បេនស៊ីរ៉ាក់ (៤២)

១ចូរ​អៀន​ខ្មាស​ដោយ​ពោល​សេចក្តី​ដែល​កូន​បាន​ឮ ព្រម​ទាំង​បើក​កកាយ​សេចក្តី​អាថ៌​កំបាំង​ដល់​អ្នក​ដទៃ។ ក្នុង​ករណី​ទាំង​នោះ កូន​ត្រូវ​អៀន​ខ្មាស​មិន​ហ៊ាន​ធ្វើ ហើយ​មនុស្ស​ទាំង​អស់​នឹង​ចូល​ចិត្ត​កូន​ជា​ពុំខាន។ មាន​ករណី​ផ្សេង​ទៀត​ដែល​កូន​មិន​ត្រូវ​អៀន​ខ្មាស ប៉ុន្តែ​កុំ​យក​ការ​ទាំង​នោះ​ធ្វើ​ជា​លេស ដើម្បី​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ ២កុំ​អៀន​ខ្មាស​នឹង​ប្រព្រឹត្ត​តាម​ធម្ម​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​កាន់​តាម​សម្ពន្ធ​មេត្រី​ផង។ កុំ​អៀន​ខ្មាស​នឹង​វិច្ឆ័យ​សាសន៍​ដទៃ​ស្លូត​ត្រង់​ឡើយ។ ៣កុំ​អៀន​ខ្មាស​នឹង​គិត​បញ្ជី​ប្រាក់​ពី គូ​កន ឬ​អ្នក​ដំណើរ។ កុំ​អៀន​ខ្មាស​នឹង​ចែក​មត៌ក​ជាមួយ​អ្នក​ដទៃ។ ៤កុំ​អៀន​ខ្មាស​ដោយ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ កុំ​អៀន​ខ្មាស​ដោយ​ចំណេញ​ច្រើន ឬ​តិច។ ៥កុំ​អៀន​ខ្មាស​នឹង​ប្រាក់​ចំណេញ ​ដែល​បាន​មក​ពី​ការ​លក់​ដូរ កុំ​អៀន​ខ្មាស​នឹង​ការ​វាយ​ប្រៀន​ប្រដៅ​កូន​ជា​ញឹក​ញយ ឬ​យក​រំពាត់​វាយ​អ្នក​បំរើ​អាក្រក់ រហូត​ដល់​ចេញ​ឈាម​ឡើយ។ ៦ប្រសិន​បើ​កូន​ពុំ​អាច​ទុក​ចិត្ត​ភរិយា​បាន ឬ​ប្រសិន​បើ​នៅ​ផ្ទះ​មាន​មនុស្ស​ច្រើន​ពេក ចូរ​យក​របស់​មាន​តម្លៃ​ទៅ​ចាក់​សោរ​ទុក។ ៧អ្វី​ដែល​កូន​ផ្ញើ​ទុក​នឹង​គេ​ត្រូវ​រាប់ និង​ថ្លឹង​ជា​មួយ​គេ ហើយ​អ្វី​ដែល​កូន​ផ្ញើ ឬ​ទទួល​ពី​គេ​មក​វិញ ចូរ​កត់​ត្រា​សេចក្តី​ទាំង​អស់​ទុក​ជា​លាយ​លក្ខណ៍​អក្សរ​ផង។ ៨កុំ​អៀន​ខ្មាស​នឹង​វាយ​ប្រដៅ​មនុស្ស​លេលា និង​ជន​ល្ងី​ល្ងើ​ឬ​ចាស់​ព្រឹទ្ធ​ាចារ្យ​ដែល​គេ​ចោទ​ប្រកាន់​ថា វក់​នឹង​កាម​គុណ។ ដូច្នេះ​កូន​ពិត​ជា​សំដែង​ឲ្យ​ដឹង​ថា កូន​បាន​ទទួល​ការ​អប់រំ​ត្រឹម​ត្រូវ​ហើយ​មនុស្ស​ម្នា​នឹង​សរសើរ​កូន​ទៀត​ផង។

កង្វល់​របស់​ឪពុក​ចំពោះ​កូន​ស្រី​ខ្លួន
៩កូន​ស្រី​រមែង​តែង​តែ​ធ្វើ​ឲ្យ​ពុក​ដេក​មិន​លក់។ អ្នក​នោះ​មិន​និយាយ​អ្វី​ទេ តែ​ក្តី​កង្វល់ ធ្វើ​ឲ្យ​គាត់​ដេក​មិន​លក់។ ពេល​នាង​នៅ​ក្មេង​ឪពុក​របស់​នាង ខ្លាច​នាង​ហួស​អាយុ​រៀប​អាពាហ៍​ពិពាហ៍។ ពេល​នាង​រៀប​អាពាហ៍​ពិពាហ៍​រួច គាត់​ភ័យ​ខ្លាច​ប្តី​មុន​ស្រឡាញ់​នាង។ ១០ពេល​នាង​នៅ​ក្រមុំ​ព្រហ្មចារី គាត់​ខ្លាច​នាង​ត្រូវ​គេ​យក​លួង​លោម​បោក​ប្រាស់ ហើយ​មាន​ផ្ទៃ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ដោយ​គ្មាន​ប្តី។ ពេល​រស់​នៅ​ជាមួយ​ប្តី គាត់​ខ្លាច​នាង​ក្បត់​ចិត្ត​ប្តី ឬ គាត់​ខ្លាច​ថា នាង​ទៅ​ជា​ស្រី​អារ។ ១១ចូរ​ខិត​ខំ​ឃ្លាំ​មើល​កូន​ស្រី​ដែល​មិន​ចេះ​ប្រមាណ​ខ្លួន ខ្លាច​ក្រែង​សត្រូវ​របស់​កូន​ចំអក​ដាក់​កូន​ព្រោះ​តែ​នាង និង​អ្នក​ក្រុង​និយាយ​បរិហារ​កេរ្តិ៍​ព្រម​ទាំង​ប្រជា​ជន​នាំ​គ្នា​សើច​ចំអក ហើយ​កូន​នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង នៅ​ក្នុង​អង្គ​ប្រជុំ​ព្រោះ​តែ​នាង។

ត្រូវប្រយ័ត្ននឹងស្រ្តី
១២កុំ​គន់​មើល​សម្ផស្ស​របស់​មនុស្ស​ឲ្យ​សោះ កុំ​អង្គុយ​នៅ​ក្នុង​ចំណោម​ស្រ្តីៗ។ ១៣ដ្បិត​សត្វ​ល្អិត​ដែល​ចេញ​ពី​សម្លៀក​បំពាក់​យ៉ាង​ណា សេចក្តី​អាក្រក់​ក៏​ចេញ​មក​ពី​ស្រ្តី​យ៉ាង​នោះ​ដែរ។ ១៤សេចក្តី​អាក្រក់​របស់​បុរស ប្រសើរ​ជាង​ចិត្ត​ល្អ​របស់​ស្រ្តី។ ស្រ្តី​រមែង​ធ្វើ​ឲ្យ​អាម៉ាស់ និង បណ្តាល​ឲ្យ​អ្នក​ដទៃ​ជេរ​ប្រមាថ​មើល​ងាយ។

ភាគទី ៥

ភាពថ្កុំថ្កើង និង​ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់
១៥   ឥឡូវនេះ ខ្ញុំ​សូម​លើក​អំពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះអម្ចាស់​គឺ​ខ្ញុំ​នឹង​រៀប​រាប់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ។  ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់​សុទ្ធ តែ​កើត​ឡើង​ដោយ​សារ​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​អ្វីៗដែល​កើត​ជា​រូប​រាង​ឡើង​មក​នោះ ក៏​ស្រប​តាម​ព្រះ​ហប្ញ​ទ័យ​របស់​ព្រះ​អង្គ​ដែរ។ ១៦ព្រះ​អាទិត្យ​រះ​ឡើង​បំភ្លឺ​អ្វីៗ​ទាំង​អស់ ហើយ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់ ពោរ​ពេញ​ដោយ​សិរី​រុង​រឿង​របស់​ព្រះ​អង្គ។ ១៧សូម្បី​​តែ​ពួក​ទេវ​ទូត​ក៏​ពុំ​អាច​រៀប​រាប់​ ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ​អម្ចាស់​ឡើយ គឺ​ព្រះ​អម្ចាស់​ដ៏​មាន​តេជា​នុភាព​សព្វ​ប្រការ បាន​ចាក់​គ្រឹះ​ដ៏​រឹង​មាំ ដើម្បី​ពង្រឹង​ពិភព​ទាំង​មូល ​ឲ្យ​នៅ​ស្ថិត​ស្ថេរ​ក្នុង​សិរី​រុង​រឿង​របស់​ព្រះ​អង្គ។ ១៨ព្រះ​អម្ចាស់​ស្ទង់​ទាំង​ជំរៅ​សមុទ្រ ទាំង​ចិត្ត​មនុស្ស។ ព្រះ​អង្គ​ឈ្វេង​យល់​ពី​គំនិត​លាក់​កំបាំង​របស់​គេ ដ្បិត​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជ្រាប​សេចក្តី​ទាំង​អស់។ ព្រះ​អង្ក​ក៏​ទត​មើល​អស់​ហ្វូង​តារា​ដែល​ព្រះ​អង្គ​បង្កើត​ដើម្បី​កំណត់​ពេល​វេលា។ ១៩ព្រះ​អង្គ​ក៏​ប្រកាស​ដំណឹង​ពី​អតីត​កាល និង​អនាគត​កាល។ ព្រះ​អង្គ​សំដែង​អាថ៌​កំបាំង​ទាំង​ឡាយ។ ២០គ្មាន​គំនិត​ណា​មួយ​ដែល​ព្រះ​អង្គ​មិន​ជ្រាប​នោះ​ទេ ហើយ​ក៏​គ្មាន​ពាក្យ​សំដី​ណា​មួយ ដែល​លាក់​កំបាំង​ព្រះ​អង្គ​ដែរ។ ២១ព្រះ​អង្គ​ចាត់​ចែង​ស្នា​ព្រះហស្ត​ ដ៏​ឧត្តុង្គ​ឧត្តម​នៃ​ព្រះ​ប្រាជ្ញា​ញាណ​យ៉ាង​ល្អ​ប្រពៃ​ ដ្បិត​ព្រះ​អង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ជាដរាប​តរៀង​ទៅ។ គ្មាន​នរណា​ដក ឬ​បន្ថែម​អ្វី​លើ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ​បាន​ឡើយ។ ព្រះ​អង្គ​មិន​ត្រូវ​ការ​ឲ្យ​នរណា​ថ្វាយ​យោបល់​ព្រះអង្គ​ទេ។

២២ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ សុទ្ធ​តែ​គួរ​ស្ងើច​សរសើរ​ក្រៃ​លែង សូម្បី​តែ​ផ្កា​ភ្លើង​ដ៏​តូច​បំផុត​ដែល​ភ្នែក​អាច​មើល​ឃើញ ក៏​គួរ​ឲ្យ​ស្ងើច​សរសើរ​ដែរ។ ២៣ស្នា​ព្រះ​ហស្ត​ទាំង​នោះ សុទ្ធ​តែ​មាន​ជីវិត​ហើយ​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច​ត្រៀម​ចាំ​គោរព​តាម​ព្រះ​បញ្ជា និង​តាម​សេចក្តី​ត្រូវការ។ ២៤អ្វី​ទាំង​អស់​សុទ្ធតែ​មាន​គូរ​របស់​វា ព្រះ​អង្គ​មិន​បង្កើត​អ្វី​ដែល​មិន​ពេញ​លក្ខណៈ​នោះ​ទេ។ ២៥សត្វ​លោក​នីមួយៗ  បំពេញ​អត្ថ​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​។ យើង​រំពឹង​គិត​ពី​សេចក្តី​នេះ ដោយ​សប្បាយ​រហូត។