បេនស៊ីរ៉ាក់ (៤៣)

ព្រះអាទិត្យ
១លំហ​អាកាស​វេហាស៍​ដ៏​ភ្លឺ​ថ្លា​ល្អ​ប្រសើរ​អើយ! គួរ​ស្ងើច​សរសើរ​ផ្ទៃ​មេឃ​ដែល​ប្រកប​ដោយ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ជាទី​គយ​គន់! ២ពេល​ព្រលឹម ព្រះ​អាទិត្យ​រះ​ឡើង​ប្រកាស​អំពី​ស្នា​ព្រះ​ហស្ត​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​អ្វី​គ្រប់​យ៉ាង​គួរ​ឲ្យ​ស្ងើច​សរសើរ។ ៣នៅ​វេលា​ថ្ងៃ​ត្រង់ ព្រះ​អាទិត្យ​ធ្វើ​ឲ្យ​ដី​ស្ងួត​ហែង តើ​នរណា​អាច​ទ្រាំ​នឹង​កំដៅ​ព្រះ​អាទិត្យ​បាន? ៤គេ​តែង​តែ​ដុត​ភ្លើង​ក្នុង​ឡ​ឲ្យ​ក្តៅ ដើម្បី​ដំ​ដែក ប៉ុន្តែ​ព្រះ​អាទិត្យ​ក្តៅ​ជាង​ឡ​នោះ​បី​ដង​ទៅ​ទៀត​ ហើយ​ឆាប​ឆេះ​ភ្នំ។ ព្រះ​អាទិត្យ​ជះ​ចំហាយ​ក្តៅ​ធ្វើ​ឲ្យ​រលាក និង បញ្ចេញ​រស្មី​ធ្វើ​ឲ្យ​ស្រវាំង​ភ្នែក។ ៥ព្រះ​អម្ចាស់​ប្រសើរ​ឧត្តុង្គ​ឧត្តម គឺ​ព្រះ​អង្គ​បង្កើត​ព្រះ​អាទិត្យ​ហើយ​បញ្ជា​ព្រះ​អាទិត្យ​ឲ្យ​ធ្វើ​ដំណើរ​យ៉ាង​លឿន។

ព្រះចន្ទ
៦ព្រះ​ចន្ទ​ក៏​រះ​ឡើង​តាម​ពេល​ម៉ោង​ហើយ​កំណត់​រដូវ​កាល និង​ជា​សញ្ញា​សំគាល់​នៃ​ពេល​វេលា។ ៧ព្រះ​ចន្ទ​ដែល​ចេះ​តែ​តូច​ទៅ រហូត​ដល់​រលុប​នៅ​ពេល​រនោច​ផ្តល់​សញ្ញា​សំគាល់​ ឲ្យ​យើង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ។ ៨ដូច្នេះ​គេ​ហៅ​ខែ​នីមួយៗ​តាម​ព្រះចន្ទ។ ពេល​ខែ​ថ្មី ព្រះ​ចន្ទ​ចំរើន​ឡើង​យ៉ាង​អស្ចារ្យ ​ជា​ពន្លឺ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​លើ​លំហ​អាកាស កណ្តាល​ហ្វូង​តារា​ទាំង​ឡាយ។

ផ្កាយ
៩ពន្លឺ​ដ៏​រុង​រឿង​នៃ​តារា​ទាំង​ឡាយ ជា​គ្រឿង​លំអ​ផ្ទៃ​មេឃ ជា​គ្រឿង​បំភ្លឺ​យ៉ាង​ត្រចះ​ត្រចង់​នៅឯ​ស្ថាន​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​អម្ចាស់ ១០ផ្កាយ​ទាំង​ឡាយ​នៅ​តាម​កន្លែង​របស់​ខ្លួន តាម​ព្រះ​បញ្ជា​របស់​ព្រះ​ដ៏​វិសុទ្ធ ហើយ​មិន​បោះ​បង់​ចោល​ការងារ​របស់​ខ្លួន​ឡើយ។

ឥន្ទធនូ
១១សូម​មើល​ឥន្ទធនូ ហើយ​ចូរ​លើក​តម្កើង​ព្រះ​ជាម្ចាស់​ដែល​បង្កើត​ឥន្ទធនូ​មក ឥន្ទធនូ​នេះ​មាន​ពន្លឺ​ប្រសើរ​ណាស់។ ១២ឥន្ទ​ធនូ​បញ្ចេញ​រស្មី​ដ៏​ត្រចង់​នៅ​លើ​មេឃ គឺ​ព្រះ​ហស្ត​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត យិត​ខ្សែ​ឥន្ទធនូ​នេះ!។

អភូតហេតុនៃធម្មជាតិ
១៣ព្រះ​ជាម្ចាស់​បញ្ជា ទើប​ព្រឹល​ធ្លាក់​មក។ ព្រះ​អង្គ​ចាក់​ផ្លេក​បន្ទោរ​ឲ្យ​នាំ​សេចក្តី​សំរេច នៃ​ការ​វិនិច្ឆ័យ​របស់​ព្រះ​អង្គ។ ១៤ព្រះ​អង្គ​បើក​ឃ្លាំង​ទើប​ពពក​រសាត់​ចេញ ដូច​សត្វ​ហើរ។ ១៥ប្ញទ្ធា​នុភាព​របស់​ព្រះ​អង្គ​ធ្វើ​ឲ្យ​ពពក​រឹង​ហើយ​ធ្លាក់​ជា​គ្រាប់​ព្រឹល​ធំៗ។ ១៧កផ្គរ​លាន់​បណ្តាល​ឲ្យ​ផែន​ដី​កក្រើក ១៦ពេល​ឃើញ​ព្រះ​អង្គ ភ្នំ​នាំ​គ្នា​រញ្ជួយ។ ពេល​ព្រះ​អង្គ​សព្វ​ព្រះ​ហប្ញទ័យ ខ្យល់​បក់​មក​ពី​ត្បូង។ ១៧ខព្យុះ​កំបុត​ត្បូង​បក់​មក​ពី​ជើង​ហើយ​មាន​ខ្យល់​កួច​ផង។ ព្រះ​អង្គ​ធ្វើ​ឲ្យ​ព្រឹល​ធ្លាក់​មក ដូច​សត្វ​ស្លាប​ហើរ​មក​ទំ​លើ​ផែន​ដី ព្រឹល​ធ្លាក់​មក​ដូច​កណ្តូប​សេះ​ហើរ ហើយ​ធ្លាក់​មក​ដី។ ១៨សម្បុរ​ពណ៍​ស​របស់​ព្រឹល ល្អ​គួរ​ឲ្យ​គយ​គន់​ហើយ​មនុស្ស​ម្នា​សប្បាយ​ចិត្ត នៅ​ពេល​ព្រឹល​ធ្លាក់​មក។ ១៩ព្រះ​អង្គ​ចាក់​សន្សើម​មក​លើ​ផែន​ដី ហាក់​ដូច​ជា​បាច​អំបិល ពេល​សន្សើម​នេះ​កក មាន​រាង​ដូច​ជា​បន្លា។ ២០ខ្យល់​រងា​បក់​មក​ពី​ជើង​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​នៅ​ក្នុង​បឹង​កក ហើយ​គ្រប​លើ​ផ្ទៃ​ទឹក​ទាំង​មូល ដូច​គេ​ពាក់​អាវ​ក្រោះ។ ២១ខ្យល់​ក្តៅ​ដុត​កំទេច​ភ្នំ ហើយ​ដុត​រោល​វាល​រហោ​ស្ថាន​ឲ្យ​ឆាប​ឆេះ​បំផ្លាញ​រុក្ខ​ជាតិ​ខៀវ​ខ្ចី​ដូច​ភ្លើង។ ២២អ័ព្ទ​ធ្លាក់​មក ធ្វើ​ឲ្យ​រុក្ខ​ជាតិ​ដុះ​ឡើង​វិញ។ ទឹក​សន្សើម​ធ្លាក់​មក​ ធ្វើ​ឲ្យ​ធម្មជាតិ​ស្រស់​បំព្រង​ឡើង​វិញ។ ២៣ព្រះ​ជាម្ចាស់​បង្រ្កាប​មហា​សាគរ​ដ៏​ជ្រៅ​តាម​គំរោងការ​របស់​ព្រះ​អង្គ ហើយ​ដាំ​កោះ​ក្នុង​សមុទ្រ។ ២៤អស់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក តែង​តែ​តំណាល​ពី​គ្រោះ​ថា្នក់​នៃ​មហា​សាគរ​ដ៏​ជ្រៅ ហាក់​ដូច​ជា​រក​ជឿ​មិន​កើត។ ២៥នៅ​ក្នុង​មហា​សមុទ្រ​ មាន​សត្វ​អស្ចារ្យ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក គឺ​មាន​សត្វ​គ្រប់​ប្រភេទ និង​សត្វ​ដ៏​ធំ​សម្បើម​អស្ចារ្យ។ ២៦អ្នក​ដំណើរ​ទៅ​ដល់​ត្រើយ​យ៉ាង​ស្រួល ដោយ​សារ​ព្រះ​អម្ចាស់ ហើយ​អ្វីៗ​ដែល​មាន​ជីវិត ក៏​ភ្ជាប់​ជាមួយ​គ្នា​យ៉ាង​ល្អ ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ដែរ។ ២៧យើង​អាច​និយាយ​រៀប​រាប់​អំពី​រឿង​រាវ ជា​ច្រើន​ទៀត​មិន​ចេះ​អស់​មិន​ចេះ​ហើយ​សរុប​សេចក្តី​ទៅ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់។ ២៨តើ​មនុស្ស​អាច​កោត​សរសើរ​លើក​តម្កើង សិរី​រុង​រឿង​របស់​ព្រះអង្គ យ៉ាង​សម​រម្យ​ដូច​ម្តេច​បាន​បើ​ព្រះ​អង្គ​ប្រសើរ​ឧត្តុង្គ​ឧត្តម​ដូច្នេះ? ព្រះ​អង្គ​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អង្គ​បង្កើត​មក។ ២៩ព្រះ​អម្ចាស់​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ​លែង ព្រះ​អង្គ​ប្រសើរ​ឧត្តុង្គ​ឧត្តម ព្រះ​អង្គ​មាន​ប្ញទ្ធា​នុភាព​គួរ​ឲ្យ​សរសើរ។ ៣០ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ​អម្ចាស់ ចូរ​កោត​សរសើរ​ព្រះអង្គ ទោះ​បី​ខំ​លើក​តម្កើង​យ៉ាង​ណា​ក្តី​ក៏​ព្រះ​អង្គ​ប្រសើរ លើស​ពី​ពាក្យ​សរសើរ​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត! ចូរ​ខិតខំ​លើក​តម្កើង​ព្រះ​អង្គ​ឲ្យ​អស់​ពី​សមត្ថ​ភាព កុំ​ណាយ​ចិត្ត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ពុំ​អាច​សរសើរ​ឲ្យ​សព្វ​គ្រប់​បាន​ទេ!។ ៣១តើ​នរណា​ឃើញ​ព្រះ​អម្ចាស់​ហើយ​អាច​ពណ៌នា​ឲ្យ​យើង​ស្គាល់? តើ​នរណា​អាច​លើក​តម្កើង ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ​អង្គ​ឲ្យ​គ្រប់​គ្រាន់​បាន? ៣២យើង​ឃើញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ស្នា​ព្រះ​ហស្ត​ជា​ច្រើន ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ដែល​យើង​មើល​មិន​ឃើញ។ ៣៣ព្រះ​អម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ​អង្គ​ប្រទាន​ឲ្យ​មនុស្ស ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ មាន​ប្រាជ្ញា​ឈ្លាស​វៃ​ផង។