បេនស៊ីរ៉ាក់ (៣៨)

អំពីគ្រូពេទ្យ និង ជំងឺ
១ចូរ​គោរព​គ្រូពេទ្យ​ ដែល​ព្យាបាល​កូន ព្រោះ​ព្រះ​អម្ចាស់​បាន​បង្កើត​គាត់​ដែរ។

២គាត់​អាច​មើល​អ្នក​ជំងឺ​បាន ដោយ​សារ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គាត់​ក៏​ទទួល​អំណោយ​ពី​ព្រះ​រាជា​ដែរ។

៣ចំណេះ​របស់​គ្រូពេទ្យ ធើ្វ​ឲ្យ​គាត់​ខ្ពស់​មុខ​មនុស្ស​ម្នា​ក៏​ស្ងើច​សរសើរ​គាត់ ដូច​សរសើរ​លោក​ធំ​ដែរ។

៤ព្រះ​អម្ចាស់​បាន​បង្កើត​ថ្នាំ ដែល​គេ​យក​ពី​ធម្មជាតិ។ អ្នក​មាន​សុភនិច្ឆ័យ មិន​មើល​ងាយ​ថ្នាំ​ទាំង​នោះ​ទេ។

៥យើង​ដឹង​ច្បាស់​ថា លោក​ម៉ូសេ​ធ្វើ​ទឹក​ភ្លាវ​ឲ្យ​ទៅ​ជា​សាប ដោយ​សារ​ឈើ​មួយ​កំណាត់​ដើម្បី​បង្ហាញ​ពី​គុណ​ភាព​របស់​ឈើ។

៦ព្រះ​ជាម្ចាស់​បាន​ប្រទាន​ចំណេះ​ដឹង ឲ្យ​មនុស្ស ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី​រុង​រឿង​របស់​ព្រះអង្គ ពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​នេះ។

៧គ្រូ​ពេទ្យ​តែង​តែ​យក​ធាតុ​ផ្សេងៗ ពី​ស្នា​ព្រះ​ហស្ត​ទាំង​នោះ​មក​ផ្សំ​ជា​ឧសថ ដើម្បី​ព្យាបាល និង​បំបាត់​ការ​ឈឺ​ចាប់។

៨អ្នក​ផ្សំ​ថ្នាំ​លាយ​ជាតិ​ទាំង​នោះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក  មាន​ជីវិត​គង់​វង្ស​តទៅ​មុខ ហើយ​មនុស្ស​ទាំង​អស់​មាន​សុខ​ភាព​ល្អ​នៅ​លើ​ផែន​ដី​ទាំង​មូល ដោយ​សារ​ព្រះ​អង្គ​ដែរ។

៩កូន​អើយ! ប្រសិន​បើ​កូន​ធ្លាក់​ខ្លួន​ឈឺ ចូរ​កុំ​ធ្វេស​ប្រហែស​ទ្បើយ ប៉ុន្តែ ចូរ​ទូល​អង្វរ​ព្រះ​អម្ចាស់ ព្រះ​អង្គ​មុខ​ជា​ប្រោស​កូន​ឲ្យ​បាន​ជា សះ​ស្បើយ​ពុំខាន។

១០ចូរ​លះ​បង់​អំពើ​អាក្រក់​របស់​កូន​ចោល ចូរ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ចូរ​ជំរះ​ចិត្ត​គំនិត​ឲ្យ​បរិសុទ្ធ​វៀរ​ចាក​ពី​អំពើ​បាប។

១១ចូរ​កូន​ថ្វាយ​គ្រឿង​ក្រអូប ដែល​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​ជាម្ចាស់ និង​តង្វាយ​ម្សៅ ចូរ​ច្រូច​ប្រេង​នៅ​លើ​តង្វាយ​តាម​ធន​ធាន​របស់​កូន។

១២បន្ទាប់​មក ចូរ​ទុក​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល​ចុះ ដ្បិត​ព្រះ​អម្ចាស់​ក៏​បាន​បង្កើត​គាត់​ដែរ។ កុំ​ឲ្យ​គ្រូ​ពេទ្យ​នៅ​ឆ្ងាយ​ពី​កូន​ទ្បើយ ព្រោះ​កូន​ត្រូវ​ការ​គាត់​។

១៣ក្នុង​ករណី​ខ្លះ គ្រូ​ពេទ្យ​ដែល​មាន​សត្ថភាព​មុខ​ជា​មើល​កូន​ជា។

១៤ព្រោះ​គ្រូ​ពេទ្យ ក៏​ទូល​អង្វរ​ព្រះ​អម្ចាស់​ដែរ​សូម​ព្រះ​អង្គ​ប្រោស ឲ្យ​គេ​អាច​សំរាល​ការ​ឈឺ​ចាប់​របស់​អ្នក​ជំងឺ​បាន និង​រក​វិធី​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ​ផង។

១៥អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ​ហប្ញទ័យ​របស់​ព្រះអង្គ​ដែល​បង្កើត​ខ្លួន​មក សូម​ឲ្យ​អ្នក​នោះ​ធ្លាក់​ខ្លួន​ជា​អ្នក​ជំងឺ​ចុះ!។

អំពីមរណទុក្ខ
១៦កូន​អើយ! ចូរ​យំ​ស្រណេះ​អ្នក​ដែល​ស្លាប់​នោះ​ចុះ។ ចូរ​រៀប​រាប់​ពី​បុគ្តល​នោះ​ដោយ​ក្តី​ខ្លោច​ផ្សា និង សោក​ស្តាយ​ជា​ខ្លាំង។ ចូរ​កូន​យក​ចិត្ត​ទុក​ដាក់​នឹង​សាក​សព ហើយ​កុំ​ធ្វេស​ប្រហែស​នឹង​ធ្វើ​ផ្នូរ​ឲ្យ​សាក​សព​នោះ​ផង។

១៧ចូរ​សោក​សង្រេង និង ទ្រហោ​យំ​គក់​ទ្រូង​ឲ្យ​ខ្លាំងៗ។ ចូរ​កាន់​ទុក្ខ​ឲ្យ​បាន​សមរម្យ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ  ដើម្យី​ចៀស​វាង​ពាក្យ​រិះ​គន់​ រួច​ចូរ​ខិត​ខំ​រំសាយ​ទុក្ខ​នោះ ឲ្យ​បាន​ធូរ​ស្រាល​ទ្បើង​វិញ។

១៨សេចក្តី​ទុក្ខ​សោក​សង្រេង អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ព្រួយ​ចិត្ត​ហួស​ពេក រមែង​តែង​តែ​ធើ្វ​ឲ្យ​កម្លាំង​ចុះ​អន់​ថយ។

១៩ភាព​អាសន្ន បណ្តាល​ឲ្យ​មាន​ទុក្ខ​ព្រួយ​យ៉ាង​យូរ​  ហើយ​ធ្វើ​ឲ្យ​នឹក​ស្មាន​ថា មាន​ជីវិត​រស់​ជា​ជន​ក្រ​ខ្សត់  ព្រោះ​ទទួល​បណ្តាសា។

២០ចូរ​កុំ​បណ្តោយ​ខ្លួន​ ទៅ​តាម​ទុក្ខ​ព្រួយ​ទ្បើយ ចូរ​កុំ​រំសាយ​ទុក្ខ​នោះ ហើយ​នឹក​គិត​ដល់​អនាគត។

២១ចូរ​កុំ​ភ្លេច​ថា មនុស្ស​ស្លាប់​មិន​ត្រឡប់​មក​វិញ​ទេ  ទុក្ខ​ព្រួយ​របស់​កូន គ្មាន​ប្រយោជន៍​ដល់​អ្នក​ស្លាប់​ទ្បើយ​ហើយ​ធ្វើ​ឲ្យ​កូន​ឈឺ​ចាប់​ផង។

២២ចូរ​កូន​នឹក​គិត​ថា ចុង​បញ្ចប់​របស់​កូន​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​បុគ្គល​នោះ​ដែរ ថ្ងៃ​មុន​ដល់​វេន​គេ ថ្ងៃ​នេះ​ដល់​វេន​របស់​កូន។

២៣កាល​ណា​មនុស្ស​ស្លាប់ គឺ​គេ​សំរាក​ហើយ ចូរ​ឈប់​នឹក​គិត​ដល់​គាត់​ទៅ។ ពេល​ណា​គាត់​ផុត​ដង្ហើម ចូរ​ខំ​កាត់​ចិត្ត កុំ​គិត​ពី​គាត់​ទៀត​ទ្បើយ។

ផលអាក្រក់ នៃមុខរបរផ្សេងៗ
២៤អ្នក​ដែល​ចង់​ទៅ​ជា​ធម្មា​ចារ្យ ប្រកប​ដោយ​ប្រាជ្ញា ត្រូវ​មាន​ពេល​ទំនេរ​ច្រើន។ អ្នក​មិន​សូវ​មាន​កិច្ចការ​ធ្វើ​ច្រើន អាច​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា​បាន។

២៥អ្នក​កាន់​នង្គ័ល អាច​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា​ដូច​ម្តេច​កើត? គេ​អួត​អាង​តែ​ពី​ការ​កាន់​ជ្រលួញ​បញ្ជា​គោ​ប៉ុណ្ណោះ។ គេ​តែង​តែ​ធើ្វការ​នៅ​ឯ​ស្រែ​គ្រប់​ពេល​វេលា ហើយ​និយាយ​តែ​អំពី​កូន​គោ។

២៦គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ភ្ជួរ​រាស់ ហើយ​នៅ​ពេល​យប់​គេ​រវល់​តែ​នឹង​ការ​រក​ស្មៅ​ឲ្យ​គោ​ស៊ី។

២៧ជាង​ឬ​មេ​ជាង​ក៏​ដូច្នេះ​ដែរ គេ​តែង​តែ​រវល់​ទាំង​ថ្ងៃ ទាំង​យប់។ ជាង​ឆ្លាក់​ត្រា​យក​ចិត្ត​ទុក​ដាក់​ឆ្លាក់​រូប​ប្លែកៗ​ពី​គ្នា គេ​ខិត​ខំ​ធ្វើ​ឲ្យ​ដូច​គំរូ​ដើម​ហើយ​នៅ​ពេល​យប់ គេ​បង្ហើយ​កិច្ចការ​របស់​គេ។

២៨ជាង​ដំ​ដែក​អង្គុយ​ក្បែរ​ឡ​គេ គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​វត្ថុ​ដែល​ផលិត​ពី​ដែក។ ចំហាយ​ភ្លើង​ធ្វើ​ឲ្យ​គាត់​បែក​ញើស ហើយ​គាត់​ទប់​ទល់​នឹង​កំដៅ​ឡ​យ៉ាង​យូរ។ ស្នូរ​ញញួរ​លាន់​រំពង​រហូត ហើយ​គាត់​សម្លឹង​មើល គំរូ​នៃ​វត្ថុ​ដែល​គាត់​ត្រូវ​ធ្វើ​នោះ។ គាត់​យក​ចិត្ត​ទុក​ដាក់​បង្ហើយ​កិច្ចការ​របស់​ខ្លួន ហើយ​នៅ​ពេល​យប់​គាត់​កែ​ច្នែ​ស្នា​ដៃ​របស់​គាត់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។

២៩ជាង​ស្មូន​អង្គុយ​ធ្វើការ យក​ជើង​មក​បង្វិល​កង់  ហើយ​រវល់​តែ​ពី​ការ​ងារ​របស់​ខ្លួន​ជានិច្ច ដើម្បី​បង្គ្រប់​តាម​ចំនួន​ដែល​គេ​ត្រូវ​ការ។

៣០គាត់​យក​ដៃ​ច្របាច់​ដី​ឥដ្ឋ រួច​យក​ជើង​ជាន់​ដីឥដ្ឋ​ឲ្យ​ជ្រាយ។ គាត់​យក​ថ្នាំ​មក​លាប​ដោយ​ផ្ចិត​ផ្ចង់ ហើយ​នៅ​ពេល​យប់​គាត់​សំអាត​ឡ។

៣១ជាង​ទាំង​នោះ​ពឹង​ផ្អែក​លើ​ដៃ​របស់​ខ្លួន ហើយ​ម្នាក់ៗ ស្ទាត់​ជំនាញ​តាម​មុខ​របរ​រៀងៗ​ខ្លួន​ដែរ។

៣២ប្រសិន​បើ​គ្មាន​ជាង​ទាំង​នោះ​ទេ គឺ​មិន​អាច​សង់​ក្រុង​បាន​ទ្បើយ គ្មាន​មនុស្ស​រស់​នៅ​ក្នុង​ទី​ក្រុង ហើយ​ក៏​គ្មាន​នរណា​អាច​ធ្វើ​ដំណើរ​ក្នុង​ក្រុង​បាន​ទៀត​ផង។  ប៉ុន្តែ នៅ​សភា​ប្រជា​ជន គ្មាន​នរណា​សួរ​យោបល់​ពី​អ្នក​ទាំង​នោះ​ទេ។

៣៣ក្នុង​អង្គ​ប្រជុំ ពួកគេ​គ្មាន​កន្លែង​កិត្តិយស​នៅ​កន្លែង​ចៅ​ក្រម ក៏​ពួក​គេ​គ្មាន​កន្លែង​ដែរ ពួក​គេ​មិន​យល់​អំពី​ច្បាប់ និង ក្រឹត​ក្រម ពួក​គេ​មិន​ពូកែ​ខាង​ច្បាប់​ទេ។ គេ​មិន​ធ្លាប់​អើ​ពើ​នឹង​សុភា​សិត​ទ្បើយ។

៣៤ប៉ុន្តែ​គេ​ជាប់​ចិត្ត​នឹង​ធម្មជាតិ ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក ហើយ​គេ​ទូល​អង្វរ​ព្រះ​អង្គ​ដើម្បី​ដំណើរ​ការ​ការងារ​របស់​ខ្លួន​គេ​តែ​ប៉ុណ្ណោះ។