បេនស៊ីរ៉ាក់ (៣៥)

១អ្នក​ដែល​គោរព​ប្រតិបត្តិ​ តាម​វិន័យ ក៏​ដូច​ជា​បាន​ថ្វាយ​តង្វាយ​ជា​ច្រើន​អនេក​ដល់​អម្ចាស់។

២អ្នក​ដែល​ជាប់​ជំពាក់​ចិត្ត​នឹង​វិន័យ ក៏​ដូច​ជា​បាន​ថ្វាយ​យញ្ញ​បូជា​មេត្រី​ភាព​ដែរ។

៣អ្នក​ដឹង​គុណ ក៏​ដូច​ជា​បាន​ថ្វាយ​តង្វាយ​ម្សៅ​សុទ្ធ។

៤អ្នក​ចែក​ទាន​ឲ្យ​គេ ក៏​ដូច​ជា​បាន​ថ្វាយ​សក្ការ​បូជា  ដើម្បី​សរសើរ​តម្កើង។

៥អ្នក​ណា​ងាក​ចេញ​ពី​អំពើ​អាក្រក់ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​អម្ចាស់ រីឯ​អ្នក​ដែល​ឃ្លាត​ឆ្ងាយ​ពី​អំពើ​ទុច្ច​រិត ក៏​ដូច​ជា​បាន​ថ្វាយ​យញ្ញ​បូជា  ដើម្បី​ឲ្យ​រួច​ពី​បាប​ដែរ។

៦ប៉ុន្តែ សូម​កុំ​មក​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​ដោយ​ដៃ​ទទេ​ទ្បើយ។

៧ដ្បិត​ព្រះ​អង្គ​បាន​បញ្ជា ​ឲ្យ​ថ្វាយ​សក្ការ​បូជា​ទាំង​នោះ​ផង​ដែរ។

៨តង្វាយ​របស់​មនុស្ស​សុចរិត ពិត​ជា​តង្វាយ​ពេញ​លក្ខណ:​មាន​ក្លិន​ឈ្ងុយ​ឈ្ងប់ ដែល​ហុយ​ទ្បើង​ទៅ​ដល់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។

៩សក្ការ​បូជា​របស់​មនុស្ស​សុចរិត រមែង​គាប់​ព្រះ​ហប្ញទ័យ​របស់​ព្រះ​ជាម្ចាស់​ ព្រះ​អង្គ​មិន​បំភ្លេច​តង្វាយ​ដែល​គេ​ដុត​លើ​អាសន:​ទ្បើយ។

១០ចូរ​លើក​តម្កើង​សិរីរុង​រឿង របស់​ព្រះ​អម្ចាស់​ដោយ​ចិត្ត​ទូលាយ កុំ​មាន​ចិត្ត​ចង្អៀត​ចង្អល់​នៅ​ពេល​ថ្វាយ​ផល​ផ្លែ​ដំបូង​នៃ​កិច្ចការ​របស់​ខ្លួន។

១១ពេល​អ្នក​ថ្វាយ​តង្វាយ​ ចូរ​សំដែង​ទឹក​មុខ​រីក​រាយ  ចូរ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ដោយ​អំណរ។

១២ចូរ​ថ្វាយ​តង្វាយ​ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​តាម​ព្រះ​អំណោយ​ទាន​របស់​ព្រះ​អង្គ ចូរ​មាន​ចិត្ត​ទូលាយ​តាម​កម្លាំង​ធន​ធាន​របស់​អ្នក។

១៣ដ្បិត​ព្រះ​អម្ចាស់​តែង​តែ​សង​វិញ​មួយ​ជា​ប្រាំ​ពីរ​ពុំខាន។

១៤កុំ​ប្រើ​តង្វាយ ដើម្បី​ទិញ​យក​ការ​អនុគ្រោះ​ពី​ព្រះ​អង្គ​ទ្បើយ ដ្បិត​ព្រះអង្គ​មិន​ព្រម​ទទួល​សំណូក​ពី​នរណា​ទេ។

១៥កុំ​ពឹង​លើ​សក្ការ​បូជា​ដ៏​ទុច្ចរិត ដ្បិត​ព្រះ​អម្ចាស់​ជា​ចៅ​ក្រម ព្រះ​អង្គ​វិនិច្ឆ័យ ដោយ​មិន​រើស​មុខ។

១៦ព្រះ​អង្គ​មិន​ធើ្វ​ឲ្យ​ខូច ប្រយោជន៍​របស់​អ្នក​ក្រ​ខ្សត់ ព្រះ​តែង​តែ​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន។

១៧ព្រះ​អង្គ​មិន​ដែល​ព្រងើយ​កន្តើយ​ នឹង​ក្មេង​កំព្រា  ព្រម​ទាំង​ពាក្យ​ត្អូញ​ត្អែរ​របស់​ស្រ្តី​មេ​ម៉ាយ​ទេ។

១៨ទឹក​ភ្នែក​ហូរ​នៅ​លើ​ថ្ពាល់។

១៩និង​សំរែក​របស់​នាង រមែង​ចោទ​ប្រកាន់​ជន​ដែល​ធើ្វ​ឲ្យ​នាង​យំ​ស្រែក​ដូច្នេះ។

២០អ្នក​គោរព​បំរើ​ព្រះ​ជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ពិត​ជា​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​អង្គ ហើយ​ពាក្យ​សុំ​របស់​គេ នឹង​ទ្បើង​ទៅ​ដល់​ព្រះ​អង្គ។

២១ពាក្យ​អង្វរ​របស់​មនុស្ស​ទន់​ទាប ពិត​ជា​រសាត់​ទៅ​ដល់​ស្ថាន​បរម​សុខ។ បើ​ព្រះ​អម្ចាស់​មិន​ឆ្លើយ​តប​ទេ គេ​មិន​ព្រម​ឈប់​ព្រួយ​ទ្បើយ គេ​នៅ​តែ​ទទូច​អង្វរ​ឥត​ឈប់​ឈរ ទាល់​តែ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​អាណិត​គេ។ ២២ព្រះ​អង្គ​វិនិច្ឆ័យ និង​រក​យុត្តិ​ធម៌​ឲ្យ​គេ។ ព្រះ​អម្ចាស់​មិន​បង្អែ​បង្អង់​ទេ ព្រះ​អង្គ​គ្មាន​ព្រះ​ហប្ញទ័យ​អត់​ធ្មត់ ចំពោះ​ជន​ដែល​ធើ្វ​បាប​មនុស្ស​សុច​រិត​ទ្បើយ  ព្រះ​អង្គ​បំបាក់​ខ្នង​របស់​ជន​ទាំង​នោះ​ឥត​ត្រា​ប្រណី។

២៣ព្រះ​អង្គ​នឹង​សង​សឹក​ដាក់​ទោស​ប្រជា​ជាតិ​នានា  ព្រះ​អង្គ​ដក​មហា​ជន​ព្រហើន​ចេញ ហើយ​កំទេច​អំណាច​របស់​ជន​ទុច្ចរិត​ទាំង​នោះ។

២៤ព្រះ​អង្គ​នឹង​ប្រទាន​រង្វាន់​ឲ្យ​មនុស្ស​ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ព្រះអង្គ​ក៏​វិនិច្ឆ័យ​កិច្ចការ​របស់​មនុស្ស តាម​ចិត្ត​គំនិត​របស់​គេ​ដែរ។

២៥នៅ​ទី​បំផុត ព្រះ​អង្គ​នឹង​រក​យុត្តិ​ធម៌​ឲ្យ​ប្រជា​រាស្រ្ត​របស់​ព្រះអង្គ ព្រះ​អង្គ​ប្រោស​ប្រទាន​ឲ្យ​គេ​បាន​អំណរ​សប្បាយ ដោយ​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ។

២៦នៅ​ពេល​មាន​អាសន្ន មនុស្ស​ម្នា​រង់​ចាំ​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ ដូច​គេ​រង់​ចាំ​ទឹក​ភ្លៀង នៅ​ពេល​រាំង​ស្ងួត​ដែរ