បេនស៊ីរ៉ាក់ (៣៩)

ពាក្យសរសើរធម្មាចារ្យ
១អ្នក​យក​ចិត្ត​ទុក​ដាក់ រិះ​គិត​ពិចារណា​អំពី​ធម្មវិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត មិន​មែន​ដូច​ជាង​ទាំង​នោះ​ទេ! អ្នក​នោះ​រមែង​តែង​តែ​ស្វែង​យល់ អំពី​ប្រាជ្ញា​របស់​ព្រឹទ្ធា​ចារ្យ​ពី​បុរាណ ហើយ​ក៏​ចូល​ចិត្ត​អាន​ពាក្យ​ដែល​ព្យាការី​បាន​ចែង​ទុក​ដែរ។ ២អ្នក​នោះ​ចង​ចាំ​តែ​រឿង​និទាន ​អំពី​វីរបុរស​ល្បី​ល្បាញ និង​រិះគិត​ពិចារណា​លើ​ពាក្យ​ប្រស្នា​ដ៏​ជ្រៅ​ជ្រះ។ ៣គាត់​ស្វែង​យល់​ពី​អត្ថន័យ ដ៏​លាក់​កំបាំង​នៃ​សុភា​សិត ហើយ​រិះគិត​តែ​ពី​ពាក្យ​ប្រស្នា​ដ៏​ជ្រៅ​ជ្រះ​អស់​មួយ​ជីវិត។ ៤ដូច្នេះ​គាត់​អាច​ជួយ​បំរើ​អ្នក​ធំៗ ហើយ​គេ​តែង​ឃើញ​គាត់ នៅ​ក្នុង​ចំណោម​អ្នក​ដឹង​នាំ។ គេ​ចាត់​ឲ្យ​គាត់​ធ្វើ​ដំណើរ​ទៅ​ស្រុក​នៃ​ប្រជាតិ​ដទៃ ព្រោះ​គាត់​មាន​បទ​ពិសោធ​ដឹង​អ្វី​ល្អ និង អ្វី​អាក្រក់​ក្នុង​ចិត្ត​មនុស្ស។ ៥តាំង​ពី​ព្រលឹម គាត់​ផ្ចង់​ចិត្ត ទៅ​រក​ព្រះ​អម្ចាស់​ដែល​បង្កើត​គាត់ ហើយ​ទូល​អង្វរ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ផង។ គាត់​ពោល​ពាក្យ​អធិដ្ឋាន​អង្វរ​ព្រះ​អង្គ ហើយ​សូម​ព្រះអង្គ​លើក​លែង​ទោស​ចំពោះ​អំពើ​បាប​របស់​គាត់។ ៦ប្រសិន​បើ​ព្រះ​អម្ចាស់​ដ៏​ឧត្តុង​ឧត្តម សព្វ​ព្រះ​ហប្ញ​ទ័យ គាត់​នឹង​ពោរ​ពេញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។  គាត់​ពោល​សុទ្ធ​តែ​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ក្នុង​ពេល​អធិដ្ឋាន គាត់​នឹង​សរសើរ​តម្កើង​ព្រះ​អម្ចាស់​ដែរ។ ៧ព្រះ​អង្គ​បំភ្លឺ​ការ​វិនិច្ឆ័យ និង​ចំណេះ​ដឹង​របស់​គាត់ ឲ្យ​បាន​ត្រឹម​ត្រូវ។ គាត់​នឹង​រិះគិត​អំពី​ការអាថ៌​កំបាំង​ព្រះ​ជាម្ចាស់។ ៨គាត់​នឹង​បង្ហាញ​ការ​យល់​ដឹង​ដែល​គាត់​បាន​ទទួល ហើយ​គាត់​នឹង​ខ្ពស់​មុខ​ដោយ​សារ​វិន័យ នៃ​សម្ពន្ធ​មេត្រី​របស់​ព្រះ​អម្ចាស់។ ៩មនុស្ស​ជាច្រើន និង សរសើរ​លើក​តម្កើង​ប្រាជ្ញា​របស់​គាត់ ហើយ​មិន​បំភ្លេច​ចោល​គាត់​ទ្បើយ។  គេ​ចង​ចាំ​គាត់​ជាដរាប​កេរិ៍្ត​ឈ្មោះ​របស់​គាត់​ស្ថិត​នៅ​គ្រប់​តំណ តរៀង​ទៅ។ ១០ប្រជា​ជាតិ​ទាំង​ឡាយ នឹង​រៀប​រាប់​ពី​ប្រាជ្ញា​របស់​គាត់ ហើយ​សហគមន៍​នឹង​សរសើរ​តម្កើង​គាត់​ដែរ។ ១១ប្រសិន​បើ​គាត់​មាន​អាយុ​វែង គាត់​នឹង​បន្សល់​ទុក​កេរិ៍្ត​ឈ្មោះ​ដ៏​ល្បី​រុង​រឿង​ប្រសើរ​មនុស្ស​មួយ​ពាន់​នាក់​ទៅ​ទៀត។ ប្រសិន​បើ​គាត់​ទទួល​មរណភាព គាត់​នឹង​ស្កប់​ចិត្ត​ហើយ។

ពាក្យសរសើរតម្កើងព្រះជាម្ចាស់
១២ក្រោយ​ពី​បាន​រិះ​គិត​ពិចារណា​រួច​ហើយ ខ្ញុំ​មាន​គំនិត​យ៉ាង​ច្រើន ដែល​ខ្ញុំ​ចង់​ប្រាប់​ឲ្យ​ដឹង​ថា ខ្ញុំ​ប្រៀប​ដូច​ជា​ព្រះ​ចន្ទ​ពេញ​បូរមី។ ១៣ម្នាល​កូន​ដ៏​វិសុទ្ធ​អើយ! ចូរ​ត្រង់​ត្រាប់​ស្តាប់​ពុក ហើយ​ចំរើន​ទ្បើង ដូច​កូឡាប​ដែល​ដុះ​តាម​មាត់​ទឹក។ ១៤ចូរ​សាយ​ភាយ​គន្ធពិដោរ ដូច​ក្លិន​គ្រឿង​ក្រអូប ចូរ​ចំរើន​ទ្បើង​ដូច​ផ្កា​ម្លិះ​កំពុង​រីក។ ចូរ​បន្លឺ​សំឡេង​ច្រៀង​រួមគ្នា ហើយ​លើក​តម្កើង​ព្រះ​អម្ចាស់ ចំពោះ​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត។ ១៥ចូរ​ប្រកាស​ព្រះ​នាម​ដ៏​ឧត្តុង្គ​ឧត្តម​ថ្លៃ​ថ្លា​របស់​ព្រះ​អង្គ ហើយ​ចូរ​សរសើរ​ព្រះអង្គ​ដោយ​ច្រៀង និង​ដេញ​ពិណ។ ចូរ​កូន​ពោល​ពាក្យ​អរ​ព្រះ​គុណ​ព្រះ​អង្គ​ដូច​តទៅ៖ ១៦ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អម្ចាស់​ល្អ​ប្រពៃ! បទ​បញ្ជា​នីមួយ​របស់​ព្រះ​អង្គ​តែង​តែ​សំរេច​តាម​ពេល​កំណត់។ ១៧មិន​ត្រូវ​សួរ​ថា «តើ​នេះ​ជា​អ្វី?» «ហេតុ​អ្វី​បាន​ជា​ការណ៍​នេះ​កើត​ទ្បើង​ដូច្នេះ?» នោះ​ទេ​ដ្បិត​អ្វីៗ​ទាំង​អស់​នឹង​ត្រូវ​ដោះ​ស្រាយ​តាម​កាល​កំណត់។ ពេល​ព្រះ​អង្គ​បញ្ជា ទឹក​ក៏​ឈប់​នៅ​នឹង​ថ្កល់​ដូច​ជា​គំនរ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​តែ​មួយ​ព្រះ​ឱស្ឋ នោះ​ទឹក​ប្រមូល​គ្នា​នៅ​ក្នុង​ស្រះ។ ១៨ពេល​ព្រះ​អង្គ​ចេញ​បញ្ជា អ្វីៗក៏​សំរេច​តាម​ព្រះ​ហប្ញ​ទ័យ​របស់​ព្រះ​អង្គ​ដែរ គ្មាន​នរណា​អាច​រារាំង​នឹង​ការ​សង្រ្គោះ​របស់​ព្រះ​អង្គ​ទ្បើយ។ ១៩ព្រះ​អង្គ​ទត​មើល​សព្វ​កិច្ចការ​ដែល​មនុស្ស​ប្រព្រឹត្ត គ្មាន​នរណា​អាច​គេច​ផុត​ពី​ព្រះ​នេត្រ​របស់​ព្រះ​អង្គ​ទ្បើយ។ ២០ព្រះ​អង្គ​ពិនិត្យ​មើល​អ្វីៗ​តាំង​ពី​ដើម​រៀង​មក រហូត​អស់​កល្ប​ជានិច្ច គ្មាន​អ្វី​ដែល​ព្រះ​អង្គ​ងឿង​ឆ្ងល់​ទ្បើយ។ ២១មិន​ត្រូវ​សួរ​ថា «តើ​នេះ​ជា​អ្វី?» «ហេតុ​អ្វី​បាន​ជា​ការណ៍​នេះ​កើត​ទ្បើង​ដូច្នេះ?» ដ្បិត​ព្រះ​អង្គ​បង្កើត​អ្វី​ទាំង​អស់ សុទ្ធ​តែ​មាន​ប្រយោជន៍។ ២២ព្រះ​ពរ​របស់​ព្រះ​អង្គ ប្រៀប​បាន​នឹង​ទឹក​ទន្លេ​ដែល​កំពុង​ជន់​ទ្បើង​ឬ​ដូច​ទឹក​ជំនន់ ដែល​ស្រោច​ស្រព​ផែន​ដី។ ២៣ប្រជា​ជាតិ​នានា ធ្វើ​ឲ្យ​ព្រះ​អង្គ​ព្រះ​ពិរោធ ដូច​គ្រា​ដែល​ព្រះ​អង្គ​ធ្វើ​ឲ្យ​ទី​កន្លែង​ដែល​មាន​ទឹក​បរិបូរណ៍ ទៅ​ជា​វាល​រហោ​ស្ថាន។ ២៤ប្រជា​រាស្រ្ត​ដ៏​វិសុទ្ធ​យល់​ឃើញ​ថា​មាគ៌ា​របស់​ព្រះ​អង្គ​សុទ្ធតែ​ទៀង​ត្រង់ រីឯ​ជន​ពាល​វិញ​ឃើញ​មាន​តែ​ឧបសគ្គ។ ២៥តាំង​ពី​ដើម​រៀង​មក​ព្រះ​ជាម្ចាស់​បាន​បង្កើត​អ្វីៗ​ដែល​ល្អ​សំរាប់​មនុស្ស​ល្អ និង  អ្វីៗ​ដែល​អាក្រក់​សំរាប់​មនុស្ស​បាប។ ២៦អ្វី​ដែល​មនុស្ស​ត្រូវ​ការ​ជា​ចាំ​បាច់​សំរាប់​ជីវិត គឺ​ទឹក ភ្លើង ដែក អំបិល ម្សៅ ទឹកដោះ ទឹកឃ្មុំ ស្រា​ទំពាំង​បាយ​ជូរ​ប្រេង សម្លៀក​បំពាក់។ ២៧អ្វីៗ​ទាំង​នោះ មាន​ប្រយោជន៍​សំរាប់​មនុស្ស​ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់ ប៉ុន្តែ​ប្រែ​ក្លាយ​ទៅ​ជា​អាក្រក់ សំរាប់​មនុស្ស​បាប​វិញ។ ២៨ព្រះ​ជាម្ចាស់​បង្កើត​ខ្យល់​ខ្លះ ដើម្បី​ដាក់​ទោស​អ្នក​បាប​ដែល​មិន​ប្រតិ​បត្តិ​តាម​​ព្រះ​អង្គ ពេល​ខ្យល់​បោក​បក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​មាន​គ្រោះ​កាច​កាន់​តែ​ធ្ងន់​ធ្ងរ។ នៅ​គ្រា​ដែល​ព្រះ​ជាម្ចាស់​បំផ្លាញ​ជន​អាក្រក់ ខ្យល់​ទាំង​នោះ​ជះ​កំហឹង ហើយ​បន្ឋូរ​ព្រះ​ពិរោធ​របស់​ព្រះ​ដែល​បង្កើត​វា​ផង។ ២៩ព្រះ​ជាម្ចាស់​បង្កើត​ភ្លើង ព្រឹល ទុរ្ភក្ស និង សេចក្តីស្លាប់ ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត។ ៣០ចង្កូម​របស់​សត្វ​សាហាវ ខ្យាដំរី ពស់វែក ដាវ ដាក់​ទោស​ប្រហារ​ជីវិត​ជន​ពាល។ ៣១អ្វីៗ​ទាំង​នោះ​សុទ្ធ​តែ​សប្បាយ​រីករាយ  ដោយ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​អង្គ។ នៅ​លើ​ផែន​ដី  ពួក​វា​ត្រៀម​ខ្លួន​បំរើ​ព្រះ​អង្គ​ជានិច្ច ប្រសិន​បើ​ព្រះ​អង្គ​ត្រូវ​ការ។ ពេល​កំណត់​មក​ដល់ ពួកវា​តែង​តែ​គោរព​តាម​ព្រះ​បញ្ជា​របស់​ព្រះអង្គ។ ៣២ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​គំនិត​ច្បាស់​លាស់​តាំង​ពី​ដើម​រៀង​មក រួច​ខ្ញុំ​រិះ​គិត​ពិចារណា ហើយ​ចារ​ទុក​ជា​លាយ​លក្ខណ៍​អក្សរ។ ៣៣ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់ សុទ្ធ​តែ​ល្អ​ទាំង​អស់។ ព្រះ​អង្គ​ចាត់​ចែង​តាម​សេចក្តី​ត្រូវការ និង តាម​ពេល​វេលា។ ៣៤មិន​ត្រូវ​ពោល​ថា អ្វី​អាក្រក់​ជាង​អ្វី​ទ្បើយ ដ្បិត​គេ​ទទួល​ស្គាល់​ថា​ អ្វី​ទាំង​អស់​សុទ្ធ​តែ​ល្អ តាម​ពេល​កំណត់​របស់​ខ្លួន។ ៣៥ឥទ្បូវនេះ ចូរ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ច្រៀង​សរសើរ​តម្កើង​ព្រះ​នាម​របស់​ព្រះ​អម្ចាស់ ឲ្យ​អស់​ពី​ចិត្ត។