បេនស៊ីរ៉ាក់ (៤៤)

ពាក្យកំណាព្យសរសើរបុព្វបុរស
១ឥឡូវនេះ យើង​នាំ​គ្នា​សរសើរ​តម្កើង​វីរបុរស​ដ៏​ល្បី​គឺ​បុព្វ​បុរស​របស់​យើង​គ្រប់​ជំនាន់​រៀង​មក។ ២ព្រះ​អម្ចាស់​ប្រោស​ប្រទាន​សិរី​រុង​រឿង​ដ៏​ធំធេង​ ឲ្យ​អស់​លោក គឺ​វីរបុរស​ទាំង​អស់​តាំង​ពី​ដើម​រៀង​មក។ ៣មាន​ស្តេច​គ្រប់​គ្រង​រាជ្យ ​លើ​អាណាចក្រ​របស់​ខ្លួន​មាន​កិត្តិ​នាម​ល្បី​ល្បាញ ព្រោះ​តេប្ញទ្ធិ​អំណាច​របស់​ខ្លួន។ មាន​អ្នក​ធ្វើ​ជា​ទី​ប្រឹក្សា​ដ៏​ល្អ ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​របស់​ខ្លួន​ហើយ​បាន​ទស្សន៍​ទាយ ពី​ព្រឹត្តិ​ការណ៍​ដែល​នឹង​កើត​តាម​ក្រោយ។ ៤មាន​អ្នក​ខ្លះ ដឹក​នាំ​ប្រជា​ជន​ ដោយ​ផ្តល់​យោបល់​ ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​ ហើយ​ប្រៀន​ប្រដៅ​គេ នូវ​ពាក្យ​ពោរ​ពេញ​ដោយ​ប្រាជ្ញា។ ៥មាន​អ្នក​ខ្លះ​ចេះ​តែង​បទ​ចំរៀង​យ៉ាង​ពិរោះ ហើយ​ជា​កវី​និពន្ធ​កំណាព្យ។ ៦អ្នក​ខ្លះ​មាន​អំណាច​ដោយ​សារ​ទ្រព្យ​សម្បត្តិ គេ​រស់​នៅ​ក្នុង​ផ្ទះ​ដោយ​សេចក្តី​សុខ​សាន្ត។ ៧អ្នក​ទាំង​នោះសុទ្ធ​តែ​ទទួល​ការ​សរសើរ ពី​ប្រជាជន​ដែល​រស់​នៅ​ជំនាន់​របស់​គេ។ គាត់​មាន​ឈ្មោះ​ល្បី ពេល​គាត់​មាន​ជីវិត​នៅ​ឡើយ។ ៨ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​អ្នក​ខ្លះ​ត្រូវ​មនុស្ស​ជំនាន់​ក្រោយ ​ពោល​សរសើរ​ពី​កិត្តិនាម​របស់​គាត់។ ៩មាន​អ្នក​ខ្លះ​ទៀត ពេល​គាត់​បាត់​បង់​ជីវិត​ទៅ​គ្មាន​នរណា​នឹក​នា​ឡើយ ឈ្មោះ​របស់​គេ​ត្រូវ​បាត់​សូន្យ​ឈឹង ហាក់​ដូច​ជា​គេ​មិន​បាន​កើត​ទាល់​តែ​សោះ កូន​ចៅ​របស់​គេ​ក៏​ដូច្នោះ​ដែរ។ ១០រីឯ​បុព្វ​បុរស​យើង ជា​មនុស្ស​មាន​ចិត្ត​សប្បុរស មនុស្ស​ជំនាន់​ក្រោយ មិន​បំភ្លេច​អំពើ​សុចរិត​របស់​អស់​លោក​ឡើយ។ ១១ទ្រព្យ​សម្បត្តិ​របស់​គាត់ ត្រូវ​ផ្ទេរ​ឲ្យ​ពូជ​ពង្ស​គាត់ គឺ​កូន​ចៅ​គាត់​ក៏​បាន​ទទួល​កេរ​មត៌ក​ពី​គាត់​ដែរ។ ១២ពូជ​ពង្ស​របស់​គាត់​កាន់​តាម​សម្ពន្ធ​មេត្រី​ជានិច្ច ដោយ​សារ​គាត់​កូន​ចៅ​របស់​គាត់​ដែរ។ ១៣ពូជ​ពង្ស​របស់​គាត់​នៅ​ស្ថិត​ស្ថេរ​ជារៀង​រហូត ហើយ​ភាព​ថ្កុំ​ថ្កើង​រុង​រឿង​របស់​គាត់ មិន​សាប​សូន្យ​ឡើយ។ ១៤សព​របស់​កាត់​បាន​សំរាក​ ក្នុង​ផ្នូរ​ដោយ​សុខ​សាន្ត រីឯ​ឈ្មោះ​របស់​គាត់​ស្ថិត​ស្ថេរ​នៅ​ជា​រហូត​តរៀង​ទៅ។ ១៥ប្រជា​ជាតិ​ទាំង​ឡាយ ពោល​រៀប​រាប់​អំពី​ប្រាជ្ញា​របស់​គាត់ ហើយ​សហគមន៍​ក៏​សរសើរ​តម្កើង​គាត់​ដែរ។

លោកហេណុក
១៦លោក​ហេណុក​ គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​អម្ចាស់​ទើប​ព្រះ​អង្គ​លើក​លោក​ឲ្យ​ទៅ​នៅ​ជាមួយ។ លោក​បែរ​ចិត្ត​ទៅ​រក​ព្រះ​អង្គ នឹង​ទៅ​ជា​គំរូ​សំរាប់​មនុស្ស​គ្រប់​ជំនាន់។

លោកណូអេ
១៧ព្រះ​ជាម្ចាស់​យល់​ឃើញ​ថា លោក​ណូអេ​ជា​មនុស្ស​សុចរិត​ឥត​ខ្ចោះ។ ពេល​ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ គឺ​លោក​ជា​អ្នក​បន្ត​ពូជ​របស់​មនុស្ស​ជាតិ។  នៅ​ពេល​ទឹក​ជំនន់​លិច​លង់ លោក​ធ្វើ​ឲ្យ​មាន​មនុស្ស​សេស​សល់​នៅ​លើ​ផែន​ដី។ ១៨ព្រះ​ជាម្ចាស់​ចង​សម្ពន្ធ​មេត្រី​អស់​កល្ប​ជានិច្ច ជាមួយ​មនុស្ស​លោក​ដោយ​សន្យា​ថា មិន​ឲ្យ​សត្វ​លោក​វិនាស​អន្តរាយ​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ។

លោកអប្រាហាំ
១៩លោក​អប្រាហាំ ជា​បុព្វបុរស​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ប្រជា​ជាតិ​ជាច្រើន។ គ្មាន​នរណា​មាន​សិរី​រុង​រឿង​ដូច​លោក​ទេ។ ២០លោក​កាន់​តាម​ធម្ម​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​ចង​សម្ពន្ធ​មេត្រី​ជាមួយ​លោក។ លោក​ដាក់​សញ្ញា​សំគាល់​នៃ​សម្ពន្ធ​មេត្រី នៅ​ក្នុង​ខ្លួន​លោក ហើយ​ពេល​ព្រះ​អង្គ​ល្បង​ល​ចិត្ត​លោក ព្រះ​អង្គ​យល់​ឃើញ​ថា លោក​ជា​មនុស្ស​ស្មោះ​ត្រង់។ ២១ហេតុនេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជាមួយ​លោក​ថា ប្រជា​ជាតិ​នានា​នឹង​ទទួល​ពរ​ដោយសារ​ពូជ​ពង្ស​របស់​លោក។ ព្រះ​អង្គ​ក៏បង្កើន​ពូជ​ពង្ស​របស់​លោក ឲ្យ​មាន​ចំនួន​ដូច​ធូលី​ដី ហើយ​លើក​តម្កើង​ពូជ​ពង្ស​របស់​គាត់​ឲ្យ​បាន​ដូច​ផ្កាយ​នៅ​លើ​មេឃ ព្រម​ទាំង​ទឹក​ដី​របស់​ពួក​គេ​  ឲ្យ​លាត​សន្ធឹង​តាំង​ពី​សមុទ្រ​មរណៈ​រហូត​ដល់​សមុទ្រ​មេឌី​ទែរ៉ាណេ​តាំង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ទីដាច់​ស្រយាល​នៃ​ផែន​ដី។

លោក​អ៊ីសាក និង លោក​យ៉ាកុប
២២ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា ​មក​លោក​អ៊ីសាក​តាម​របៀប​ដដែល ដោយ​យោគ​យល់​ដល់​លោក​អប្រាហាំ​ជា​ឪពុក។ ២៣បន្ទាប់​មក​ព្រះ​អង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​ទាំង​អស់ តាម​រយៈ​លោក​យ៉ាកុប ព្រមទាំង​តែង​តាំង​លោក​ឲ្យ​បន្ត​សម្ពន្ធ​មេត្រី​ជាមួយ​មនុស្ស​លោក​ដែរ។ ព្រះ​អង្គ​បញ្ជាក់​ថា ព្រះ​អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​លោក ហើយ​ប្រគល់​ទឹកដី​ឲ្យ​លោក​ទុក​ជា​មត៌ក​ផង។ ព្រះ​អង្គ​ចែក​ទឹក​ដី​នេះ​ជា​ដប់​ពីរ​ចំណែក ប្រគល់​ឲ្យ​កុល​សម្ពន្ធ​ទាំង​ដប់​ពីរ។

លោកម៉ូសេ
ព្រះ​អង្គ​ធ្វើ​ឲ្យ​មនុស្ស​ដ៏​សប្បុរស​ម្នាក់ ចេញ​ពី​ពូជ​ពង្ស​របស់​លោក​យ៉ាកុប អ្នក​នោះ​ក៏​គាប់​ចិត្ត​របស់​មនុស្ស​ទាំង​អស់​ដែរ។