បេនស៊ីរ៉ាក់ (៤០)

ទុក្ខវេទនារបស់មនុស្សលោក
១ព្រះ​ជាម្ចាស់​ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗរមែង​មាន​កង្វល់​យ៉ាង​ធ្ងន់​ធ្ងរ ព្រះ​អង្គ​ដាក់​នឹម​ដ៏​ធ្ងន់​លើ​ស្មា​មនុស្ស​លោក តាំង​ពី​ពេល​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ រហូត​ដល់​ពេល​ត្រឡប់​ទៅ​រក​ធរណី ដែល​មាន​មាតា​រួម​នៃ​សត្វ​លោក​ទាំង​អស់​វិញ។ ២មនុស្ស​តែង​តែ​រិះគិត​ទាំង​ភ័យ​ខ្លាច​ពី​ថ្ងៃ​ដែល​គេ​ត្រូវ​ស្លាប់។ គេ​រង់ចាំ​ថ្ងៃ​នោះ​ទាំង​អស់​គ្នា។ ៣គឺ​តាំង​ពី​ស្តេច​ដែល​គង់​លើ​រាជ​បល្ល័ង្ក ប្រកប​ដោយ​សិរី​រុង​រឿង​រហូត​ដល់​អ្នក​តូច​តាច​ដែល​អង្គុយ​លើ​ដី និង​នៅ​លើ​ផេះ។ ៤តាំងពី​អ្នក​ដែល​ពាក់​ព្រះ​ភូសា​ពណ៌​ស្វាយ និង​មកុដ រហូត​ដល់​អ្នក​ក្រីក្រ​ដែល​ស្លៀក​បាវ។ ៥មនុស្ស​ចេះ​តែ​ខឹង ច្រណែន ឈ្នានីស ជ្រួល​ច្របល់ ភ័យ​ខ្លាច​ស្លាប់​ចង​គំនុំ​គុំគួន ការ​វិវាទ​គ្នា។ ពេល​យប់​ការ​ដេក​គ្រាន់​តែ​ផ្លាស់​ប្តូរ​កង្វល់​ប៉ុណ្ណោះ។ ៦ពេល​បាន​សំរាក​បន្តិច គេ​យល់​សប្តិ​អាក្រក់ បណ្តាល​ឲ្យ​គេ​កើត​ទុក្ខ​ថែម​ទៀត ដូច​នៅ​ពេល​ថ្ងៃ គេ​ប្រៀប​ដូចជា​ទាហាន​ដែល​រត់​ចោល​សមរភូមិ។ ៧ពេល​រំដោះ​រួច​ខ្លួន គេ​ភ្ញាក់​ទ្បើង​ទាំង​នឹក​ឆ្ងល់ ដោយ​ភ័យ​ឥត​បាន​ការ។ ៨សត្វ​លោក​ទាំង​អស់ ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ តែង​តែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក ប៉ុន្តែ អ្នក​បាប​រមែង​តែង​តែ​ជួប​ប្រទះ​នឹង​ទុក្ខ​នោះ លើស​ពី​គេ​ប្រាំពីរ​ដង។ ៩គឺ​សេចក្តី​ស្លាប់​ឃាត​កម្ម ការ​វិវាទ​គ្នា សង្គ្រាម គ្រោះកាច ការ​ឃ្លាន ការ​វិនាស​អន្តរាយ។១០ព្រះ​ជាម្ចាស់​បង្កើត​ទុក្ខ​លំបាក​ទាំង​នោះ​មក ដើម្បី​ដាក់​ទោស​ជន​ពាល ​ហើយ​ទឹក​ជំនន់​កើត​មក ក៏​ព្រោះ​តែ​ជន​ទាំង​នោះ​ដែរ។ ១១អ្វីៗ​ដែល​កើត​ពី​ទឹក​មក ក៏​វិល​ត្រឡប់​ទៅ​សមុទ្រ​វិញ​ដែរ។

ព្រះជាម្ចាស់បំបាត់ភាពអយុត្តិធម៌
១២សំណូក​សូក​ប៉ាន់​គ្រប់​យ៉ាង និង អំពើ​អយុត្តិធម៌​គ្រប់​បែប​ត្រូវ​តែ​វិនាស​បាត់​ទៅ រីឯ​សេចក្តី​ស្មោះ​ត្រង់​នឹង​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច។ ១៣ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ទុច្ចរិត រមែង​តែង​តែ​រីង​ស្ងួត​ដូច​ទឹក​ជ្រោះ និង ត្រូវ​តែ​កន្លង​ទៅ​ដូច​ផ្គរ​លាន់​ នៅ​ពេល​ភ្លៀង​ខ្លាំង។ ១៤ពេល​ជន​ទុច្ចរិត​វិនាស​អន្តរាយ ដុំថ្ម​ក៏​សប្បាយ​រីក​រាយ​ដែរ អស់​អ្នក​ដែល​បំពាន​ធម្មវិន័យ​របស់​ព្រះ​ជាម្ចាស់ មុខជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន។ ១៥ពូជ​ពង្ស​របស់​ជន​ពាល​មិន​បង្កើត​មែក​សាខា​ទ្បើយ ជន​មិន​បរិសុទ្ធ​ប្រៀប​ដូចជា​ដើម​ឈើ ដែល​ចាក់​ប្ញស​លើ​ថ្ម។១៦ដើម​ត្រែង​ដែល​ដុះ​តាម​មាត់​ទន្លេ ត្រូវ​ទឹក​ហូរ​កួច​នាំ​យក​ទៅ​មុន ស្មៅ​ផ្សេងៗ​ទៀត។ ១៧ផ្ទុយ​ទៅ​វិញ​ចិត្ត​សប្បុរស ប្រៀប​ដូចជា​សួន​ឧទ្យាន​ដែល​ទទួល​ព្រះ​ពរ ហើយ​ទាន​នឹង​ស្ថិត​នៅ​ជា​ដរាប​តរៀង​ទៅ។

សម្បត្តិសួគ៌មានតម្លៃ​ដ៏ខ្ពង់ខ្ពស់បំផុត
១៨ការ​រស់​នៅ​របស់​មនុស្ស​ដែល​មិន​ពឹង​ពាក់​លើ​អ្នក​ដទៃ​និង​ការ​រស់​នៅ​របស់​អ្នក​ដែល​មាន​កម្លាំង​ធ្វើការ ពិត​ជា​សុខ​ស្រួល​មែន។ ប៉ុន្តែ អ្នក​ដែល​ឃើញ​កំណប់ រឹត​តែ​សប្បាយ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត!។១៩  អ្នក​មាន​កូន​ច្រើន ឬ​អ្នក​សង់​ក្រុង​មួយ តែង​តែ​មាន​កេរិ៍្ត​ឈ្មោះ​ស្ថិត​នៅ​ជានិច្ច។ ប៉ុន្តែ ស្រ្តី​គ្រប់​លក្ខណ៍ ប្រសើរ​ជាង​កេរិ៍្ត​ឈ្មោះ​ទាំង​ពីរ​នេះ​ទៅ​ទៀត។ ២០ស្រា  និង​តន្រ្តី តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត ប៉ុន្តែ​ការ​ស្រឡាញ់​ប្រាជ្ញា តែង​តែ​ផ្តល់​អំណរ​សប្បាយ លើស​ពី​នេះ​ទៅ​ទៀត។ ២១ខ្លុយ និង ពិណ តែង​តែ​ប្រគុំ​ភ្លេង​យ៉ាង​ពីរោះ ប៉ុន្តែ ពាក្យ​សំដី​ល្អ​គួរ​សម ​ប្រសើរ​លើស​ពី​នេះ​ទៅ​ទៀត។ ២២សម្ផស្ស និង​លំអរ​របស់​ស្រ្តី ធ្វើ​ឲ្យ​គេ​ចង់​គយ​គន់ ប៉ុន្តែ​រុក្ខ​ជាតិ​ខៀវ​ខ្ចី​នៅ​តាម​វាល​ស្រែ ល្អ​ប្រសើរ​លើស​ពី​នេះ​ទៅ​ទៀត។ ២៣មិត្ត​សម្លាញ់ និង​គូកន រមែង​តែង​តែ​ជួប​គ្នា​តាម​ពេល​កំណត់ ប៉ុន្តែ គូស្វាមី​ភរិយា តែង​តែ​ជួប​គ្នា​លើស​ពី​អ្នក​ទាំង​ពីរ​នេះ​ទៅ​ទៀត។ ២៤បង​ប្អូន​និង​ជន​សប្បុរស  រមែង​តែង​តែ​ជួយ​គ្នា​មាន​អាសន្ន ទាន​ដែល​កូន​ចែក​ឲ្យ​អ្នក​ក្រ រឹត​តែ​ប្រសើរ​លើស​ពី​នេះ​ទៅ​ទៀត។ ២៥មាស និង ប្រាក់ ធ្វើ​ឲ្យ​មនុស្ស​បាន​ខ្ពស់​មុខ ប៉ុន្តែ ដំបូន្មាន រឹត​តែ​ល្អ​ប្រសើរ​លើស​ពី​នេះ​ទៅ​ទៀត។ ២៦ទ្រព្យ​សម្បត្តិ្ត​ស្តុក​ស្តម្ភ និង កម្លាំង រមែង​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​ទុក​ចិត្ត​បាន ប៉ុន្តែ ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ​រឹត​តែ​ធ្វើ​ឲ្យ​មនុស្ស​ទុក​ចិត្ត​លើស​ពី​នេះ​ទៅ​ទៀត។ អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់  មិន​ខ្វះ​អ្វី​ទ្បើយ អ្នក​នោះ​ក៏​មិន​ពឹង​ផ្អែក​លើ​ព្រះ​ដ៏ទៃ​ដែរ។ ២៧ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ប្រៀប​ដូចជា​សួន​ឧទ្យាន​ដែល​ទទួល​ព្រះ​ពរ​ការពារ​មនុស្ស​ប្រសើរ​ជាង​អ្នក​មាន​សិរី​រុង​រឿង​ទៅ​ទៀត។

ការសុំទាន
២៨ម្នាល​កូន​អើយ! កុំ​រស់​នៅ​ដោយ​សុំ​ទាន​គេ​ជា​ដាច់​ខាត!ស៊ូ​ស្លាប់​ប្រសើរ​ជាង​សុំ​ទាន​គេ។ ២៩មនុស្ស​ដែល​តែង​តែ​រំពៃ​មើល​តុ​របស់​អ្នក​ដទៃ ជីវិត​របស់​គេ​មិន​សម​ជា​ការ​រស់នៅ​របស់​មនុស្ស​ទេ​ គេ​ប្រឡាក់​មាត់​ដោយ​បរិភោគ​ម្ហូប​ដែល​ខ្លួន​មិន​បាន​រក។ រីឯ​អ្នក​ដែល​មាន​សុជីវ​ធម៌ ហើយ​មាន​ចំណេះ​ដឹង នឹង​ជៀស​វាង​ពី​អំពើ​ទាំង​នោះ។ ៣០ជន​មិន​ចេះ​អៀន​ខ្មាស​ចូល​ចិត្ត​បរិភោគ​អាហារ​ដែល​សុំ​ទាន​ពី​គេ ប៉ុន្តែ​អាហារ​នេះ​ជា​ដុំ​ភ្លើង​ដែល​ដុត​រោល​ក្នុង​ពោះ​របស់​គេ​ទៅ​វិញ។