​ប្រជា​ជន។ ព្រះ​អង្គ​ធ្វើ​ឲ្យ​លោក និង​ពូជ​ពង្​សរបស់​លោក មាន​មុខ​ងារ​ជា​មហា​បូជា​ចារ្យ​រហូត​តរៀង​ទៅ។ ២៥ព្រះ​អង្គ​ក៏​ចង​សម្ពន្ធ​មេត្រី​ជាមួយ​ព្រះ​បាទ​ដាវីឌ ជា​កូន​របស់​លោក​យេសា ក្នុង​កុល​សម្ព័ន្ធ​យូដា​ដែរ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​សន្យា​ថា រាជ​អំណាច​ផ្ទេរ​ពី​បិតា​ទៅ​បុត្រ​តែ​ម្នាក់ រីឯ​កេរ​មរត៌ក​របស់​លោក​អរ៉ុន គឺ​ផ្ទេរ​ឲ្យ​ពូជ​ពង្ស​ទាំង​មូល​របស់​លោក។ ២៦សូម​ព្រះ​អម្ចាស់​ប្រោស​ប្រទាន ឲ្យ​ពូជ​ពង្ស​របស់​លោក ប្រកប​ដោយ​ប្រាជ្ញា​ញាណ ដើម្បី​ឲ្យ​អស់​លោក​អាច​វិនិច្ឆ័យ​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ដោយ​សេចក្តី​សុចរិត​និង​ដើម្បី​ឲ្យ​នៅ​តែ​មាន​សេចក្តី​ចំរុង​ចំរើន និង​កិត្តិយស​របស់​ខ្លួន​រហូត​តរៀង​ទៅ​ដែរ។